(រតនគិរី)៖ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី, កម្លាំងអាវុធហត្ថខេត្តបានសហការជាមួយកម្លាំង អាវុធហត្ថមូលដ្ឋានស្រុកអណ្តូងមាស ចុះដើរល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន ក៏ប្រទះឃើញគំនរឈើមួយកន្លែង នៅក្នុងចម្ការស្វាយចន្ទីរបស់ប្រជាពលរដ្ឋដែលក្រុមឈ្មួញ បានដឹកជញ្ជូនយកមកលាក់រង់ចាំឱកាសល្អ និងដឹកបន្តទៅប្រទេសវៀតណាម។
ប្រតិបត្តិការចុះដើរល្បាតខាងលើនេះធ្វើឡើងកាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចនិយាមកាលេខ (០៧៥១១៧០.១៥៤៦០០៣) ស្ថិតនៅក្នុងភូមិម៉ុយ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។
យោងតាមរបាយការណ៍ពីអាវុធហត្ថខេត្ត បានឲ្យដឹងថា ក្នុងប្រតិបត្តិការនោះមានកម្លាំងអាវុធហត្ថចំនួន ៨នាក់ សហការជាមួយកម្លាំងជំនាញរដ្ឋបាលព្រៃឈើ ២នាក់ ដឹកនាំដោយលោក អនុសេនីយ៍ឯក សោម សុផល នាយការិយាល័យផែនការសន្តិសុខ បានចុះបង្រ្កាប និងរឹបអូសគំនរឈើលេខ១ ប្រភេទសុក្រំ ចំនួន៧១កំណាត់ ស្មើនឹង ១១,៣៨៧ម៉ែត្រត្រីគុណ ដែលឈ្មួញបានដឹកជញ្ជូនយកមកលាក់ទុកនៅក្នុងចម្ការស្វាយចន្ទីរបស់ប្រជាពលរដ្ឋ។
ក្រោយពីការចុះបង្ក្រាប និងរឹបអូសឈើខាងលើនេះ សមត្ថកិច្ចក៏បានដឹកជញ្ជួនយកមករក្សាទុកនៅស្នាក់ការសន្តិសុខ៧៨៧ ដើម្បីចាត់ការបន្តទៅតាមនិតិវិធី។
គួរបញ្ជាក់ថា ក្នុងភូមិសាស្ត្រខេត្តរតនគិរី ទោះបីសមត្ថកិច្ចជំនាញ និងស្ថាប័នពាក់ព័ន្ធខិតខំធ្វើការបង្ក្រាបយ៉ាងណាក៏ដោយ គឺនៅតែមានក្រុមឈ្មួញលួចដឹកដឹកជញ្ជូនឈើ ដោយមិន ខ្លាចច្បាប់នោះទេ៕