(ភ្នំពេញ)៖ ក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សាលាបឋមសិក្សាប្លរ ស្ថិតក្នុងឃុំបរខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ លោកទេសរដ្ឋមន្រ្តី លី ធុជ ក្នុងនាមក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តរតនគីរី និងប្រជាពលរដ្ឋទូទាំងខេត្តរតនគីរី បានសម្តែងការសោកស្ដាយ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជូនចំពោះក្រុមគ្រួសារសព និងអ្នករងគ្រោះដោយសារបាក់រលំអគារ នៅខេត្តកែប។

ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តរតនគីរី និងប្រជាពលរដ្ឋទូទាំងខេត្តរតនគីរី លោកទេសរដ្ឋមន្រ្តី បានសម្តែងនូវការដឹងគុណ និងកត្តញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃទាំងថ្ងៃទាំងយប់ ដឹកនាំកំលាំងសរុបជួយសង្រ្គោះប្រជាពលរដ្ឋ រងគ្រោះដោយសារការបាក់រលំអគារ ៧ជាន់ នៅខេត្តកែប កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ដោយមិនខ្លាចការនឿយហត់ឡើយ។

គួរបញ្ជាក់ថា បន្ទាប់ពីចំណាយពេលបើកប្រតិបត្តិការ រុករកមនុស្សក្រោមអគាររលំនៅខេត្តកែប អស់រយៈពេលជិត ២ថ្ងៃមកនេះ ប្រតិបត្តិការរុករកសង្គ្រោះនេះ ត្រូវបានបិទបញ្ចប់ហើយ នៅរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តកែប ក៏បានចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការបិទបញ្ចប់ជាស្ថាពរនៃប្រតិបត្តិការរុករកជនរងគ្រោះ នៅក្រោមគំនរបាក់បែកអគាររលំ។

រដ្ឋបាលខេត្តកែប បានបញ្ជាក់ថា ប្រតិបត្តិការនៃការរុករកជនរងគ្រោះ ប្រើរយៈពេលជិត០២ថ្ងៃ (៤៣ម៉ោង២០នាទី) ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ត្រូវបានបិទបញ្ចប់ជាស្ថាពរត្រឹមវេលាម៉ោង១១៖៣៥ថ្ងៃត្រង់ នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០។ តុល្យការជនរងគ្រោះ ដែលក្រុមការងារ បានជួយសង្គ្រោះយកចេញពីគំនរបាក់បែកនៃអគាររលំ មានចំនួនសរុប៥៩នាក់ (ស្រី២២នាក់) ក្នុងនោះបាត់បង់ជីវិតចំនួន៣៦នាក់ (ស្រី១៤នាក់) ក្នុងចំណោមជនរងគ្រោះទាំងនេះ មានក្មេងចំនួន០៦នាក់ (ក្មេងស្រី២នាក់) និងរងរបួសចំនួន២៣នាក់ (ស្រី០៨នាក់)។

រដ្ឋបាលខេត្តកែប បានបញ្ជាក់ទៀតថា ចំពោះជនរងគ្រោះបាត់បង់ជីវិត ត្រូវបានក្រុមគ្រួសារមកបំពេញឯកសារ ដើម្បីទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី។ រដ្ឋបាលខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្តកែប សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះវត្តមានសម្តេចតេជោ ហ៊ុន សែន ដែលបានអញ្ជើញចុះត្រួតពិនិត្យ ដឹកនាំបញ្ជាផ្ទាល់នៅទីតាំងកើតហេតុ រយៈពេល២ថ្ងៃ២យប់ និងបានឧបត្ថម្ភជាសម្ភារៈថវិកាផងនោះ គឺពិតជាបានបង្ហាញនូវការ យកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់បងប្អូនកម្មករជាជនរងគ្រោះ និងក្រុមគ្រួសារជនរងគ្រោះ ហើយក៏ជាការលើកទឹកចិត្តដ៏ធំធេងដល់បងប្អូន គ្រប់ក្រុមការងារទាំងអស់ ដែលចូលរួមក្នុងបេសកកម្មករកជនរងគ្រោះ ដោយឧបទ្ទវហេតុដ៏សែនអាក្រក់នេះ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកែប ក៏សូមគោរពថ្លែងអំណរគុណ ចំពោះក្រុមការងារជួយសង្គ្រោះទាំងអស់ ដែលបានចំណាយពេលវេលា ប្រើអស់កម្លាំងកាយ កម្លាំងចិត្ត ក្នុងការជួយសង្គ្រោះជនរងគ្រោះចេញពីគំនរបាក់បែកនៃអគារដួលរលំនេះ៕