(ភ្នំពេញ)៖ អនុប្រធានទី១ នៃរដ្ឋសភាកម្ពុជា បានសម្តែងឆន្ទៈចង់ឃើញការដោះស្រាយរវាងប្រទេសបង់ក្លាដេស ជាមួយប្រទេសមីយ៉ាន់ម៉ា ពាក់ព័ន្ធនឹងការហូរចូលជនអន្តោប្រវេសន៍រ៉ូហ្វីងយ៉ា ទៅក្នុងប្រទេសបង់ក្លាដេស ដោយសន្តិវីធី។
ការលេីកឡើងរបស់អនុប្រធានទី១រដ្ឋសភា បានធ្វេីឡេីងខណៈលោកអនុញ្ញាតឲ្យគណ:ប្រតិភូគណ:កម្មាធិការអចិន្ត្រៃយ៍កិច្ចការបរទេសនៃសភាបង់ក្លាដេស ចូលរួមពិភាក្សាការងារនាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា។
ប្រតិភូបង់ក្លាដេសបានស្នើសុំកម្ពុជាជួយដោះស្រាយ និងដាក់សម្ពាធលើ ប្រទេសមីយ៉ាន់ម៉ា ដែលអនុញ្ញាតឲ្យជនអន្តោប្រវេសន៍រ៉ូហ្វីយ៉ារស់នៅបង់ក្លាដេស។
ក្នុងជំនួបលោក Muhammad Faruk Khan ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ទទួលបន្ទុកកិច្ចការបរទេស នៃសភាបង់ក្លាដេសនៅកម្ពុជា បានលើកឡើងក្នុងជំនួបពិភាក្សា ជាមួយលោក ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភាថា៖ «គោលបំណងនៃទស្សនកិច្ចរបស់គណៈប្រតិភូខ្ញុំនៅពេលនេះ គឺដើម្បីពង្រឹងភាពទាក់ទងទ្វេភាគីកម្ពុជា ក្នុងក្របខណ្ឌសភា។ ក៏ប៉ុន្តែខ្ញុំសូមជម្រាបជូននៅបញ្ហាមួយ គឺការហូរចូលនូវជនអន្តោប្រវេសន៍យ៉ាងសន្ធឹកសន្ធាប់ មកប្រទេសបង់ក្លាដេស»។
លោកបានឲ្យដឹងថា បច្ចុប្បន្ននេះមានជនអន្តោប្រវេសន៍រ៉ូហ្វីងយ៉ាជាង១លាន១សែននាក់ បានភៀសខ្លួនមករស់នៅក្នុងប្រទេសបង់ក្លាដេស។ បង់ក្លាដេស ក៏បានពិភាក្សាជាមួយប្រទេសជាមិត្តជិតខាងគ្នា ស្នើសុំឲ្យប្រទេសនោះជួយឲ្យជនភៀសខ្លួនទៅប្រទេស មីយ៉ាន់ម៉ាវិញដោយប្រសិទ្ធិភាព និងសន្តិភាពផងដែរ។
«ខ្ញុំពិតជាមានការឲ្យតម្លៃប្រសិនប្រទេសកម្ពុជាមានជំហរណាមួយធ្វើឲ្យមីយ៉ាន់ម៉ា និងបង់ក្លាដេសដោះស្រាយបញ្ហាជនភៀសខ្លួន រ៉ូហ្វីយ៉ាត្រឡប់ ទៅប្រទេសខ្លួនដោយសន្តិភាព»។ លោក Muhammad Faruk Khan គូសបញ្ជាក់។
