(ភ្នំពេញ)៖ កន្លងទៅថ្មីៗនេះ មានការព័ត៌មានចែកចាយជាបន្ដបន្ទាប់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងធ្វើការការផ្លាស់ប្ដូរមន្ដ្រីបម្រើការងារ នៅតាមបណ្ដាស្ថានីយជញ្ជីងថ្លឹងរថយន្ដទូទាំង២៧ទីតាំង។
ដើម្បីបញ្ជាក់កាន់តែច្បាស់អំពីព័ត៌មាននេះ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០នេះ បានចេញមកអះអាងថា រហូតមកដល់ពេលនេះ មិនមានការផ្លាស់ប្ដូរមន្ដ្រីបម្រើការងារ នៅស្ថានីយជញ្ជីងថ្លឹងរថយន្ដណាមួយនៅឡើយទេ។
តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងយ៉ាងដូច្នេះថា «រហូតមកដល់ពេលនេះ ក្រសួងមិនទាន់មាន ការផ្លាស់ប្ដូរមន្ដ្រីបម្រើការងារ នៅស្ថានីយជញ្ជីងថ្លឹងរថយន្ដណាម្នាក់នៅឡើយទេ។ ក្នុងករណីមានការផ្លាស់ប្ដូរ ក្រសួងនឹងរៀបចំអនុវត្តទៅតាមនីតិវិធីច្បាប់ ជាធរមាន»។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងសាធារណការ ក៏បានច្រានចោលនូវព័ត៌មានទាំងអស់ ដែលផ្សព្វផ្សាយមិនពិតពាក់ព័ន្ធនឹងការផ្លាស់ប្ដូរនេះ៕