(ស្វាយរៀង)៖ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០នេះ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច អមដំណើរដោយ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, លោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត, លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងសហការី នាំយកបច្ច័យ ទេយ្យទាន ចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារសពកម្មករសំណង់ ដែលរងគ្រោះដោយសារបាក់អគារកម្ពស់៦ជាន់សង្កត់ស្លាប់ និងរបួសនៅខេត្តកែប។
ក្នុងមរណៈទុក្ខដ៏ក្រៀមក្រំក្តុកក្តួលក្រៃលែងនេះ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំនូវប្រសាសន៍របស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារសព ដែលត្រូវបាត់បង់ប្តី ភរិយា និងកូនៗជាទីស្រលាញ់ស្មើកែវភ្នែក ដែលកំពុងស្រលាញ់ពេញបេះដូង ក៏ដូចជាបាត់បង់នូវធនធានមនុស្សដ៏មានសារសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ក្នុងករណីនេះ ពិតជាក្តុកក្តួលក្រៃលែងដែលក្រុមគ្រួសារនេះ បានខិតខំធ្វើការហើយជួបរឿង អកុសលបែបនេះ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន សូមឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធសព បានទៅឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ក្រុមគ្រួសារសព បានសម្ដែងក្តីរំភើប និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចតែងតែ យកចិត្តទុកដាក់រាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ មិនថាក្នុងកាលៈទេសៈ ឬពេលវេលាណាមួយឡើយ និងសូមគោរពជូនពរសម្តេច មានសុខភាពល្អបរិបូរណ៍ មានជន្មាយុយឺនយូរ ដើម្បីដឹកនាំការងារមនុស្សធម៌បន្តទៀត។
សូមបញ្ជាក់ថា សម្ភារដែលសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ចូលបុណ្យរួមមាន អង្ករ២០០គីឡូក្រាម, ទឹក្រូច៤កេស, ទឹកសុទ្ធ ៤កេស និងបច្ច័យចំនួន ៤លានរៀល។ ដោយឡែកលោកស្រី ម៉ែន សំអន និងក្រុមការងារបាននាំថវិកាចូលបុណ្យ ជាង៩០លានរៀលផងដែរ៕