(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩នេះ បានផ្ញើសារលិខិតរំលែកទុក្ខជូនក្រុមគ្រួសារ សាច់ញាតិ ជនរងគ្រោះទាំងអស់ ក្នុងឧបទ្ទវហេតុរលំបាក់អគារក្នុងខេត្តកែប។ នេះបើយោងតាមសារលិខិតរំលែកទុក្ខ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។
សម្តេចពញាចក្រី ហេង សំរិន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងនាមសមាជិក សមាជិកា នៃរដ្ឋសភា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំពិតជាមានសេចក្តីរន្ធត់តក់ស្លុត និងសោកស្តាយយ៉ាងក្រៃលែងបំផុត ចំពោះសោកនាដកម្ម នៃការរលំបាក់អគារកាលពីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ដែលបណ្តាលឱ្យមានអ្នកបម្រើការងារនៅការដ្ឋាននោះ បានបាត់បង់អាយុជីវិតចំនួន៣៦នាក់ និងរងរបួសចំនួន២៣នាក់»។
សម្តេចបន្តថា «ខ្ញុំសូមចូលរួមសម្តែងនូវសមានទុក្ខដ៏សែនក្រៀមក្រំ និងសោកស្តាយជាទីបំផុត ជាមួយក្រុមគ្រួសារនៃសពទាំងអស់ និងសូមបួងសួងឱ្យដួងវិញ្ញាណក្ខន្ធ អ្នកដែលបាត់បង់ជីវិតទាំងអស់ បានសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងជូនពរដល់បងប្អូនជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាលរបួសសូមឲ្យឆាប់បានជាសះស្បើយ ដើម្បីវិលមកប្រកបជីវភាពរស់នៅជាប្រក្រតីឡើងវិញ។ សូមក្រុមគ្រួសារ និងសាច់ញាតិបងប្អូនកូនក្មួយជនរងគ្រោះទាំងអស់ ទទួលនូវការស្រឡាញ់រាប់អានបំផុតអំពីខ្ញុំ»។
សូមជម្រាបថា បន្ទាប់ពីចំណាយពេលបើកប្រតិបត្តិការ រុករកមនុស្សក្រោមអគាររលំនៅខេត្តកែប អស់រយៈពេលជិតជាង៤៣ម៉ោង ប្រតិបត្តិការរុករកសង្គ្រោះនេះ ត្រូវបានបិទបញ្ចប់ហើយ នៅម៉ោង១១៖៣៥នាទី ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះ។
រដ្ឋបាលខេត្តកែប បានបញ្ជាក់ថា ប្រតិបត្តិការនៃការរុករកជនរងគ្រោះ ប្រើរយៈពេលជិត០២ថ្ងៃ (៤៣ម៉ោង២០នាទី) ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ត្រូវបានបិទបញ្ចប់ជាស្ថាពរត្រឹមវេលាម៉ោង១១៖៣៥ថ្ងៃត្រង់ នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០។ តុល្យការជនរងគ្រោះ ដែលក្រុមការងារ បានជួយសង្គ្រោះយកចេញពីគំនរបាក់បែកនៃអគាររលំ មានចំនួនសរុប៥៩នាក់ (ស្រី២២នាក់) ក្នុងនោះបាត់បង់ជីវិតចំនួន៣៦នាក់ (ស្រី១៤នាក់) ក្នុងចំណោមជនរងគ្រោះទាំងនេះ មានក្មេងចំនួន០៦នាក់ (ក្មេងស្រី២នាក់) និងរងរបួសចំនួន២៣នាក់ (ស្រី០៨នាក់)។
ជាមួយគ្នានេះ រដ្ឋបាលខេត្តកែប ក៏សូមគោរពថ្លែងអំណរគុណ ចំពោះក្រុមការងារជួយសង្គ្រោះទាំងអស់ ដែលបានចំណាយពេលវេលា ប្រើអស់កម្លាំងកាយ កម្លាំងចិត្ត ក្នុងការជួយសង្គ្រោះជនរងគ្រោះចេញពីគំនរបាក់បែកនៃអគារដួលរលំនេះ៕