(កំពង់ស្ពឺ)៖ ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកបរសេដ្ឋ បានលើកឡើងថា នៅពេលយើងបម្រើប្រជាពលរដ្ឋ បានល្អ យើងនឹងបានសុខសប្បាយ ទាំងអស់គ្នា។ កាលថ្លែងបែបនេះ គឺក្នុងឱកាសដែលលោកបានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០១៩ និងលើកទិសដៅខែមករា ឆ្នាំ២០២០ នៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ ២០២០ នៅទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជាស្រុកបរសេដ្ឋ។ កិច្ចប្រជុំនេះមានការចូលរួមពី អស់លោក លោកស្រីជា ប្រធាន អនុប្រធាន សមាជិកក្រុមការងារចុះជួយស្រុក ឃុំ និងសមាជិក សមាជិកាគណៈកម្មាធិការគណបក្សស្រុកបរសេដ្ឋ ប្រមាណជាង ១០០នាក់។
បន្ទាប់ពីលោកអនុប្រធានបក្សស្រុកឡើងធ្វើរបាយការណ៍ និងអានសេចក្តីសម្រេចស្តីពីការតែងតាំង និងបន្ថែមសមាសភាពក្រុមការងារចុះជួយមូលដ្ឋាន ស្រុកបរសេដ្ឋរួចមក លោកទេសរដ្ឋមន្ត្រីបានចែកសេចក្តីសម្រេច និងថ្លែងការអបអរសាទរចំពោះការបន្ថែមគណៈពង្រឹងមូលដ្ឋាន ដែលសំដៅធ្វើយ៉ាងណាឱ្យគណបក្ស ប្រជាជនបន្តឈ្នះឆ្នោត។ លោកក៏បានបន្ថែមថា យើងធ្វើការងារបានលទ្ធ ផលល្អ និងត្រូវបន្តទៅ ទៀត។ ទិសដៅរបស់យើង គឺយកការគាំទ្រឱ្យបានពីប្រជាជន ដើម្បីគណបក្សយើងកាន់អំណាចយូរអង្វែង ធានាសុខសន្តិភាព និងការអភិវឌ្ឍទៅមុខទៀត។ យើងអរគុណសន្តិភាព។ ដោយសារសន្តិភាពបានជាយើងរីកចម្រើន។
ជាមួយគ្នានេះ លោកបានណែនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋានឱ្យស្រង់យកចំណុចគន្លឹះ ក្នុងឯកសារជំនួយស្មារតីដើម្បីផ្សព្វផ្សាយឱ្យបានជ្រួតជ្រាបជាដល់ប្រជាជន។ យើងក៏ត្រូវក្តាប់ឱ្យបាននូវសភាពការណ៍ នយោបាយសតិអារម្មណ៍ផងដែរ។ ចំណុចសំខាន់សព្វថ្ងៃនេះ គឺបរាជ័យរបស់សម រង្ស៊ី ដែលលែងមានអ្វីអួតកើតហើយ។ យើងត្រូវបន្តណែនាំ និងពន្យល់ប្រជា ពលរដ្ឋថា ទោះជាយ៉ាងណាក៏រាជរដ្ឋាភិបាលទប់ស្កាត់មិន ឱ្យមានចលាចលដែរ។ យើងសង្កេតឃើញថា និន្នាការរបស់ប្រជាជន យុវជនយើងគឺ សប្បាយនឹងសន្តិភាព។ យើងក៏ខិតខំធ្វើឱ្យមានរបៀបរៀបរយសាធារណៈ។
បន្តមកលោកទេសរដ្ឋមន្ត្រីក៏បានស្នើឱ្យប្រធានគណបក្សឃុំ អ្នកតំណាង និងប្រធានក្រុមការងារលើក ឡើងពីបញ្ហាដែលកើតឡើងក្នុងឃុំ។ លោកបានសួរបញ្ជាក់អំពីសភាពការណ៍ទូទៅ បញ្ហាសតិអារម្មណ៍ និង បញ្ហាដែលកើតឡើងក្នុងឃុំ។ លោកក៏បានណែនាំថា មន្ត្រីជាអ្នកបម្រើរាស្រ្ត។ នៅពេលយើងបម្រើប្រជាពលរដ្ឋបានល្អ យើងនឹងបានសុខសប្បាយ។ ជាមួយគ្នានេះ យើងត្រូវយកចិត្តទុកដាក់លើបញ្ហាគ្រោះធម្មជាតិ។ យើងខ្វះទឹកនៅឆ្នាំ នេះ ដូច្នេះត្រូវយកចិត្តទុកដាក់គ្រប់គ្រងបញ្ហាទឹក។ លោកក៏បានសរសើរក្រុមការងារ ដែលខិតខំធ្វើការងារចិញ្ចឹមចលនា និងឧបត្ថម្ភប្រជាពលរដ្ឋដែលមានទុក្ខ និងជួបការលំបាក។
ជាការព្រួយបារម្ភ លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ជូនអង្គប្រជុំថា ដោយសារបញ្ហាគ្រឿងញៀន មេរោគអេដស៍អាចនឹងកម្រើក ឡើងវិញ។ ឥឡូវការកើនឡើងករណីឆ្លងថ្មី ក្នុងចំណោមក្រុមបុរសរួមភេទជាមួយបុរស។ យើងចង់យកស្រុកបរសេដ្ឋជាគំរូ ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍។ ដូច្នេះ សូមអាជ្ញាធរដែនដីចូលរួមសហការ ជាមួយក្រុមការងារអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
មុននឹងបញ្ចប់ អង្គប្រជុំបានអនុម័តសេចក្តីព្រាងរបាយការណ៍។ បន្ទាប់មកលោកទេសរដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា ក្រុមការងារចុះមកជួយអាជ្ញាធរមូលដ្ឋាន តែមិនអាចធ្វើការជំនួសទេ។ ដូច្នេះ នៅពេលប្រជុំសូមលើកបញ្ហាឱ្យបានច្រើន ដើម្បីឱ្យយើងអាចក្តាប់សភាពការណ៍បាន៕