(កំពត)៖ ដើម្បីចូលរួមជាមួយក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាលើកស្ទួយវិស័យអប់រំ នៅតាមមូលដ្ឋានដាច់ស្រយាលនៅកម្ពុជា សប្បុរសជនខ្មែររស់នៅសហរដ្ឋអាមេរិក មួយក្រុមបានចំណាយថវិកាជិត៥ពាន់ដុល្លារ សាងសង់អគារសិក្សាថ្មីនៃសាលាបឋមសិក្សា ដែលស្ថិតនៅភូមិពង្រក ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។
សប្បុរសជនខ្មែរ ដែលរស់នៅអាមេរិក១ក្រុមនេះ មានឈ្មោះ ដេវីត សេង, អ្នកស្រី មូនិ ដាវ៉ាន់ថា និងអ្នកស្រី ពុទ្ធារី ហើយអគារសិក្សាថ្មី ដែលសាងសង់ជូនកូនសិស្សនៅតំបន់ដាច់ស្រយាល ខេត្តកំពតនាពេលនេះ អាចឱ្យកូនសិស្សចំនួន៥០នាក់ ទទួលបានបន្ទប់សិក្សាសមរម្យ និងមានផាសុកភាព។
ជាមួយនឹងការសាងសង់អគាសិក្សាថ្មីនេះដែរ សប្បុរសជនក៏បានបំពាក់សម្ភារសិក្សាមួយចំនួនរួមមាន៖ តុ កៅអី សៀវភៅ ប៊ិច កាតាប និងថវិកាមួយចំនួន ហើយការសាងសង់សាលានៅតំបន់ដាច់ស្រយាលនេះ គឺសបញ្ជាក់ឱ្យឃើញថា ទោះបីជាប្រជាពលរដ្ឋខ្មែរ រស់នៅក្រៅស្រុកក៏ភ្លេច ពីសុខទុក្ខរបស់ប្រជាពលខ្មែរ ព្រមទាំងការសិក្សារបស់កុមារតូចៗនៅកម្ពុជា។
តាមរយៈការសាងសង់អគារសិក្សាថ្មីនេះ គឺបង្ហាញពីការចែករំលែក ជាសិល្បៈចូលរួម ដើម្បីជួយប្រជាពលរដ្ឋហើយ ការសង់សាលារៀននេះ គឺជាវិធីធ្វើទានដ៏ធំបំផុត ដើម្បីជួយប្រជារាស្ត្រឱ្យមានចំណេះដឹង និងមានឱកាសចូលរៀន។ ទោះបីរដ្ឋាភិបាលកំពុងខ្នះខ្នែង និងខិតខំគ្រប់វិធីសាស្ត្រ ដើម្បីធ្វើឱ្យវិស័យអប់រំនៅកម្ពុជា មានការរីកចម្រើន ក៏ដោយប៉ុន្តែ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ក៏ត្រូវចូលរួមចំណែកជួយអ្វីតាមដែលអាចធ្វើបាន ដើម្បីអភិវឌ្ឍន៍ វិស័យអប់រំ។
ជាការពិតណាស់សាលារៀន គឺជាថ្នាលបណ្តុះបណ្តាលចំណេះដឹង និងជាស្ពានចម្លងគ្រោះអវិជ្ជាសម្រាប់ក្មួយៗ និងប្អូនៗ ក្នុងការស្វែង រកអនាគតរបស់ខ្លួន ដើម្បីចិញ្ចឹមជីវិត និងគ្រួសារ រស់នៅក្នុងភាពសុខក្សេមក្សាន្ត ព្រោះចំណេះដឹងអាចជួយស្រោចស្រង់ជីវិតមនុស្ស ឱ្យរួចផុតពីភាពក្រខ្សត់បាន៕