(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះ លោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News សូមផ្ញើសារលិខិតរំលែកទុក្ខជូនក្រុមគ្រួសារ សាច់ញាតិ ជនរងគ្រោះទាំងអស់ ក្នុងឧបទ្ទវហេតុរលំបាក់អគារក្នុងខេត្តកែប។
នៅក្នុងលិខិតរំលែកទុក្ខរបស់លោក លឹម ជាវុត្ថា បានរៀបរាប់ថា «ក្នុងនាមថ្នាក់ដឹកនាំ បុគ្គលិកគ្រប់ជាន់ថ្នាក់ នៃអង្គភាពព័ត៌មាន Fresh News និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំពិតជាមានសេចក្តីរន្ធត់តក់ស្លុត យ៉ាងក្រៀមក្រំបំផុត ចំពោះឧបទ្ទវហេតុដ៏សោកសង្រេង នៃការបាក់រលំអគារកម្ពស់៦ជាន់នៅខេត្តកែប កាលពីល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ដែលមានជនរងគ្រោះចំនួន៥៩នាក់ ក្នុងនោះមានជនរងគ្រោះបាត់បង់ជីវិតចំនួន៣៦នាក់ និងរបួស២៣នាក់។
ខ្ញុំសូមចូលរួមសម្តែងនូវសមានទុក្ខដ៏សែនក្រៀមក្រំ និងសោកស្តាយជាទីបំផុត ជាមួយក្រុមគ្រួសារ និងសាច់ញាតិដែល បាត់បង់សមាជិករបស់ខ្លួនក្នុងឧបទ្ទវហេតុ ដ៏សោកសង្រេងនេះ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ អ្នកដែលបានបាត់បង់ជីវិត ទាំងអស់បានទៅកាន់សុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងជូនពរជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាលរបួស សូមឲ្យឆាប់បានជាសះស្បើយ ដើម្បីវិលមកទៅប្រកបជីវភាពរស់នៅជាធម្មតាឡើងវិញ»។