(ភ្នំពេញ)៖ ជាទូទៅមនុស្សគ្រប់រូបកើតមកមានសិទ្ធិសេរីភាព និងសន្តិសុខផ្ទាល់ខ្លួនដោយគ្មានបុគ្គលណាម្នាក់អាចធ្វើការដកហូតសិទ្ធិសេរីភាពទាំងនោះ ឬបំពារបំពានលើរូបរាងកាយ ដោយធ្វើការឃាត់ខ្លួន ឬចាប់ខ្លួនតាមទំនើងចិត្តបានឡើយ។ ប៉ុន្តែក្នុងករណីជនណាបានប្រព្រឹត្តអំពីដែលក្រមព្រហ្មទណ្ឌបានបញ្ញត្តិថាជាបទល្មើសព្រហ្មទណ្ឌ នោះបុគ្គលដែលទទួលបានគុណសម្បត្តិជាមន្ត្រីនគរបាលយុត្តិធម៌ អាចធ្វើការឃាត់ខ្លួនតាមកំណត់ច្បាប់ ដើម្បីធ្វើការសាកសួរថាតើជននោះបានប្រព្រឹត្តបទល្មើស ឬមានជាប់ពាក់ព័ន្ធក្នុងការប្រព្រឹត្តបទល្មើសដែររឺទេ ។
ដូច្នេះសម្រាប់កម្មវិធីយល់ដឹងផ្នែកច្បាប់ក្នុងសប្តាហ៍នេះអង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «ការឃាត់ខ្លួន» មកបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចតទៅ៖
មន្ត្រីនគរបាលយុត្តិធម៌អាចធ្វើការឃាត់ខ្លួនក្នុងករណីបទល្មើសជាក់ស្តែង និងការស៊ើបអង្កេតបឋម ករណីនេះគឺជាវិធានបង្ខិតបង្ខំដែលច្បាប់បានកំណត់។ ហេតុដូច្នេះ ដើម្បីឆ្លើយតបទៅនឹងភាពចាំបាច់នៃការស៊ើបអង្កេត មន្រ្តីនគរបាលយុត្តិធម៌ជាអាជ្ញាធរមានអំណាចក្នុងការសម្រេចឃាត់ខ្លួនបុគ្គលណាម្នាក់ ឬច្រើន ដែលត្រូវបានសង្ស័យថាបានចូលរួមប្រព្រឹត្តបទល្មើស ហើយក៏អាចឃាត់ខ្លួនរាល់បុគ្គលដទៃទៀតដែលអាចផ្ដល់ព័ត៌មានស្ដីអំពីរឿងហេតុបានផងដែរ ប្រសិនបើបុគ្គលទាំងនោះប្រកែកមិនព្រមផ្ដល់ព័ត៌មាន ដោយមានការយល់ព្រមជាលាយលក្ខណ៍អក្សរពីព្រះរាជអាជ្ញាទើបអាចធ្វើការឃាត់ខ្លួនបាន។
ការឃាត់ខ្លួនត្រូវបានធ្វើឡើង ដើម្បីទទួលបានព័ត៌មានពាក់ព័ន្ធនឹងបទល្មើសពីបុគ្គលដែលត្រូវបានមន្រ្តីនគរបាលយុត្តិធម៌ឃាត់ខ្លួននោះ។ ក្នុងករណីបទឧក្រិដ្ឋ ឬបទមជ្ឃឹមជាក់ស្តែង គ្រប់បុគ្គលទាំងអស់មានសិទ្ធិចាប់ខ្លួនជនល្មើស ហើយប្រគល់ជូនមន្រ្តីនគរបាលយុត្តិធម៌ដែលនៅជិតបំផុតដើម្បីធ្វើការឃាត់ខ្លួន ដោយមានកំណត់ហេតុឃាត់ខ្លួន និងប្រាប់ជនល្មើសឲ្យបានដឹងពីមូលហេតុនៃការឃាត់ខ្លួន ។ផ្ទុយទៅវិញ ប្រសិនបើជនទាំងនោះធ្វើការចាប់ខ្លួនជនល្មើស ដោយមិនបានបញ្ជូនជនល្មើសទៅមន្ត្រីនគរបាលយុត្តិធម៌ដើម្បីធ្វើការឃាត់ខ្លួន ឬប្រើអំពើហិង្សាទៅលើជនល្មើស នោះជនបង្កនិងត្រូវទទួលទោសព្រហ្មទណ្ឌតាមកម្រិតនៃអំពើរបស់ខ្លួន ។
យោងតាមមាត្រា៩៦នៃក្រមនីតិវិធីព្រហ្មទណ្ឌ នៅពេលដែលមានការឃាត់ខ្លួនបុគ្គលណាម្នាក់ នគរបាលយុត្តិធម៌ត្រូវរាយការណ៍ភ្លាមជូនទៅព្រះរាជអាជ្ញា ព្រមទាំងត្រូវបញ្ជូនគ្រប់ភស្តុតាងទាំងអស់ដែលនាំឲ្យមានការឃាត់ខ្លួននោះផងដែរ។ ដូចនេះនៅពេលមានការឃាត់ខ្លួន ថិរវេលានៃការឃាត់ខ្លួនត្រូវបានកំណត់ដូចខាងក្រោម៖
