(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០នេះ លោក តឹករេត សំរេច តំណាងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យសព កម្មករចំនួន០៥នាក់ នៅខេត្តព្រះសីហនុ ដែលបានបាត់បង់ជីវិតទាំងគ្រួសារចំនួន០២គ្រួសារ ក្នុងហេតុការណ៍បាក់រលំអគារនៅខេត្តកែប។
ស្ថិតក្នុងបរិយាកាសដ៏ក្រៀមក្រំនេះ លោក និងសហការី បានសម្ដែងនូវការសោកស្តាយ និងបានចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារសព ដែលបានជួបគ្រោះថ្នាក់ដ៏គួររន្ធត់នេះ និងបានបួងសួងសូមឲ្យវិញ្ញាណក្ខន្ធនៃសពទាំងអស់ បានទៅកើតនៅឋានបរមសុខ។
លោកក៏បានចូលរួមបច្ច័យរបស់ក្រុមការងារថ្នាក់កណ្តាលដល់គ្រួសារសព ដែលស្លាប់មួយគ្រួសារ ដោយសពម្នាក់ទទួលបាន២លានរៀល សរុបចំនួន៨លានរៀល និងសពកម្មករម្នាក់ទៀត ចំនួន៣លានរៀល ព្រមទាំងថវិកា និងសម្ភារឧបត្ថម្ភបន្ថែមមួយចំនួនទៀតពី រដ្ឋបាលខេត្ត-ក្រុងព្រះសីហនុ ផងដែរ។
ជាមួយគ្នានេះ ម្តាយ ប្រពន្ធ និងសាច់ញាតិនៃសព បានសម្ដែងភាពសោកសៅ និងថ្លែងអំណរគុណដល់ប្រមុខរដ្ឋាភិបាល ថ្នាក់ដឹកនាំ និងសប្បុរសជនទាំងអស់ ដែលបានយកចិត្តដាក់ចំពោះក្រុមគ្រួសារគាត់ ដែលរងគ្រោះអកុសលនាពេលនេះ។
សូមបញ្ជាក់ថា ការរៀបចំពិធីបុណ្យសពនេះ រដ្ឋបាលខេត្តព្រះសីហនុ ជាអ្នកទទួលបន្ទុកទាំងស្រុង។ ពិធីនេះបានធ្វើឡើងពីរកន្លែងដាច់ពីគ្នា មួយគ្រួសារ មានសមាជិកចំនួន០៤នាក់ ធ្វើបុណ្យនៅវត្តជោតញាណ ហៅវត្តលើ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ។ គ្រួសារសពមួយទៀត ប្តី ត្រូវម្តាយ និងប្រពន្ធដើម យកមកធ្វើបុណ្យនៅវត្តឥន្ទញាណ ហៅវត្តក្រោម ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ចំណែកសពប្រពន្ធក្រោយ និងកូនម្នាក់ទៀត ត្រូវម្តាយនាងយកទៅធ្វើបុណ្យនៅស្រុកកំណើត ឯខេត្តកំពត៕