(កែប)៖ បន្ទាប់ពីបេសកកម្មសង្គ្រោះអ្នកជាប់ក្រោមគំនរអគារ ដែលបាក់រលំកម្ពស់ ៦ជាន់ នៅខេត្តកែបត្រូវបញ្ចប់ជាស្ថានពរនោះ រូបភាពជាច្រើនសន្លឹករបស់កងកម្លាំងសង្គ្រោះជាច្រើនអង្គភាព ដែលបានឆ្លៀតពេលសម្រាកយកកម្លាំង ដោយការអស់ងងុយ ក្រោយបញ្ចប់ប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះ ត្រូវបានចែកចាយក្នុងបណ្ដាញសង្គម ដែលទាំងនេះ បង្ហាញអំពីការលះបង់កម្លាំងកាយចិត្ត ដើម្បីជួយជនរងគ្រោះនៅកន្លែងកើតហេតុ។

មិនថាតែកងកម្លាំងនោះទេ ជាពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចក្រឡាហោម ស ខេង ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀត ក្នុងប្រតិបត្តិការរយៈពេល ៣ថ្ងៃនេះ ស្ទើរតែគ្មានពេលសម្រាក ឬពេលសម្រាប់ទទួលទានអាហារនោះទេ ពោលសម្ដេចនៅអង្គុយពិសារបាយ ជាមួយកងកម្លាំងនៅកន្លែងកើតហេតុ ទាំងមេឃកំពុងបើកថ្ងៃក្ដៅខ្លាំង ដោយមិនរុញរាយនោះឡើយ ដើម្បីដឹកនាំកម្លាំងបញ្ជារុករកជនរងគ្រោះនៅកន្លែង។

កងកម្លាំងប្រដាប់អាវុធរបស់យើង គឺមានភាពស្វាហាប់ខ្លាំងណាស់ក្នុងការសង្គ្រោះ ដោយមិនខ្លាចនឿយហត់អ្វីនោះឡើយ រហូតមិនបានដេកពួន ហើយពេលខ្លះសុខចិត្តអង្គុយដេក ឬដេកនៅក្រោមដើមឈើផ្ទាល់ដីជាដើម ដើម្បីតែគោលបំណងតែមួយគត់ គឺធ្វើយ៉ាងណាជួយសង្គ្រោះអ្នកជាប់នៅក្រោមគំនរអគារឲ្យបានលឿនបំផុត។

អ្វីទាំងអស់នេះ បានបង្ហាញឲ្យឃើញនូវស្មារតី សាមគ្គីភាពគ្នារវាងកងកម្លាំងមានសមត្ថកិច្ចរបស់កម្ពុជា ក្រោមការបញ្ជាដឹកនាំផ្ទាល់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ សម្រាប់កងកម្លាំងដែលបានចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះរុករកជនរងគ្រោះ មានជិត ២ពាន់នាក់ មកពី ២៥អង្គភាពរួមមាន៖

យោងតាមរដ្ឋបាលខេត្តកែបបានឲ្យដឹងថា យ៉ាងហោចណាស់មានកងកម្លាំងជិត២ពាន់នាក់ បាននិងកំពុងបន្តជួយសង្គ្រោះ ជនរងគ្រោះក្នុងករណីបាក់រលំអគារនេះ ដែលមានពីអង្គភាពសរុបចំនួន២៥អង្គភាព ដែលមានទាំងកម្លាំងមនុស្ស និងគ្រឿងចក្រផងដែរ។