១៖ ករណីឃាត់ខ្លួននីតិជន ការឃាត់ខ្លួនមានរយៈពេល៤៨ ម៉ោង ត្រូវគិតចាប់ពីម៉ោងដែលសាមីខ្លួនមកដល់អង្គភាពនគរបាល ឬកងរាជអាវុធហត្ថ ។ ប៉ុន្តែបើក្នុងករណីបទឧក្រិដ្ឋ ដែលមានតម្រុយពិរុទ្ធភាពលើបុគ្គលដែលត្រូវបានឃាត់ខ្លួន មន្រ្តីនគរបាលយុត្តធម៌អាចពន្យារពេលឃាត់ខ្លួនបាន ២៤ ម៉ោងទៀតក្នុងករណីចាំបាច់អាចនាំឲ្យការស៊ើបអង្កេតប្រព្រឹត្តទៅបានល្អ។ ម៉្យាងវិញទៀតការសម្រេចពន្យារនេះត្រូវស្នើសុំទៅព្រះរាជអាជ្ញាជាមុនសិន ហើយមិនអាចលើសពី២៤ម៉ោងទៀតឡើយ ដោយមិនគិតពីថិរវេលាចាំបាច់ក្នុងការដឹកជញ្ជូន ។ ចំពោះអនីតិជនការពន្យារពេលឃាត់ខ្លួនពុំអាចធ្វើឡើងបានឡើយ ។
២៖ ករណីឃាត់ខ្លួនអនីតិជន ការសម្រេចឃាត់ខ្លួនត្រូវបានកំណត់ថិរវេលាដូចខាងក្រោម៖
* ចំពោះអនីតិជនដែលមានអាយុ ១៤ ឆ្នាំ ដល់ក្រោម១៦ ឆ្នាំ ដែលប្រព្រឹត្តបទឧក្រិដ្ឋ មិនអាចត្រូវបានគេឃាត់លើសពីរយៈពេល ៣៦ ម៉ោងឡើយ ។
* ចំពោះអនីតិជនដែលមានអាយុ ១៦ ឆ្នាំ ដល់ក្រោម១៨ ឆ្នាំ ដែលប្រព្រឹត្តបទឧក្រិដ្ឋ មិនអាចត្រូវបានគេឃាត់លើសពីរយៈពេល ៤៨ ម៉ោងឡើយ ។
* ចំពោះអនីតិជនដែលមានអាយុ ១៤ ឆ្នាំ ដល់ក្រោម១៦ ឆ្នាំ ដែលប្រព្រឹត្តបទមជ្ឃិម មិនអាចត្រូវបានគេឃាត់លើសពីរយៈពេល ២៤ ម៉ោងឡើយ។
* ចំពោះអនីតិជនដែលមានអាយុ ១៦ ឆ្នាំ ដល់ក្រោម១៨ ឆ្នាំ ដែលប្រព្រឹត្តបទមជ្ឃិម មិនអាចត្រូវបានគេឃាត់លើសពីរយៈពេល ៣៦ ម៉ោងឡើយ ។
* ចំពោះអនីតិជនដែលមានអាយុក្រោម១៤ ឆ្នាំ ពុំអាចត្រូវបានគេឃាត់ខ្លួនឡើយ ។
ប្រសិនបើផុតរយៈពេលនៃការឃាត់ខ្លួនដែលច្បាប់បានអនុញ្ញាតនេះ បុគ្គលដែលត្រូវបានគេឃាត់ខ្លួនអាចត្រូវបានគេដោះលែងឲ្យមានសេរីភាពឡើងវិញ ឬបញ្ជូនខ្លួនទៅព្រះរាជអាជ្ញា ។
ជនដែលបានឃាត់ខ្លួនអាចមានសិទ្ធិជំនួយពីមេធាវី រឺបុគ្គលណាម្នាក់ដែលខ្លួនជ្រើសរើស លើកលែងតែជនទាក់ទិនក្នុងរឿងជាមួយគ្នា រយៈពេល២៤ ម៉ោងកន្លងផុតទៅតាំងពីពេលឃាត់ខ្លួន និងសិទ្ធិជំនួយពីគ្រូពេទ្យ ប្រសិនបើជាជនបរទេសអាចមានអ្នកបកប្រែពេលធ្វើកំណត់ហេតុផងដែរ ។
សរុបមក ការឃាត់ខ្លួនត្រូវធ្វើឡើងតាមនីតិវិធីច្បាប់ដែលបានបញ្ញត្តិ និង គោរពរតាមថិរវេលានៃការឃាត់ខ្លួន ប្រសិនបើការឃាត់ខ្លួនពុំធ្វើតាមលក្ខខណ្ឌដែលបានចែងទេនោះ ការឃាត់ខ្លួននិងត្រូវទុកជាមោឃៈ។
រៀបរៀងដោយ៖ កញ្ញាមេធាវី ទ្រី ស្រីលក្ខ័ណ និងលោក ឡេង ពុទ្ធិតារា ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖[email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