(ព្រះសីហនុ)៖ យ៉ាងហោចណាស់ មនុស្សចំនួន២នាក់បានស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុករថយកុងតឺន័របុកម៉ូតូមួយគ្រឿងនៅ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២០៤-២០៥ ស្ថិតនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះ។
មន្ត្រីនគរបាលមូលដ្ឋានបានប្រាប់ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះស្លាប់មនុស្ស២នាក់ គឺអ្នកបើកបររថយន្តកុងតឺន័រ និតងអ្នកបើកបរម៉ូតូនៅនឹងកន្លែងកើតហេតុតែម្តង។
មន្ត្រីនគរបាលមូលដ្ឋានបានប្រាប់ឲ្យដឹងបន្តថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយ រថយន្តកុងតឺន័រ ០១គ្រឿង អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ។ លុះដល់ចំណុចខាងលើបានបុកម៉ូតូ០១គ្រឿងម៉ាក HONDA SCOOPY អ្នកបើកបរឈ្មោះ អឹប សេថន ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទិសដៅផ្ទុយគ្នា បន្ទាប់រថយន្តធ្លាក់ផ្លូវក្រឡាប់ បណ្ដាលឲ្យឆាបឆេះតែម្តង។
មន្ត្រីនគរបាលរូបនោះ បានបញ្ជាក់ទៀតថាអ្នកស្លាប់រួមមាន៖
១៖ ឈ្មោះ អឹប សេថន អ្នកបើកបរម៉ូតូ ស្លាប់នៅនឹងកន្លែងកើតហេតុ។ ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារនៃសពយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ។
២៖ អ្នកបើកបររថយន្តកុងតឺន័រ មិនស្គាល់អត្តសញ្ញាណ ស្លាប់នៅនឹងកន្លែងកើតហេតុ (ឆេះគៀបជាប់ក្នុងក្បាលរថយន្ត)។ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវរកអត្តសញ្ញាណ។
សូមបញ្ជាក់ថា សមត្ថកិច្ចជំនាញកំពុងចាត់ចែង ជួយអន្តរាគមន៍ពន្លត់អគ្គីភ័យដែលឆេះរថយន្តកុងតឺន័របានរលត់ទាំងស្រុង ហើយក៏បានយកវត្ថុតាង រថយន្ត និងម៉ូតូ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់បណ្តោះអាសន្នដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