(ភ្នំពេញ)៖ គិតមកដល់ឆ្នាំ២០១៩ នៅប្រទេសកម្ពុជា មានប្រជាជនប្រើប្រាស់ទូរស័ព្ទចល័តរហូតដល់២២.០៧លានស៊ីមកាត ដែលច្រើននឹងស្មើនឹង១៣៥.៥០% នៃចំនួនប្រជាជនកម្ពុជាសរុប។ នេះបើតាមការបញ្ជាក់របស់លោក អ៉ឹម វុត្ថា សមាជិក និងជាអ្នកនាំពាក្យនិយ័តករទូរគមនាគមន៍កម្ពុជា ថ្លែងក្នុងកិច្ចសម្ភាសកម្មវិធីភ្ញៀវពិសេស ប្រចាំសប្តាហ៍របស់ទូរទស្សន៍ Fresh News។
លោកបន្តថា ក្នុងចំណោមបងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់ទូរស័ព្ទចល័តជាង២២លានស៊ីមកាតនេះ មានអ្នកភ្ជាប់អ៊ីនធឺណិតចល័ត (Internet) ចំនួនរហូដល់១៦.៧៥លានស៊ីមកាត ដែលស្មើនឹង១០២.៨៨% នៃចំនួនប្រជាជនកម្ពុជាសរុប។
ចំពោះអ្នកប្រើប្រាស់ Facebook ប្រជាជនកម្ពុជាបានបើក និងប្រើប្រាស់គណនីបណ្តាញសង្គមហ្វេសបុក មានចំនួនសរុបប្រមាណ៨.៨លានគណនី គិតត្រឹមឆមាសទី១ ឆ្នាំ២០១៩។
លោក អ៊ឹម វុត្ថា បញ្ជាក់ទៀតថា សម្រាប់អ្នកជួលជាវ និងប្រើប្រាស់ទូរស័ព្ទអចល័តវិញ មានចំនួនសរុប៥៩,៤១៥ខ្សែត្រូវនឹង០.៣៦%នៃចំនួនប្រជាជនកម្ពុជាសរុប ខណៈដែលចំនួនអ្នកជួលជាវ និងតភ្ជាប់បណ្តាញអ៉ីនធឺណិតអចល័ត មានសរុបចំនួន ២១៥,១៦៥ខ្សែប៉ុណ្ណោះ។
លោកបន្ថែមថា ការស្ថាបនាបណ្តាញខ្សែកាប្លិ៍អុបទិកនៅទូទាំងប្រទេស គិតមកដល់ឆ្នាំ២០១៩ មានប្រវែងសរុបប្រមាណជា៤២,៦៩៣គីឡូម៉ែត្រ ហើយសម្រាប់ការតភ្ជាប់បណ្តាញកាប្លិ៍អុបទិកក្រោមបាតសមុទ្រ ដោយផ្ទាល់ជាមួយសហគមកាប្លិ៍ក្រោមបាតសមុទ្រអន្តរជាតិចំនួន២ គឺ AAE-1 (Asia Africa and Europe-1) & MCT (Malaysia-Cambodia-Thailand)។ លោកថា ការតភ្ជាប់ខ្សែកាបក្រោមបាតសមុទ្រនេះ បានបញ្ចៀបការតភ្ជាប់មិនដោយផ្ទាល់ឆ្លងកាត់ប្រទេសជិតខាង និងបណ្តាលឲ្យការប្រើប្រាស់សេវាអ៉ិនធឺណិតមានតម្លៃថោកសមរម្យ។
អ្នកនាំពាក្យរូបនេះបានពន្យល់ថា កំណើននៃការប្រើប្រាស់សេវាអ៉ីនធឺណិតចល័ត ដោយសារតែកម្ពុជាមានសុខសន្តិភាព និងដាក់ចេញនូវគោលនយោបាយ និងការកែទម្រង់ស៊ីជម្រៅច្បាស់លាស់ របស់រាជរដ្ឋាភិបាល នីតិកាលទី ៦ នៃរដ្ឋសភាជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាពិសេសការដាក់ចេញនូយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី ៤ ដែលផ្តោតលើការជំរុញក្នុងការអភិវឌ្ឍ លើផ្នែកសេដ្ឋកិច្ចឌីជីថល ក្នុងដំណើរឆ្ពោះទៅរកបដិវត្តន៍ឧស្សាហកម្ម៤.០។
លោកបន្តឲ្យដឹងទៀតថា ការនិយមរបស់ក្រសួង ស្ថាប័នរដ្ឋមួយចំនួន និងអ្នកវិនិយោគិនឯកជន ព្រមទាំងអាជីវករ និងប្រជាជនទូទៅ ចូលចិត្តប្រើប្រាស់សេវាអនឡាន និងការធ្វើពាណិជ្ជកិច្ចតាមប្រព័ន្ធអេឡិកត្រូនិក ទន្ទឹមនឹងកម្ពុជាទើបតែបានអនុម័តច្បាប់ ស្តីពីសេដ្ឋកិច្ចកិច្ចអេឡិកត្រូនិក និងច្បាប់ស្តីកិច្ចការពារអ្នកប្រើប្រាស់ និងកំពុងតែជម្រុញក្នុងការរៀបចំសាកល្បងដំណើរការបណ្តាញទូរគមនាគមន៍ជំនាន់ទី៥ ដែលជាហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល ព្រមទាំងរៀបចំច្បាប់ និងបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹងសេដ្ឋកិច្ចឌីឌីថលនេះ និងសុខសុវត្ថិភាពបណ្តាញពីឧក្រឹដ្ឋកម្មបច្ចេកវិទ្យា ដែលសុទ្ធសឹងជាទំនុកចិត្ត ក្នុងការប្រើប្រាស់ឌីជីថល ដែលជាតួនាទីដ៏សំខាន់ដែលមិនអាចខ្វះបាន គឺបណ្តាញអ៉ីនធឺណិតល្បឿនលឿនចល័ត។
ជាមួយគ្នានេះ ការបង្កើតឲ្យមានកម្មវិធីប្រើប្រាស់ឌីជីថលជាច្រើន ដូចជា ខាងវិស័យដឹកជញ្ជូន (តុកតុក តាក់ស៊ី ជាមួយ PassApps, WeGo, and other Apps), សេវាទិញទំនិញតាមអនឡាញ, សេវាផ្ទេរប្រាក់តាមបណ្តាញទូរស័ព្ទចល័ត (ដូចជា Wings, E.Money, Dara Pay...) និងប្រជាប្រិយភាពនៃការប្រើប្រាស់បណ្តាញសង្គម , ព្រមទាំងសេវាស្នើសុំលិខិតឆ្លងដែន សេវាស្នើសុំឯកសារយាន្តយន្ត និងការស្នើសុំដទៃទៀត តាមអនឡាញ របស់ស្ថាប័នរដ្ឋនិងឯកជន ។ល។ ទាំងនេះហើយជាចលករ ក្នុងការធ្វើឲ្យមានតម្រូវការបណ្តាញអ៉ីនធឺណិត៕