(ភ្នំពេញ)៖ នៅដើមឆ្នាំថ្មី ២០២០នេះ មានគម្រោងវិនិយោគចំនួន៤ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តឲ្យដំណើរការ ជាមួយទុនវិនិយោគសរុបជាង១៧លានដុល្លារអាមេរិក និងផ្តល់ការងារថ្មីជាច្រើនពាន់កន្លែង។
Facebook ផ្លូវការរបស់ CDC បានចុះផ្សាយនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០នេះថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនទាំង៤ដូចខាងក្រោម៖
១៖ ក្រុមហ៊ុន SUN AWESOME GARMENT CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងបោកគក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកប្បាស ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ៦.៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៦១០នាក់។
២៖ ក្រុមហ៊ុន FAMOUS LEATHERWARE (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅដីទ្បូតិ៍លេខ១,៥២៩ (អគារលេខ៧ និងលេខ៨) ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៥.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣១៤នាក់។
៣៖ ក្រុមហ៊ុន XIN HAK MUY MAKE CLOTHES ASSIST MATERIAL CO., LTD. គម្រោងបង្កើតរោងចក្រត្បាញខ្សែបន្ទះ ខ្សែយឺត និងអំបោះដេរ ដែលមានទីតាំងវិនិយោគ ស្ថិតនៅផ្លូវលេខ២៧១ ភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ២.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២៣២នាក់។
៤៖ ក្រុមហ៊ុន KIMBAO BAG INDUSTRY CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូប និងថង់យួរគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ២.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៣៤នាក់៕