(ភ្នំពេញ)៖ មជ្ឈមណ្ឌលសិក្សាកុមារក្រីក្រ ដែលរៀបចំបង្កើតឡើងដោយ សមាគមនិស្សិតខ្មែរ ដើម្បីអភិវឌ្ឍសង្គម (KSAD) ក្នុងគោលបំណងដើម្បីផ្តល់ការអប់រំក្រៅប្រព័ន្ធ ដល់កុមារក្រីក្រ កុមារកំព្រា និងកុមារគ្មានទីពឹង ដើម្បីឱ្យពួកគេបានសិក្សារៀនសូត្រ ទទួលបានចំណេះដឹងល្អៗ ការអប់រំបន្ទំកាយវាចាចិត្តប្រព្រឹត្តល្អ តាមគន្លងច្បាប់ និងសាសនា បានបើកដំណើរការជាផ្លូវការ។
ពិធីបើកដំណើរការមជ្ឈមណ្ឌលសិក្សាកុមារក្រីក្រនេះ ធ្វើឡើងនៅរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ មានទីតាំងស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោកស្រី ឈុន ស៊ុននី អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានកោតសរសើរ ចំពោះជំនួយសប្បុរសធម៌ របស់ក្រុមហ៊ុនអអេហ្វស្រ៊ីវើលដ៍កម្ពុជា ក៏ដូចជំនួយសប្បុរសធម៌ពីសប្បុរសជននានា ដោយរាប់បញ្ចូលទាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេសផងដែរ ជាពិសេសសមាជិកកងរាជអាវុធហត្ថ ក្នុងជួរស្នងការដ្ឋានស្រាវជ្រាវព័ត៌មានសន្តិសុខ ដែលបានជួយឧបត្ថម្ភគាំទ្រដល់មជ្ឈមណ្ឌល សិក្សាកុមារក្រីក្រ ក៏ដូចជាការជួយឧបត្ថម្ភការបើកមជ្ឈមណ្ឌលសិក្សានេះ ទុកជាប្រយោជន៍សម្រាប់កុមារក្រីក្រកុមារកំព្រា និងកុមារឥតទីពឹង បានឱកាសចូលមកសិក្សារៀនសូត្រ។
លោកស្រី ឈុន ស៊ុននី បានបន្ថែមថា នេះគឺជាកាយវិការដ៏សប្បុរស ឆ្លុះបញ្ចាំងឱ្យឃើញពីសិល្បៈចែករំលែក រួមចំណែកអភិវឌ្ឍសង្គមជាតិ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ និងក្រោមម្លប់សន្តិភាពដ៏ត្រចាស់ត្រចង់នេះ។
លោក យឹម សុខមិថុនា ទីប្រឹក្សាជាន់ខ្ពស់ក្រុមហ៊ុនអអេហ្វស្រ៊ីវើលដ៍កម្ពុជា តំណាងលោកអគ្គនាយក វណ្ណ សុភានោ និងលោកស្រីអគ្គនាយិកា ផាន់ ណារ៉ា បានសម្តែងការ ពេញចិត្តចំពោះការបើកឱ្យមានមជ្ឈមណ្ឌលសិក្សាកុមារក្រីក្រនេះ ដើម្បីជាប្រយោជន៍ដល់ការសិក្សារបស់កុមារ ដែលខ្សត់ខ្សាយក្នុងជីវភាពគ្រួសារ អាចចូលមកសិក្សានៅទីនេះបាន តាមរយៈការផ្តល់អាហារូបករណ៍ របស់ក្រុមហ៊ុនអអេហ្វស្រ៊ីវើលដ៍កម្ពុជា ក៏ដូចជំនួយឧបត្ថម្ភពីសប្បុរសជនដទៃៗ
ទៀត ដែលផ្តល់ជូនតាមរយៈសមាគមនិស្សិតខ្មែរ ដើម្បីអភិឌ្ឍសង្គមនេះ។
លោកក៏បានសម្តែងនូវការគាំទ្រ និងលើកទឹកចិត្ត ចំពោះការខិតខំប្រឹងប្រែងរបស់លោកនាយកប្រតិបត្តិសមាគមនិស្សិតខ្មែរ ដើម្បី
អភិវឌ្ឍសង្គម និងសមាជិក សមាជិកា ដែលមានឆន្ទៈ មនសិការ លះបង់ខ្ពស់ក្នុងកិច្ចការងារមនុស្សធម៌ ជួយអប់រំបណ្តុះបណ្តាលកុមារឱ្យមានសីលធម៌ គុណធម៌ និងគុណវុឌ្ឍ។
លោក គង់ សុខឡេង នាយកប្រតិបត្តិសមាគមនិស្សិតខ្មែរ ដើម្បីអភិវឌ្ឍសង្គម (KSAD) បានលើកឡើងថា ដោយមើលឃើញការលំបាករបស់កុមារនៅទីនេះ ភាគច្រើនជាកុមារមកពីបណ្តាខេត្តនានា តាមរយៈឪពុក-ម្តាយ ដែលមកធ្វើការរោងចក្រកាត់ដេរ មានការខ្វះខាតក្នុងជីវភាព ពុំមានលទ្ធភាពបញ្ជូនកូន ទៅសិក្សានៅសាលាបង់ថ្លៃ ដែលមានកំរិតខ្ពស់ ហួសពីលទ្ធភាពរបស់ខ្លួន និងដោយយល់ឃើញថា កុមារគឺជាបណ្តូលនៃទំពាំងស្នងឫស្សី ដ៏សំខាន់សម្រាប់ប្រទេសជាតិ ដែលយើងទាំងអស់គ្នាត្រូវរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាផ្តល់ការគាំទ្រការសិក្សាអប់រំដល់កុមារ «ការអភិវឌ្ឍកុមារឱ្យមានចំណេះដឹង សីលធម៌ គុណធម៌ និងគុណវុឌ្ឍគឺជាតួនាទីបស់យើងទាំងអស់គ្នា»។
លោក គង់ សុខឡេង បានមើលឃើញថា ដោយយល់ឃើញហេតុខាងលើនេះហើយ ទើបសមាគម KSAD បានបង្កើតមជ្ឈមណ្ឌលនេះឡើង ដោយដាក់ឈ្មោះថា មជ្ឈមណ្ឌល សិក្សាកុមារក្រីក្រ ដែលមានទិសដៅផ្តល់ការអប់រំក្រៅប្រព័ន្ធ ដល់កុមារក្រីក្រ កុមារកំព្រា និងកុមារឥតទីពឹងហើយមជ្ឈមណ្ឌលនេះមានកម្មវិធីសិក្សា ទាំងភាសាខ្មែរ ភាសាអង់គ្លេស និងសីលធម៌ដែលជាគោលការណ៍ចម្បង៕