(កំពត)៖ ក្បួនប្រណាំងកង់ពិភពលោកថ្ងៃបញ្ចប់ នៃព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក នៅតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ បានធ្វើដំណើរមកដល់មុខសាលាខេត្តកែបហើយ បន្ទាប់ពីចេញដំណើរពីក្លោងទ្វារចូលឧទ្យានជាតិព្រះមុនីវង្ស បូកគោ នាវេលាម៉ោង១២ថ្ងៃត្រង់កន្លងទៅ។
ប៉ុន្ដែទោះបីធ្វើដំណើរមកដល់កន្លែង ត្រូវប្រារព្ធពិធីបិទការប្រកួតក្ដី តែក្បួនប្រណាំងកង់ពិភពលោកនេះ នៅមិនទាន់បញ្ចប់នោះទេ ដោយត្រូវបន្ដការប្រកួតជុំវិញក្រុងកែបចំនួន ៥ជុំទៀត ទើបបញ្ចប់ និងកំណត់កីឡាករជយលាភី ក្នុងការប្រកួតដំណាក់កាលទី៣ ដែលមានចម្ងាយសរុប ១៤៣.៥គីឡូម៉ែត្រ កាត់រង្វង់មូលសេះស ផ្សារក្ដាម ឆ្នេរកែប សាលាខេត្តកែប និងហួសទៅដល់ផ្លូវកែងក្នុងស្រុកដំណាក់ចង្អើ។
សូមបញ្ជាក់ថា ពិធីចេញដំណើរដំណាក់កាលចុងក្រោយនេះ បានធ្វើឡើងក្រោមវត្តមានលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ NOCC លោក ជាវ តាយ អភិបាលខេត្តកំពត ប៉ុន្ដែមុនបាញ់កាំភ្លើងបញ្ជាចេញដំណើរ ទាំងថ្នាក់ដឹកនាំ កីឡាករជាតិ-អន្ដរជាតិ សមត្ថកិច្ច និងប្រជាពលរដ្ឋ បានបន្ដធ្វើការស្មឹងស្មាតគោរពវិញ្ញាណក្ខន្ដអ្នកដែលបានជួបឧបទ្ទវហេតុគ្រោះថ្នាក់បាក់រលំអគារ នៅខេត្តកែប រយៈពេល១នាទីផងដែរ។
លោករដ្ឋមន្ដ្រី ថោង ខុន បានលើកឡើងថា ការប្រកួតដំណាក់កាលទី៣ មានលក្ខណៈកាន់តែពិសេស ព្រោះត្រូវឆ្លងកាត់តំបន់ឆ្នេរសមុទ្រខេត្តកែប ក្រោយក្បួនប្រណាំងកង់ពិភពលោកបានឆ្លងផុតតំបន់អេកូទេសចរណ៍ រយៈពេល២ថ្ងៃកន្លងទៅ ប៉ុន្ដែការប្រកួត២ដំណាក់កាលដំបូង ត្រូវបានណៈកម្មការបច្ចេកទេស UCI ធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្ថានភាពផ្លូវអមដោយសម្បត្តិធម្មជាតិដ៏ល្អឯកតាំងពីខេត្តកោះកុងរហូតដល់កំពូលភ្នំបូកគោ ដែលអំណោយផលសម្រាប់ការរៀបចំព្រឹត្តិការណ៍នេះ។
បន្ថែមលើនេះ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ NOCC បានឲ្យដឹងដែរថា ចំពោះការប្រកួតដំណាក់កាលទី២ ម្សិលមិញ គឺដំណើរការដោយជោគជ័យ និងទទួលបានការវាយតម្លៃបច្ចេកទេសកាន់តែខ្ពស់ថែមទៀត ពីគណៈកម្មការបច្ចេកទេស UCI ក្នុងនោះកីឡាករកម្ពុជាដែលបានចូលរួមក៏ធ្វើបានកាន់តែល្អប្រសើរដែរ ជាក់ស្ដែងកីឡាករកម្ពុជា ៣នាក់ បានទទួលបានចំណាត់ថ្នាក់កីឡាករល្អជាងគេ រួមមាន៖ កីឡាករ សាន ណាវម៉ាវ កីឡាករ ហួត ឡុយរស្មី និងកីឡាករ គីម ចាន់ធូ។
នៅថ្ងៃនេះមានកីឡាករប្រមាណ ៧៤នាក់ បាននិងកំពុងចូលរួមប្រកួត ក្រោយជម្រុះអស់ប្រមាណ ២០នាក់ នៅ២ថ្ងៃមុន។
ចំពោះកម្មវិធីប្រកួតដំណាក់កាលចុងក្រោយ នៃព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកថ្ងៃនេះ គឺកំពុងចេញពីក្លោងទ្វារចូលឧទ្យានជាតិព្រះមុនីវង្ស បូកគោ ឆ្ពោះទៅមុខសាលាខេត្តកែប តែត្រូវជិះជុំវិញក្រុងកែបចំនួន ៥ជុំ លើចម្ងាយផ្លូវ ១៤៣.៥គីឡូម៉ែត្រ ដោយគ្រោងបញ្ចប់នាម៉ោង ៣៖២០នាទីរសៀល។ បន្ទាប់មកនឹងមានរៀបចំពិធីប្រគល់រង្វាន់ជយលាភី និងឯកសណ្ឋានកីឡាករជើងឯក ដំណាក់កាលទី៣ ក្រោមវត្តមានលោករដ្ឋមន្ត្រី ថោង ខុន លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធកីឡាខ្មែរកីឡាទោចក្រយាន លោក Bruno BODARD និងលោក កែន សត្ថា អភិបាលខេត្តកែបផងដែរ៕