(ភ្នំពេញ)៖ គណៈកម្មការផ្សារច្បារអំពៅ បានអំពាវនាវដល់ម្ចាស់តូបប្រញាប់មកកក់លុយជាមួយអ្នកម៉ៅការ ចាប់ពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ រៀងរាល់ម៉ោងធ្វើការងារ។
ការអំពាវនាវនេះ ធ្វើឡើងខណៈលោក រស់ សុភ័ក្ត អភិបាលរងខណ្ឌច្បារអំពៅ ទទួលបន្ទុកការងារគ្រប់គ្រង់ផ្សារ និងការងារសំណង់ និងក្រុមការងារគណៈកម្មការគ្រប់គ្រងផ្សារច្បារអំពៅ ព្រមទាំងមន្ត្រីជំនាញសូរិយោដីខណ្ឌច្បារអំពៅ ចុះធ្វើការវាស់វែងប្លុងតូបផ្សារច្បារអំពៅ នៅក្នុងគម្រោងទី០២នេះ ជូនដល់អាជីវករផ្សារ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០។ ការសាងសង់តូបគិតរហូតមកដល់ពេលនេះ ក្រុមការងារសាងសង់ធ្វើបានប្រហែល៥០% ហើយ និងត្រូវបន្តវាស់វែងរហូតចប់រួចរាល់។
លោក គួច ចំណាន ប្រធានគណៈកម្មការផ្សារ បានបញ្ជាក់ថា «ក្នុងករណីបងប្អូនពន្យារពេលក្នុងការកក់ប្រាក់នោះ តូបលក់ដូររបស់បងប្អូន ក៏នឹងមានការយឺតយ៉ាវដែរ ដូចនេះសូមបងប្អូនរួសរាន់ឡើង»។
លោក រស់ សុភ័ក្រ្ត បានលើកឡើង ចំពោះការងារសាងសង់ផ្សារច្បារអំពៅសាជាថ្មីឡើងវិញ ទាំងគម្រោងទី១ ដោយបញ្ចប់ជាស្ថាពរនោះ និងបន្តសាងសង់គម្រោងទី២នេះ គឺអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងលោកអភិបាលខណ្ឌច្បារអំពៅ ចេង មុនីរ៉ា ដោយបានខិតខំជំរុញទៅដល់អ្នកទទួលម៉ៅការលើការងារសាងសង់អគារផ្សារច្បារអំពៅនេះ ដោយធ្វើយ៉ាងណាឲ្យបានហើយរួចរាល់តាមការគ្រោងទុក ដើម្បីឲ្យអាជីវករគាត់បានដំណើរការដាក់តាំងរាល់មុខទំនិញ ឬអីវ៉ាន់របស់ពួកគាត់នៅតាមតូបលក់ដូរអីវ៉ាន់នីមួយៗនោះដូចដើមឡើងវិញ បន្ទាប់ពីអាក់ខានលក់ដូរអីវ៉ាន់ពួកគាត់ មានរយៈពេលជាយូរយារមកហើយនោះ ក្រោយអគ្គីភ័យបំផ្លាញ។
លោកអភិបាលរងខណ្ឌច្បារអំពៅ បានបន្តទៀតថា ជានិច្ចកាលអាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌច្បារអំពៅ ព្រមទាំងប្រធានគណៈកម្មការគ្រប់គ្រងផ្សារច្បារអំពៅ បានចុះពិនិត្យលើការងារសាងសង់អគារផ្សារច្បារអំពៅនេះ តាំងពីគម្រោងទី១ត្រូវបញ្ចប់ និងបន្តគម្រោងទី២ ដែលកំពុងដំណើរការសាងសង់យ៉ាងមមាញឹកនោះ ដោយចុះពិនិត្យមើលជាប្រចាំ៕