(កំពត)៖ ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក នៅតំបន់ឆ្នេរសមុទ្រកម្ពុជា លើកទី១ ដំណាក់កាលទី២ បានមកដល់ក្លោងទ្វាជើងភ្នំបូកគោ ខេត្តកំពតហើយ នៅមុននេះបន្តិច បន្ទាប់ពីចេញដំណើរពីរង្វង់លោកតាសាយភូថង ខេត្តកោះកុង កាលពីម៉ោង ១១ ព្រឹកមិញ
ប៉ុន្ដែការប្រកួតដំណាក់កាលទី២ លើចម្ងាយផ្លូវសរុប ១៧២.៨គីឡូម៉ែត្រនេះ នៅមិនទាន់ដល់គោលដៅនោះទេ ពោលគឺកីឡាករទាំងអស់ ត្រូវបន្ដជិះឡើងភ្នំបូកគោ រហូតដល់កំពូលភ្នំ ដែលជាទីផ្ដាច់ព្រ័ត្រ ខណៈថ្នាក់ដឹកនាំមានលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត កំពុងត្រៀមទទួលស្វាគមន៍ដំណើរទៅដល់របស់ក្បួនប្រណាំងរបស់កីឡាករជាតិ និងអន្ដរជាតិ ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានបញ្ជាក់ថា សម្រាប់ការចេញដំណើរពីរង្វង់មូលលោកតាសាយភូថង មកដល់ជើងភ្នំបូកគោ គឺមានចម្ងាយជាង ១០០គីឡូម៉ែត្រ ហើយកីឡាករទាំងអស់ បានធ្វើការប្រកួតប្រជែងប្រកបដោយសុវត្ថិភាព មិនមានហេតុការណ៍អ្វីកើតឡើងនោះទេ ហើយដំណើរការប្រកួតថ្ងៃទី២ នេះ ក៏ដំណើរការកាន់តែប្រសើរដែរ ពិសេសគឺមានអាជ្ញាធរ សមត្ថកិច្ច និងប្រជាពលរដ្ឋ បានចូលរួមសហការ និងអបអរសាទរក្បួនប្រណាំងតាមដងផ្លូវយ៉ាងច្រើនកុះករទៀតផង ។
គួរបញ្ជាក់ដែរថា មុនចាប់ផ្ដើមបាញ់កាំភ្លើងចេញដំណើរ ប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ច ក្រុមកីឡាករជាតិ-អន្តរជាតិ ក្រុមការងាររៀបចំព្រឹត្តិការណ៍ទាំងអស់គ្នា បានធ្វើការស្មឹងស្មាតគោរពវិញ្ញាណក្ខន្ដអ្នកដែលបានជួបឧប្បទ្ទវហេតុក្នុងគ្រោះថ្នាក់បាក់រលំអគារ នៅខេត្តកែប រយៈពេល ១នាទីផងដែរ ៕