(ភ្នំពេញ)៖ លោក សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២០នេះ បានដឹកនាំយុវជនជាង ២០០នាក់ គោរពវិញ្ញាណក្ខន្ធ ជូនជនរងគ្រោះដែលបានបាត់បង់ជីវិត នៅក្នុងរបបកម្ពុជា ប្រជាធិបតេយ្យ ដែលដឹកនាំដោយក្រុមខ្មែរក្រហម «ប៉ុល ពត» នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក រាជធានីភ្នំពេញ។
នៅក្នុងឱកាសគោរពវិញ្ញាណក្ខន្ធនេះព្រឹកនេះ លោក ឈួរ សុបញ្ញា ជាយុវជន ស.ស.យ.ក រាជធានីភ្នំពេញ បានឱ្យដឹងថា ការគោរពវិញ្ញាណក្ខន្ធ ជនរងគ្រោះដែលបានបាត់បង់ជីវិត នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ក្នុងគោលបំណងបណ្ដុះស្មារតី យុវជនខ្មែរជំនាន់ក្រោយ ឱ្យចេះស្រឡាញ់ជាតិ មាតុភូមិ ស្រឡាញ់សន្តិភាព និងចេះសាមគ្គីគ្នាជាធ្លុងមួយ នៅគ្រប់កាលៈទេសៈ ជាពិសេសស្គាល់ច្បាស់ ពីប្រវត្តិសាស្ត្រដ៏ជូរចត់ ដែលបានកើតឡើង ចំពោះប្រជាជនកម្ពុជា នៅក្នុងរបបប្រល័យពូជសាសន៍ «ប៉ុល ពត» ដែលជាសម័យមួយដ៏ខ្មៅងងឹត បានកាប់សម្លាប់ប្រជាជន និងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ បំផ្លាញខ្ទេចខ្ទីអស់នូវហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស និងបានធ្វើឱ្យប្រជាជនស្លាប់ ដោយការអត់ឃ្លានអស់រាប់លាននាក់ ក្នុងរយៈពេលតែ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។
សូមបញ្ជាក់ថា ក្នុងរបបកម្ពុជាប្រជាធិបតេយ្យរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ មានប្រជាពលរដ្ឋខ្មែរប្រមាណជា ៣លាននាក់ បានស្លាប់បាត់បង់ជីវិត ដោយសារតែការធ្វើទារុណកម្ម ការធ្វើការហួសកម្លាំងដោយអត់ចំណីអាហារ ជំងឺតម្កាត់ផ្សេងៗ និងការកាប់សម្លាប់ក្រោមការចោទប្រកាន់ ថាក្បត់អង្គការ ឬលួចចំណីអាហារហូបចុកព្រោះតែក្តីស្រេកឃ្លានជាដើម។ សហភាពសហព័ន្ធយុវជនកម្ពុជា តែងតែបានធ្វើពិធីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ ដោយសាររបបដ៏ឃោរឃៅនោះ នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក។
ពិធីគោរពវិញ្ញាណក្ខន្ធ ដើម្បីរំលឹកដល់ក្តីឈឺចាប់របស់ខ្មែរ នៅក្នុងរបបនោះផង និងធ្វើពិធីសូត្រមន្តឧទ្ទិសកុសលផលបុណ្យ ដល់វិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់ទៅផងដែរ៕