(ភ្នំពេញ)៖ លោក ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០នេះ បានចេញសារលិខិតរំលែកទុក្ខ ជូនចំពោះក្រុមគ្រួសារ និងសាច់ញាតិនៃជនរងគ្រោះ ក្នុងសោកនាដកម្មរលំបាក់អគារ នៅខេត្តកែប។
សារលិខិតរំលែកទុក្ខបានឲ្យដឹងថា «ក្នុងនាមសមាជិក សមាជិកា នៃសមាគមមិត្តភាពកម្ពុជា-ចិន និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីរន្ធត់ តក់ស្លុត និងសោកស្តាយបំផុត ចំពោះឧបទ្ទវហេតុ នៃការរលំបាក់អគារកម្ពស់ ប្រាំមួយជាន់ ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ដែលបណ្តាលឲ្យកម្មករ កម្មការិនី ដែលបម្រើការងារនៅការដ្ឋានសាងសង់នោះ បានបាត់បង់អាយុជីវិតចំនួន៣៦នាក់ និងរងរបួសចំនួន២៣នាក់ បន្ទាប់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី បានដឹកនាំក្រុមការងារអាជ្ញាធរ មានសមត្ថកិច្ចបានខិតខំយ៉ាងសស្រាក់ គ្រប់មធ្យោបាយជួយសង្គ្រោះជនរងគ្រោះ»។
សមាគមមិត្តភាពកម្ពុជា-ចិន សូមចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំ និងសោកស្តាយជាទីបំផុត ជាមួយក្រុមគ្រួសារ និងសាច់ញាតិនៃសព និងជនរងគ្រោះទាំងអស់ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ អ្នកដែលបានបាត់បង់ជីវិតទាំងអស់ ឆាប់បានយោនយកកំណើតសោយសុខ ក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើង ព្រមទាំងជូនពរដល់បងប្អូនកម្មករ កម្មការិនីដែលរងរបួស កំពុងសម្រាកព្យាបាលរបួស សូមឆាប់ជាសះស្បើយ និងបានវិលត្រឡប់មកប្រកបជីវភាពរស់នៅជាប្រក្រតីឡើងវិញ។
សមាគមមិត្តភាពកម្ពុជា-ចិន មានជំនឿយ៉ាងមុតមាំ និងសូមគាំទ្ររាល់ចំណាត់ការដ៏មានប្រសិទ្ធភាពបំផុត របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីជំនះ នូវរាល់បញ្ហាប្រឈមទាំង សូមក្រុមគ្រួសារ សាច់ញាតិ បងប្អូន កូនក្មួយនៃសព និងជនរងគ្រោះទាំងអស់ មេត្តាទទួលនូវសេចក្តីគោរពស្រឡាញ់ ដ៏ជ្រាលជ្រៅបំផុតអំពីសមាគមមិត្តភាព កម្ពុជា-ចិន។
សូមបញ្ជាក់ថា អគារកម្ពស់៦ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប បានបាក់រលំនៅវេលាម៉ោងប្រមាណ ៤៖៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០។ ករណីរលំអគារនេះ បណ្តាលឲ្យមានមនុស្សស្លាប់៣៦នាក់ (ស្រី១៤នាក់) និងរងរបួសធ្ងន់ស្រាល២៣នាក់ (ប្រុស១៥ ស្រី៨នាក់)៕