(ភ្នំពេញ)​៖​ នៅថ្ងៃអាទិត្យ​ ១១កេីត​ ខែបុស្ស​ ឆ្នាំកុរ​ ឯកស័ក​ ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី​៥​ ខែមករា​ ឆ្នាំ​២០២០​ នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានទូលថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ​ សម្តេចព្រះមហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះវររាជមាតាជាតិខ្មែរ​ ដែលព្រះអង្គបានប្រោសប្រទាន​ព្រះរាជទ្រព្យ​ ២ម៉ឺនដុល្លារអាមេរិក​ ដល់​កាកបាទក្រហមកម្ពុជា​ សម្រាប់ជា​ព្រះរាជូបត្ថម្ភ​ដល់គ្រួសារជនរងគ្រោះដោយបាក់អគារនៅខេត្តកែប​។

សារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានខ្លឹមសារថា​ «ខ្ញុំម្ចាស់ ព្រមទាំងសហការីទាំងអស់នៃកាកបាទក្រហមកម្ពុជា មានសេចក្តីរីករាយឥតឧបមា ដោយបាន ទទួលព្រះរាជទ្រព្យ ចំនួន ២០,០០០ USD (ម្ភៃពាន់ដុល្លារសហរដ្ឋអាមេរិក) ដែលជាព្រះរាជទានដ៏ថ្លៃថ្លា របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពងខ្ពស់បំផុត តាមរយៈ សម្តចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះប​រមរាជវាំង សម្រាប់ជាព្រះរាជូបត្ថម្ភដល់គ្រួសារអ្នករងគ្រោះ​បាត់បង់ជីវិត និងអ្នករងរបួសដោយការបាក់រលំអគារ នៅខេត្តកែប កាលពីល្ងាចថ្ងៃទី០៣​ ខែមករា ឆ្នាំ២០២០។

ខ្ញុំម្ចាស់ សូមព្រះបរមរាជានុញ្ញាតថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុតថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីត ព្រះមហាក្សត្រ-ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ សូមព្រះមេត្តាប្រោសព្រះរាជទានព្រះពរជ័យ បវរមហាប្រសើរថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះបរមសុខគ្រប់ប្រការ គង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់សម្រាប់ប្រជារាស្ត្រ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជាកូនចៅ ជាទួត របស់ព្រះអង្គជ្រកកោនតរៀងទៅ»។

ខាងក្រោមនេះ​ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតថ្លែងអំណរព្រះរាជគុណរបស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ទូលថ្វាយ​ សម្តេចព្រះមហាក្សត្រី​ ព្រះវររាជមាតាជាតិខ្មែរ​ ជាទីគោរពសក្ការៈ​ដ៏ខ្ពង់ខ្ពស់បំផុត​៖