(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំក្រុមការងារថ្នាក់ខេត្ត ពិនិត្យពិភាក្សានិងសម្រេចលើសំណើរបស់រដ្ឋបាលក្រុង ស្រុកក្នុងដំណើរការសមាហរណកម្មបុគ្គលិក ទៅក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង-ស្រុក។
ក្នុងកិច្ចប្រជុំក៏មានការផ្សព្វផ្សាយសេចក្ដីណែនាំ លេខ០៥៥ ស.ណ.ន របស់ក្រសួងមហាផ្ទៃ ស្ដីពីការធានានិរន្តរភាពការងាររដ្ឋបាល និងការផ្ដល់សេវាក្នុងដំណើរការរៀបចំរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង-ស្រុកផងដែរ។
លោក ជាវ តាយ បានចាត់ទុកកិច្ចប្រជុំនាពេលនេះ គឺជាការងារចាំបាច់ក្នុងការអនុវត្តនូវកំណែទម្រង់ថ្មី ស្របទៅនឹងគោលនយោបាយ កំណែទម្រង់តាមបែបវិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាលកម្ពុជា គឺក្នុងន័យឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ កាន់តែមានស្វ័យភាព ដើម្បីបម្រើសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់។
លោកអភិបាលខេត្ត ក៏បានលើកបញ្ជាក់ទៀតថា ដោយផ្អែកលើនយោបាយកំណែទម្រង់នេះ ដូច្នេះសូមឲ្យក្រុមការងារទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ធ្វើការងារនេះឱ្យបានរួសរាន់ ដើម្បីរៀបចំបញ្ជូនទៅ គ.ជ.អ.ប ពិនិត្យ សម្រេច បានទាន់ពេលវេលា តាមសេចក្ដីណែនាំ និងតាមការកំណត់របស់ថ្នាក់ជាតិ ដែលកំពុងពន្លឿនលើការងារសមាហរណកម្ម បុគ្គលិកនៃរដ្ឋបាលថ្នាក់ក្រោមជាតិដែលនឹងដំណើរការអនុវត្ត នូវរចនាសម្ព័ន្ធថ្មី ក្នុងខែមករាឆ្នាំ២០២០ ខាងមុខនេះ។
ជាមួយគ្នានេះ លោកបានសំណូមពរស្នើឱ្យនាយករដ្ឋបាលខេត្ត ធ្វើការផ្សព្វផ្សាយខ្លឹមសារលិខិតលេខ ០៥៥ស.ណ.ន ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃស្ដីពីការធានានិរន្តរ៍ភាពការងាររដ្ឋបាល និងការផ្ដល់សេវាក្នុងដំណើរការរៀបចំរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង -ស្រុក ខណ្ឌ៕