លោកបន្តថា បង់ក្លាសដេសនឹងសប្បាយចិត្តផងដែរ ប្រសិនបើមានការចរចាណាមួយឆាប់ដើម្បីឲ្យជនរ៉ូហ្វីយ៉ា (ជនអន្តោប្រវេសន៍) ទៅស្រុកកំណើតវិញឆាប់ៗ។ កម្ពុជា និងបង់ក្លាដេស ជាមិត្តជាមួយមីយ៉ាន់ម៉ាដែរ អញ្ចឹងទេសបង់ក្លាដេសសង្ឃឹមថា កម្ពុជាដាក់សម្ពាធលើមីយ៉ាន់ម៉ា ដើម្បីធ្វើយ៉ាងណាឲ្យជនរ៉ូហ្វីយ៉ា ត្រឡប់ទៅប្រទេសដើម្បីរស់នៅសន្តិភាព និងដោយសេដ្ឋកិច្ចថ្លៃថ្នូ។
ជាមួយគ្នានោះដែរលោក Muhammad Faruk Khan បានលើកឡើងថាទស្សនៈកិច្ច របស់គណៈប្រតិភូលោកនៅកម្ពុជាស្របពេលដែលកម្ពុជាប្រារព្ធទិវាជ័យជម្នះ ៧មករាខួបលើកទី៤១ ដូច្នេះប្រតិភូលោកក៏បានចួលរួមទិវាជម្នះនេះផងដែរ។ លោកបានបន្តថា សភាកម្ពុជា និងសភាបង់ក្លាដេសមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយគ្នា ហើយប្រធានសភាបង់ក្លាដេស ក៏ធ្លាប់មកទស្សនកិច្ចនៅកម្ពុជាផងដែរ។
បង់ក្លាដេស និងកម្ពុជាមានទំនាក់ទំនងជាមួយគ្នាយូរមកហើយ។ កន្លងមកនេះក៏មានដំណើរទស្សនកិច្ចរវាងមន្ត្រី ថ្នាក់ដឹកនាំ ក៏ដូចជាថ្នាក់នាយករដ្ឋមន្ត្រីផងដែរ។ លោកថ្លែងថា វិស័យសេដ្ឋកិច្ចកម្ពុជានិងបង់ក្លាដេស មានកំណើរសេដ្ឋកិច្ចលើស៧ភាគរយ ដែលជាហេតុនឹងធ្វើឲ្យប្រទេសទាំងពីរ មានកំណើនលឿននៅពេលខាងមុខនេះ។
ក្នុងជំនួបនោះដែរលោក បណ្ឌិត ងួន ញ៉ិល បានលើកឡើងថា កម្ពុជាសង្ឃឹមថា បង់ក្លាដេសនិងមីយ៉ាន់ម៉ា នឹងដោះស្រាយបញ្ហាដោយសន្តិវិធី ចំពោះបញ្ហាជនអន្តោប្រវេសន៍នេះ។
លោកបណ្ឌិតបញ្ជាក់ថា៖ «ចំពោះជំហរកម្ពុជារឿងអន្តោប្រវេសន៍រ៉ូហ្វីយ៉ាចូលរស់នៅបង់ក្លាដេសនោះ យើងខ្ញុំសង្ឃឹមទុកជាមុន ភាគីទាំងនឹងបើកិច្ចប្រជុំចរចាដោយសន្តិវិធីទ្វេភាគី ហើយសម្រេចបានតាមសំណូមពររៀងៗខ្លួន»។
លោកបន្តថា សភាកម្ពុជាគាំទ្រយ៉ាងពេញទំហឹង ក្នុងការផ្តួចផ្តើមឲ្យមានកិច្ចចរចាទ្វេភាគីដោយសន្តិភាពនេះ។ ជាមួយគ្នានោះដែរ លោកបណ្ឌិតក៏បានស្នើឲ្យបង់ក្លាសដេសកៀរគរភ្ញៀងទេសចរណ៍ មកទស្សនាកម្ពុជាឲ្យបានច្រើន ព្រោះថាកម្ពុជាមានសន្តិភាពពេញលេញ និងសក្តានុពលយ៉ាងខ្លាំង ក្នុងវិស័យទេសចរណ៍។ ចំពោះវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មវិញ សភាកម្ពុជាក៏សង្ឃឹមថា សភាបង់ក្លាដេសជួយជំរុញអ្នកវិនិយោគមកកម្ពុជាឲ្យកាន់តែច្រើនថែមទៀត៕