(កំពង់ចាម)៖ លោក វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ៤១ឆ្នាំក្រោយថ្ងៃ៧មករា ធ្វើឲ្យប្រទេសជាតិយើង បានកែប្រែមុខមាត់ថ្មីជាបន្តបន្ទាប់ ប្រទេសមានសុខសន្តិភាព ស្ថិរភាពសង្គម សន្តិសុខស្បៀង និងកំណើនសេដ្ឋកិច្ច។
ការថ្លែងរបស់លោក វេង សាខុន បែបនេះធ្វើឡើងក្នុងឱកាសលោកអញ្ជើញអធិបតី ប្រារព្វមីទ្ទីញមហាជនអបអរ សាទរខួបអនុស្សាវរីយ៍លើកទី៤១ ទិវាជ័យជំនះ ៧មករា (៧មករា ១៩៧៩- មករា ២០២០) ព្រមជាមួយពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ពិធីនោះមានការអញ្ជើញចូលរួមពីសំណាក់ ប្រធាន អនុប្រធានក្រុមការងារ សមាជិកក្រុម ការងារ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បងប្អូនខ្មែរឥស្លាម យុវជន ស.ស.យ.ក កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាស្រុក ឃុំ ភូមិ និងបងប្អូនប្រជាពលរដ្ឋចំនួន៤៥០នាក់។
លោក វេង សាខុន បានពាំនាំនូវការផ្តាំផ្ញើសាក សួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចពញាចក្រី ហេង សំរិន និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ មកជូនបងប្អូនទូទាំងស្រុកកំពង់សៀម និងដោយឡែកបងប្អូនឃុំរំចេក និងជូនពរឲ្យបងប្អូនជួបតែពុទ្ធពរទាំង៤ប្រការ។
លោកបានរំលឹកជូនអង្គពិធី ដោយសង្ខេបអំពីគោលបំណង នៃការរៀបចំប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤១ នៃទិវាជ័យជំនះ៧មករា គឺជាថ្ងៃដែលគណបក្សប្រជាជនកម្ពុជា បានរំដោះប្រទេសជាតិ ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ហើយព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ គឺជាសក្ខីភាពមួយបង្ហាញអំពីស្មារតីគោរព ដឹងគុណដ៏ជ្រាលជ្រៅបំផុត ចំពោះកម្មាភិបាល និងប្រជាជន ដែលបានតស៊ូពុះពារធ្វើពលិកម្ម ប្រកបដោយវីរភាពដ៏អង់អាចក្លាហាន ដើម្បីឯករាជ្យ សន្តិភាព សេរីភាព អធិប តេយ្យភាព បូរណភាពទឹកដី និងវឌ្ឍនភាពនៃមាតុភូមិអង្គរ។ ៤១ ឆ្នាំបានកន្លងផុតទៅក៏ពិតមែន ប៉ុន្តែយើងមិនអាចបំភ្លេចបានឡើយ នូវស្រមោលអតីតកាលដ៏ខ្មៅងងឹតដែលពោរ ពេញទៅដោយទុក្ខវេទនា ឈឺចាប់ខ្លោចផ្សា និរាសព្រាត់ប្រាស់ បែកបាក់គ្រួសារ សម្លាប់រង្គាល អត់អាហារ ធ្វើការហួសកំលាំង មិនចាយប្រាក់ គ្មានផ្សារ វត្តអារ៉ាម សាលារៀន មន្ទីរពេទ្យ។ល។
លោកបានបញ្ជាក់បន្ថែមថា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្តេចតេជោ៤១ឆ្នាំ ក្រោយថ្ងៃ ៧មករា ធ្វើឲ្យប្រទេសជាតិយើង បានកែប្រែមុខមាត់ថ្មីជាបន្តបន្ទាប់ ប្រទេសមានសុខសន្តិភាព ស្ថិរភាពសង្គម សន្តិសុខស្បៀង និងកំណើនសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធសង្គម ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍គាំទ្រសំខាន់ៗ វារីអគ្គិសនី ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ការអប់រំ សុខាភិបាល កសិកម្ម ទេសចរណ៍ ពាណិជ្ជកម្ម ទំនាក់ទំនងអន្តរជាតិ សេវាសាធារណៈ មានការវិវឌ្ឍន៍រីកចម្រើនប្រែមុខមាត់ថ្មីជាបណ្តើរ សាកសមជាប្រទេសមានឯករាជ្យភាព អធិបតេយ្យភាព សាមគ្គីភាព បង្រួបបង្រួមជាតិ និងបូរណភាពទឹកដីទាំងនៅក្នុងតំបន់ និងលើឆាកអន្តជាតិ (យើងអរគុណ ស្រឡាញ់ និងការពារសន្តិភាពជារៀងរហូត)។
លោក វេង សាខុន ក្នុងឱកាសនោះបានស្នើសុំឲ្យប្រធាន អនុប្រធានក្រុមការងារគ្រប់លំដាប់ថ្នាក់ កងកំលាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋត្រូវ តែបន្តថែរក្សា ការពារសុខសន្តិភាព ស្ថិរភាពសង្គម ថែរក្សាសមិទ្ធផលសំខាន់ៗរបស់ជាតិ និងជាពិសេសទប់ស្កាត់ឲ្យខាងតែបាន និងមានប្រសិទ្ធភាព ចំពោះការព្យាយាមប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់របស់ពួកឧទ្ទាម៕