(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ រដ្ឋសភាកម្ពុជា និងក្រុមគ្រួសារ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះ ផ្ញើសារលិខិតចូលរួមសម្ដែងនូវការរំលែកទុក្ខ ជូនដល់ក្រុមគ្រួសារ សាច់ញាតិនៃសព និងជនរងគ្រោះទាំងអស់ ដែលទទួលរងគ្រោះក្នុងឧបទ្ទវហេតុរលំបាក់អគារនៅខេត្តកែប។
ក្នុងលិខិតរំលែកទុក្ខនេះ លោកស្រីបញ្ជាក់ថា៖ «ខ្ញុំ និងក្រុមគ្រួសារ ពិតជាមានសេចក្តីរន្ធត់តក់ស្លុត និងសោកស្តាយយ៉ាងក្រៃលែងបំផុតចំពោះសោកនាដកម្ម នៃការបាក់រលំអគារកំពស់ប្រាំពីរជាន់ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប ដែលបណ្តាលឱ្យមានការស្លាប់បាត់បង់ជីវិត និងរងរបួសដល់កម្មករ កម្មការិនី ជាច្រើននាក់ ដែលកំពុងបម្រើការងារនៅក្នុងការដ្ឋាននោះ កាលពីវេលាម៉ោង ៤:៣០ នាទីរសៀល ថ្ងៃទី ០៣ ខែ មករា ឆ្នាំ ២០២០ កន្លងទៅនេះ»។
លោកស្រី ឃួន សុដារី និងក្រុមគ្រួសារ សូមចូលរួមសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ ប្រកបដោយសេចក្តីសង្វេគជាពន់ពេកជាមួយក្រុមគ្រួសារសព និងសាច់ញាតិទាំងអស់ ដែលបានបាត់បង់ក្នុងហេតុការណ៍ដ៏សោកសៅនេះ និងសូមបួងសួងឱ្យដួងវិញ្ញាណក្ខន្ធអ្នកដែលបានបាត់បង់ជីវិតទាំងអស់នោះបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងសូមជូនពរដល់បងប្អូនជនរងគ្រោះទាំងអស់ ដែលកំពុងសម្រាកព្យាបាលរបួសសូមឆាប់ជាសះស្បើយ ដើម្បីវិលទៅប្រកបជីវភាពជាប្រក្រតីវិញ ។
ជាមួយគ្នានេះ លោកស្រីក៏បានសម្តែងការគាំទ្រនូវចំណាត់ការ និងការលះបង់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានខិតខំយ៉ាងសស្រាក់សស្រាំប្រមូលគ្រប់មធ្យោបាយ ដើម្បីពន្លឿនការស្វែងរកជនរងគ្រោះបានទាន់ពេលវេលា។
សូមបញ្ជាក់ថា អគារកម្ពស់៧ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប បានបាក់រលំនៅវេលាម៉ោងប្រមាណ ៤៖៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ។ ករណីរលំអគារនេះ បណ្តាលឱ្យមានមនុស្សស្លាប់៣៦នាក់(ស្រី១៤នាក់) និងរងរបួសធ្ងន់ស្រាល២៣នាក់ (ប្រុស១៥ ស្រី៨នាក់)។
អគាររលំបាក់នេះធ្លាប់ត្រូវបានមន្រ្តីជំនាញមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឃើញថា បានសាងសង់ខុសពីលិខិតអនុញ្ញាត កាលពីជិត១ខែមុន។ សំណង់អគារនេះម្ចាស់សំណង់ ឯក សារុន (ប្តី) និង ឈីវ សុធី (ប្រពន្ធ) មានលំនៅបច្ចុប្បន្នភូមិ ១ សង្កាត់៣ ក្រុងព្រះសីហនុ បានបើកការសាងសង់នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។
ទោះជាយ៉ាងនេះក្តី អ្នកទទួលម៉ៅការសាងសង់អគារដែលបាក់រលំនេះ បានបាត់បង់ជីវិត ដោយអគាររលំបាក់សង្កត់ ចំណែកឯម្ចាស់សំណង់ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់ផងដែរ៕