(ភ្នំពេញ)៖ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ដែលមានលោក នុត សាអាន ជាប្រធាន បានផ្ញើសារលិខិតរំលែកទុក្ខ ជូនចំពោះក្រុមគ្រួសារ និងសាច់ញាតិជនរងគ្រោះទាំងអស់ ក្នុងសោកនាដកម្មរលំអគារ ក្នុងខេត្តកែប។ នេះបើតាមសារលិខិតរំលែកទុក្ខ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០។
សារលិខិតរំលែកទុក្ខ របស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានឲ្យដឹងថា «ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ក្នុងគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ពិតជាមានសេចក្ដីរន្ធត់តក់ស្លុត និងសោកស្ដាយយ៉ាងក្រៃលែងបំផុត ចំពោះសោកនាដកម្ម នៃការរលំបាក់អគារកម្ពស់ប្រាំពីរជាន់ កាលពីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ស្ថិតនៅភូមិកែប ក្រុងកែប ខេត្តកែប ដែលបណ្ដាលឲ្យមាន កម្មករ កម្មការិនី បម្រើការនៅការដ្ឋាននោះ បានបាត់បង់ជីវិត ចំនួន៣៦នាក់ និងរងរបួសចំនួន២៣នាក់។ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ បងប្អូនកូនក្មួយ ទៅកាន់សុគតិភពកុំបី ឃ្លៀងឃ្លាតឡើយ និងសូមជូនពរ បងប្អូន កូនក្មួយមានរបូស ដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យបង្អែក ខេត្តកែប សូមឆាប់ជាសះស្បើយ និងបានវិលមកប្រកបជីវភាពរស់នៅជាធម្មតាវិញ»៕
សូមបញ្ជាក់ថា អគារកម្ពស់៦ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប បានបាក់រលំនៅវេលាម៉ោងប្រមាណ ៤៖៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០។ ករណីរលំអគារនេះ បណ្តាលឲ្យមានមនុស្សស្លាប់៣៦នាក់ (ស្រី១៤នាក់) និងរងរបួសធ្ងន់ស្រាល២៣នាក់ (ប្រុស១៥ ស្រី៨នាក់)៕