(កោះកុង)៖ ក្រោយបើកការប្រណាំងចេញពីរង្វង់មូលព្រឹទ្ធាចារ្យ សាយ ភូ ថង ប្រមាណ៥ម៉ោងរួចមក ក្រុមកីឡាករជាតិ-អន្តរជាតិ និងក្រុមរៀបចំព្រឹត្តិការណ៍នេះបានមកដល់ទីលើកំពូលភ្នំបូកគោ ខេត្តកំពតហើយ ក្នុងរយៈចម្ងាយប្រមាណ ១៧២.៥គីឡូម៉ែត្រ សម្រាប់ថ្ងៃទី២នៃព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកលើកទី១ តាមបណ្ដោយឆ្នេរសមុទ្រកម្ពុជា ឆ្នាំ២០២០នេះ។
ការបាញ់កាំភ្លើងបើកការប្រណាំងកង់ពិភពលោកនេះ ត្រូវបានធ្វើឡើងក្រោមវត្តមានលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការអូឡាំពិកកម្ពុជា (NOCC) នៅចំណុចវង្វង់មូលព្រឹទ្ធាចារ្យ សាយ ភូថង នាវេលាម៉ោង១១ព្រឹក ថ្ងៃទី។
ក្រោយជម្រុះតាំងពីថ្ងៃម្សិលមិញ មកដល់ពេលនេះកីឡាករដែលនៅបន្តចូលរួមប្រណាំងនៅសល់ប្រមាណ ៧៥នាក់។
នៅពេលមកដល់កំពូលភ្នំបូកគោ ក្រុមកីឡាករ និងក្រុមការងាររៀបចំព្រឹត្តិការណ៍នឹងសម្រាកនៅទីនោះមួយយប់ មុនបន្តប្រកួតនៅថ្ងៃទី៣ ដែលនឹងចាប់ផ្ដើមចេញដំណើរពីក្លោងទ្វារចូលឧទ្យានជាតិព្រះមុនីវង្ស បូកគោ ឆ្ពោះទៅខេត្តកែប ដែលជាទីបញ្ចប់នៃព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកលើកទី១ តាមបណ្ដោយឆ្នេរសមុទ្រកម្ពុជា រយៈពេល៣ថ្ងៃនេះ។