កម្លាំងទាំងនោះរួមមាន៖

១៖ កងពល ៩១១ ចំនួន៦០នាក់
២៖ មូលដ្ឋានសមុទ្រ ចំនួន១២០នាក់
៣៖ បញ្ជាការដ្ឋានការពារកោះឆ្នេរ ចំនួន១៣០នាក់
៤៖ វិស្វកម្មអគ្គមេបញ្ជាការ ចំនួន៣៥នាក់
៥៖ ភូមិភាគ៣ ចំនួន១៥នាក់
៦៖ កងពល៣១ ចំនួន៦៨នាក់
៧៖ កងពលតូចលេខ៧០ (៧១១) ចំនួន៤៥នាក់
៨៖ សឹករងកំពត ចំនួន៨៥នាក់
៩៖ សឹករងកែប ចំនួន១៣០នាក់
១០៖ ក្រុមសង្គ្រោះចិន ចំនួន៣០នាក់
១១៖ វិស្វកម្មសម្តេចតេជោ ចំនួន១១០នាក់ អេស្កាវ៉ាទ័រ ១០គ្រឿង រថយន្តស្ទួច១
១២៖ ពិស្នុកា ចំនួន២២នាក់ រថយន្តស្ទួច១ រថយន្តដឹក៣ និងម៉ាស៊ីនភ្លើង១
១៣៖ ក្រុមកំពត ចំនួន១២នាក់
១៤៖ ស្នងការកំពត ចំនួន៣៦០នាក់ រថយន្តទឹក២គ្រឿង និងរថយន្តសង្គ្រោះ១គ្រឿង
១៥៖ អាវុធហត្ថកំពត ចំនួន៥០នាក់ រថយន្តទឹក១គ្រឿង
១៦៖ ប៉ូលិសការពារព្រំដែនទឹក ១៣៥នាក់
១៧៖ ស្នងការខេត្តកែប ចំនួន៣៦០នាក់
១៨៖ អាវុធហត្ថខេត្តកែប ចំនួន៥០នាក់
១៩៖ ស្នងការខេត្តតាកែវ ចំនួន៣៨នាក់
២០៖ កងពល ៩៩ ចំនួន៥៥នាក់ រថយន្ត១០គ្រឿង
២១៖ បច្ចេកទេសវេចខ្ចប់សពអគ្គ ចំនួន១៥នាក់
២២៖ គ្រោះមហន្តរាយក្រសួងការបរទេស ចំនួន២៧នាក់
២៣៖ វស្វកម្មជើងគោក ចំនួន១០នាក់ អេស្កាវ៉ាទ័រ ២គ្រឿង
២៤៖ ការិយាល័យទី២ ជើងគោក ចំនួន១៥នាក់
២៥៖ ពេទ្យមិត្តភាពសម្តេចឪ ចំនួន១០នាក់ រថយន្តសង្គ្រោះ២គ្រឿង។ សរុបកម្លាំងចូលរួមប្រតិបត្តិការសង្គ្រោះមាន៖ អេស្កាវ៉ាទ័រ ១៤គ្រឿង, អាប៊ុល២គ្រឿង, រថយន្តស្ទួច៣គ្រឿង, រថយន្តទឹក ៣គ្រឿង និងម៉ាស៊ីនភ្លើង១គ្រឿង។

គួរជម្រាបថា ប្រតិបត្តិការ នៃការរុករកជនរងគ្រោះ ប្រើរយៈពេលជិត០២ថ្ងៃ (៤៣ម៉ោង២០នាទី) ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ត្រូវបានបិទបញ្ចប់ជាស្ថាពរ ត្រឹមវេលាម៉ោង១១៖៣៥ថ្ងៃត្រង់ នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០។ តុល្យការជនរងគ្រោះ ដែលក្រុមការងារ បានជួយសង្គ្រោះយកចេញពីគំនរបាក់បែកនៃអគាររលំ មានចំនួនសរុប៥៩នាក់ (ស្រី២២នាក់) ក្នុងនោះបាត់បង់ជីវិតចំនួន៣៦នាក់ (ស្រី១៤នាក់) ក្នុងចំណោមជនរងគ្រោះទាំងនេះ មានក្មេងចំនួន០៦នាក់ (ក្មេងស្រី២នាក់) និងរងរបួសចំនួន២៣នាក់ (ស្រី០៨នាក់)៕