(កំពង់ស្ពឺ)៖ លោក តាប់ ម៉ាឡៃ ប្រធានមន្ទីររៀចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដី ខេត្តកំពង់ស្ពឺ បានសុំឱ្យពលរដ្ឋធ្វើបណ្ណកម្មសិទ្ធិដីធ្លី ចូលតាមច្រកចេញចូលតែមួយ ខណៈដែលការផ្តល់សេវា ឆ្នាំ២០១៩កន្លង ទទួលលទ្ធផល២៧០% លើសផែនការកំណត់។
ការស្នើបែបនេះរបស់លោក តាប់ ម៉ាឡៃ បានធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយភ្នាក់ព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩នេះ។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «តាមរយៈការផ្តល់សេវាតាមច្រកចេញចូលតែមួយលើវិស័យដីធ្លី និងសំណង់ទទួលបាន២៧០% ធៀបផែនការឆ្នាំ២០១៩»។
ក្នុងឱកាសនោះដែរ ប្រធានមន្ទីររៀចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដី ខេត្តកំពង់ស្ពឺរូបនេះ បានបញ្ជាក់ថា តាមរយៈការប្រមូលទិន្នន័យ ក្បាលដីបាន ៣៣,៩២៨ក្បាលដី ក្នុងនោះចុះវាស់វែងបាន ៣៧,៤៧៩ក្បាលដី និងបានចេញបណ្ណ២៩,៤៤៣បណ្ណ ព្រមទាំងចែកជូនប្រជាពលរដ្ឋ ចំនួន១៩,៧០៥បណ្ណ រួចមកហើយ។
លោក តាប់ ម៉ាឡៃ បានបន្ថែមទៀតថា នៅក្នុងឆ្នាំ២០១៩កន្លងទៅនោះ បានដោះស្រាយបញ្ហាវិវាទដីធ្លី បានចំនួន២៥ករណី ត្រួតពិនិត្យគុណភាពសំណង់ ដែលជាដែនសមត្ថកិច្ចរបស់មន្ទីរ បានចំនួន២៩គម្រោង ព្រមទាំងសំណង់ដែលជាសមត្ថកិច្ច របស់ខេត្តបានចំនួន ២៦គម្រោង ជាពិសេស ខាងមន្ទីរបានសម្រេចលទ្ធផលការងាររៀបចំដែនដី និងការងារលំនៅដ្ឋាន គឺបានកសាងប្លង់គោល បានជំហានទី៤ និងបានរៀបចំផែនការរៀបចំប្រើប្រាស់ដីឃុំ-សង្កាត់ បានចំនួន៣ឃុំ រួមមាន៖ ឃុំអូរ, ឃុំតាំងសំរោង និងឃុំតាំងស្យា ស្រុកភ្នំស្រួច។
លោកបានបញ្ជាក់បន្ថែមទៀតថា សម្រាប់ការផ្តល់សេវាសាធារណៈជូនដល់ប្រជាជនពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺ គឺធ្វើបានលទ្ធផលមួយចំនួនធំ ដូចជា៖ ការងារអភិវឌ្ឍដីធ្លី, ការងារផ្ទេរបណ្ណដីដាច់ដោយដោយដុំ, ការងារផ្ទេរ និងបំបែកជាលក្ខណៈប្រព័ន្ធ ការចុះបញ្ជីបំពេញបន្ថែម ព្រមទាំងការដាក់បន្ទុក និងការលើកលែងបន្ទុក បង្រួមក្បាលដី ប្តូរប្រភេទក្បាលដីទុយតា ធ្វើអំណោយ សន្តតិកម្ម សរុបចំនួន ៨៩៧៧ករណី ហើយនៅក្នុងនោះក៏មានការអនុវត្តនូវច្រកចេញចូលតែមួយ នៅតាមបណ្តាស្រុក-ក្រុង ហើយនៅក្នុងក្រុងច្បារមន អនុវត្តបានចំនួន១៣២កន្លែង៕
ខាងក្រោមនេះ ជាបទសម្ភាសន៍របស់ប្រធានមន្ទីររៀចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដី ខេត្តកំពង់ស្ពឺ៖