(ព្រះសីហនុ)៖ រដ្ឋបាលសាលាខេត្តព្រះសីហនុដឹកនាំលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ និងលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ ព្រមទាំងមន្ត្រីក្រុមការងារ និងមន្ត្រីមូលដ្ឋាន បានអញ្ជើញទៅចូលរួមបុណ្យសពប្រជាពលរដ្ឋចំនួន ៥នាក់ នៅក្រុងព្រះសីហនុ ដែលបានស្លាប់ដោយការបាក់រលំអាគារនៅក្រុងកែប។
សពបានធ្វើបុណ្យនៅវត្តឥន្ទញាណ ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងមួយកន្លែងទៀត បានរៀបចំធ្វើឡើងនៅវត្តជោតញ្ញាណ សង្កាត់លេខ១ ក្រុងព្រះសីហនុ កាលល្ងាចថ្ងៃទី៥ ខែមករា ឆ្នាំ២០២០។
សពជនរងគ្រោះបាត់បង់ជីវិតដោយសាររលំបាក់អាគារនៅខេត្តកែបរួមមាន៖
*១៖ ឈ្មោះវ៉ា ចាន់ណារិទ្ធ នៅសង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
*២៖ សាកសពមួយគ្រួសារមានប្តី ប្រពន្ធ និងកូនប្រុសតូចៗ២នាក់ (ហាស់ សុគុណ (ប្តី), ឈ្មោះ ហែម សុគុណ (ប្រពន្ធ), កុមារា លី គឹមឆាយ និងកុមារា លី គឹមឈីង (កូន) នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សូមបញ្ជាក់ថា ប្រតិបត្តិការនៃការរុករកជនរងគ្រោះ ប្រើរយៈពេលជិត០២ថ្ងៃ (៤៣ម៉ោង២០នាទី) ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ត្រូវបានបិទបញ្ចប់ជាស្ថាពរត្រឹមវេលាម៉ោង១១៖៣៥ថ្ងៃត្រង់ នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០។ តុល្យការជនរងគ្រោះ ដែលក្រុមការងារ បានជួយសង្គ្រោះយកចេញពីគំនរបាក់បែកនៃអគាររលំ មានចំនួនសរុប៥៩នាក់ (ស្រី២២នាក់) ក្នុងនោះបាត់បង់ជីវិតចំនួន៣៦នាក់ (ស្រី១៤នាក់) ក្នុងចំណោមជនរងគ្រោះទាំងនេះ មានក្មេងចំនួន០៦នាក់ (ក្មេងស្រី២នាក់) និងរងរបួសចំនួន២៣នាក់ (ស្រី០៨នាក់)៕