(ប៉ៃលិន)៖ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន លោក អ៊ី ឈាន បានជំរុញដល់មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នា យកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលនៅសេសសល់ ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ជាពិសេស គឺការផ្តល់សេវាសាធារណៈជូនពលរដ្ឋអោយបានល្អ ស្របតាមអភិក្រម ទាំង៥ ចំណុ ហើយត្រូវធ្វើឲ្យបាន ធ្វើឲ្យលឿន និងធ្វើឲ្យមានប្រសិទ្ធភាព សំដៅធ្វើឲ្យប្រជាពលរដ្ឋមានការទុកចិត្ត ជឿជាក់ និងគាំទ្ររាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។
ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តប៉ៃលិន នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ នៅសាលប្រជុំរោងកុនចាស់។
ប្រធានក្រុមការងារ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ សែន បានបង្កើតក្រុមការងារថ្នាក់ជាតិចុះជួយខេត្តនានា ដើម្បីបំពេញបេសកម្មត្រួតពិនិត្យគាំទ្រអំពីការអនុវត្តគោលនយោបាយនានា និងយុទ្ធសាស្រ្តចតុកោណដំណាក់ទី០៤ ជាពិសេសដើម្បីផ្សារភ្ជាប់រវាងមន្រ្តីរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋនៅមូលដ្ឋាន ផ្សព្វផ្សាយនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នូវបច្ចុប្បន្នភាពនៃការរីកចម្រើន តាមរយៈការធ្វើវេទិការណ៍សាធារណៈ និងចុះប្រាស្រ័យទាក់ទង នៅមូលដ្ឋានដោយផ្ទាល់ ព្រមទាំងចូលរួមគ្រប់សកម្មភាពរបស់ពួកគាត់ ឲ្យកាន់តែកៀកជិត ដើម្បីពួកគាត់គាំទ្រ និងអនុវត្តន៍ ក្នុងន័យបម្រើសេចក្តីត្រូវការ និងបង្កើនការជឿទុកចិត្តទៅលើអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សំដៅលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរ និងអភិវឌ្ឍន៍ក្នុងមូលដ្ឋានឱ្យមានការរីកចម្រើន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
នៅក្នុងកិច្ចប្រជុំនោះ លោក អ៊ី ឈាន ក៏បានដាក់ទិសដៅអនុវត្តន៍ការងារឆ្នាំ២០២០ ចំនួន ៣ចំណុច រួមមាន៖
ទី១៖ អនុវត្តន៍តាមកម្មវិធីនយោបាយ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ស្នើរគ្រប់បុគ្គល និងក្រុមការងារនីមួយៗអនុវត្តន៍ការងារឱ្យមានប្រសិទ្ធិភាព ស្នើរចុះមូលដ្ឋានជាប្រចាំក្តាប់បញ្ហាផ្សេងៗនៅតាមមុខសញ្ញារបស់ខ្លួនឱ្យបានច្បាស់លាស់ ជាពិសេសបញ្ហាប្រឈមនានាដែលកើតមានឡើងនៅតាមមូលដ្ឋានរបស់ខ្លួន ដូចជា៖ ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ទាំងសេវាតម្រូវការ និងសេវាចាំបាច់។
ទី២៖ ជួយមើលការអនុវត្តការងាររបស់មន្រ្តី លើគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលដាក់ជូនរដ្ឋបាលថ្នាក់ក្រោមជាតិអនុវត្តិន៍។
ទី៣៖ ស្នើគ្រប់ក្រុមការងារនីមួយៗធ្វើរបាយការណ៍ជាប់ជាប្រចាំទាំងសកម្មភាព ទាំងសមាសភាព ទំាងការគាំទ្រ ដើម្បីយល់សភាពការណ៍ជាក់ស្តែង និងមានវិធានការត្រឹមត្រូវ ប្រកបដោយប្រសិទ្ធិភាព។
នៅក្នុងឱកាសនោះផងដែរ លោក ផាន់ ចាន់ធុល អនុប្រធានអចិន្ត្រៃយ៍ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្ត បានសំនូមពរដល់សមាជិក សមាជិការក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តប៉ៃលិន គ្រប់ជាន់ថ្នាក់ ត្រូវខិតខំបំពេញការងារ តាមតួនាទី និងភារៈកិច្ចរបស់ខ្លួន ឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ ជាពិសេសការរៀបចំរបាយការណ៍ថ្នាក់ខេត្ត ស្រុក/ក្រុង ឃុំ/សង្កាត់ ឱ្យបានទាន់ពេលវេលា ដើម្បីយកទៅប្រគល់ជូនរាជរដ្ឋាភិបាលពិនិត្យមើល ពីសកម្មភាពរបស់ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តប៉ៃលិន ក្នុងការគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ឱ្យប្រសិទ្ធិភាព សំដៅដោះស្រាយបញ្ហាប្រឈមនានា និងគាំទ្រការអភិវឌ្ឍលើគ្រប់វិស័យនៅតាមមូលដ្ឋានឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។
សូមបញ្ជាក់ថា ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តប៉ៃលិន នៅឆ្នាំ២០១៩ ទទួលបញ្ហាប្រឈម និងសំនូមពីប្រជាពលរដ្ឋសរុបចំនួន ៧១ករណី ដោះស្រាយបានចំនួន៤២,២៥% កំពុងដោះស្រាយ ២២,៥៤% និងមិនទាន់បានដោះស្រាយ ៣២,៣៩% ៕