(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងប្រជាពលរដ្ឋជិត៩ពាន់នាក់ បានថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចំនួន៥៨៧នាក់ ដែលបានចុះពិនិត្យព្យាបាលជំងឺ និងចែកថ្នាំជូនដោយឥតគិតថ្លៃ ដែលជាអំណោយថ្នាំពេទ្យរបស់លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភាកម្ពុជា និងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
ការថ្លែងអំណរគុណរបស់លោកអភិបាលខេត្តត្បូងឃ្មុំ និងពលរដ្ឋស្រុកមេមត់ជិត៩ពាន់នាក់នេះ ធ្វើឡើងនាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ក្នុងឱកាសដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដែលដឹកនាំដោយលោក លេង ផាលី ប្រធានក្រុមការងារ និងមានការសហការជាមួយនឹងថ្នាក់ដឹកនាំជាច្រើននាក់ បានចុះពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅវិទ្យាល័យមេមត់ ភូមិសង្គមមានជ័យ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
លោក ជាម ច័ន្ទសោភ័ណ បញ្ជាក់ថា ប្រជាពលរដ្ឋក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ សូមថ្លែងអំណរគុណលោក ហ៊ុន ម៉ានី ជាអ្នកតំណាងរាស្រ្តវ័យក្មេងសម្រាប់កម្ពុជា ប្រធានគណៈកម្មការទី៧ រដ្ឋសភានៃកម្ពុជា, ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ដែលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋទូទាំងប្រទេស ពិសេសក្នុងខេត្តត្បូងឃ្មុំ តាមរយៈក្រុមការងារគ្រួពេទ្យស្ម័គ្រចិត្ត ដែលចុះមកស្រុកមេមត់ខេត្តត្បូងឃ្មុំ នាពេលនេះ។
លោកបន្ថែមថា «បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ ព្រោះសុខភាពគឺកត្តាចម្បងទី១ ក្នុងការសម្រេចគ្រប់ការងារទាំងបច្ចុប្បន្ន និងនៅអនាគត»។
លោកបានបញ្ជាក់ឲ្យដឹងថា បើតាមផែនការពិនិត្យ ព្យាបាលជូនពលរដ្ឋដោយឥតគិតថ្លៃ ក្នុងចំនួនប្រមាណ២០០០នាក់ប៉ុណ្ណោះ តែជាក់ស្ដែងនៅថ្ងៃនេះ ក្រុមគ្រូពេទ្យដែលពោរពេញដោយជំនាញសមត្ថភាព និងមានបេះដូងមនុស្សធម៌ សែនកក់ក្តៅ បានបន្តពិនិត្យព្យាបាលរហូតទៅដល់ប្រមាណ៦០០០នាក់។ នេះគឺជាទឹកចិត្តមនុស្សធម៍មិនអាចកាត់ថ្លៃបាន ចំពោះពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ក៏ដូចជាទូទាំងប្រទេសទាំងមូល។
លោកអភិបាលខេត្ត គូសបញ្ជាក់ថា នេះជាលើកទី៣ហើយ ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដែលដឹកនាំដោយលោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះមកពិនិត្យព្យាបាលនិងផ្ដល់ថ្នាំពេទ្យដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ដោយក្នុងនោះលោកក៏សង្ឃឹមថា លោកគ្រូអ្នកគ្រូពេទ្យដែលស្ម័គ្រចិត្តទាំងអស់នេះ នឹងបន្តចុះជួយពិនិត្យព្យាបាលដល់ប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំជាបន្តទៀតផងដែរ។
ជាមួយគ្នានេះដែរ លោក លេង ផាលី បានឲ្យដឹងថា ជំងឺដែលបានព្យាបាលជូនប្រជាពលរដ្ឋរួមមាន៖ ជំងឺទូទៅ ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឫសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ករ ជំងឺតម្រងនោម អេកូសាស្ត្រ ម៉ាស៊ីនផ្លុំរកមេរោគក្រពះតាមរយះខ្យល់ដង្ហើម វាស់ចង្វាក់បេះដូង ផ្នែកប្រព័ន្ធប្រសាទនិងបំបាត់ការឈឺចុកចាប់ មន្ទីរពិសោធន៍(វិភាគឈាម) វះកាត់តូច និងព្យាបាលរបួស ...។ល។
លោកបន្ថែមថា ក្នុងរយៈពេល៨៥ខែ គិតចាប់ពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១២ ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះ គឺមានរយៈពេល៨ឆ្នាំមកហើយ ដែលគិតចាប់ពីថ្ងៃបង្កើត ដោយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋបាន ចំនួន២១១លើក ជាពិសេសដោយមានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានចូលរួមចំនួន៤២៧៥នាក់ (បួនពាន់ពីរយចិតសិបប្រាំនាក់) បានពិនិត្យ និងព្យាបាលជំងឺ ព្រមទាំងចែកថ្នាំដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋបានចំនួន៥០៧,០៦១នាក់ (ហាសិបម៉ឺនប្រាំពីរពាន់សូន្យរយហុកសិបមួយនាក់) ក្នុងនោះស្ត្រីមានចំនួន៣៤១៣៧៨នាក់ (សាមសិបបួនម៉ឺនមួយពាន់បីរយចិតសិប ប្រាំបីនាក់)។
បើតាមរបាយការណ៍ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចុះទៅពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ នៅស្រុកស្រុកមេមត់ ខេត្តស្វាយរៀង បានបង្ហាញឲ្យឃើញថា៖ ជំងឺកុមារ៣១០នាក់, ជំងឺស្រ្តី២៤១នាក់, ជំងឺផ្លូវចិត្ត២៦១នាក់, ជំងឺឫសដូងបាត៣០១នាក់, ជំងឺសន្លាក់ឆ្អឹង១២៩នាក់, ជំងឺរលាកសួត១០៧នាក់, ជំងឺត្រចៀក ច្រមុះបំពង់ក១៩៧នាក់, ជំងឺភ្នែក២៧១នាក់, ជំងឺសើរស្បែក២០៤នាក់, ជំងឺទឹកនោមផ្អែ៤៩៧នាក់, ជំងឺមាត់ធ្មេញ១៦១នាក់, អេកូសាស្ត្រ៥២៦នាក់, ម៉ាស៊ីនផ្លុំរកមេរោគក្រពះតាមរយៈខ្យល់ដង្ហើម១០៩នាក់, វាស់ចង្វាក់បេះដូង២១៩នាក់, ផ្នែកប្រព័ន្ធប្រសាទ និងបំបាត់ការឈឺចុកចាប់២៣៩នាក់, វិភាគឈាមនិងបន្ទប់ពិសោធន៍៦៨១នាក់, ព្យាបាលរបួសនិងវះកាត់តូច៨៧នាក់ និងជំងឺទូទៅ៤,២៦៥នាក់៕