(ស្វាយរៀង)៖ ក្មេងស្រីម្នាក់ត្រូវសត្វឪម៉ាល់ទិចជាច្រើនកន្លែង បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ខណៈបានបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្ត ដើម្បីជួយសង្គ្រោះតែគ្រូពេទ្យអស់លទ្ធភាព ក្នុងការសង្គ្រោះដោយសារជាតិពិសរាលដាល់ពេញខ្លួន។ ករណីនេះបានកើតឡើងនៅវេលាម៉ោង១២៖០០នាទី ថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងភូមិថ្មី ឃុំសំបួរស្រុកស្វាយទាប ខេត្តស្វាយរៀង។
បើតាមឈ្មោះ វាសនា ត្រូវជាអុំបង្កើតរបស់ក្មេងស្រីរងគ្រោះ បានឲ្យដឹងថាក្មេងស្រីរងគ្រោះឈ្មោះ រៀម លីណា អាយុជាង៦ឆ្នាំ រៀនថ្នាក់ទី២ ជាសិស្សពូកែប្រចាំថ្នាក់។ នៅមុនពេលកើតហេតុក្មេងស្រីរងគ្រោះបានជិះកង់ទៅទិញនំក្នុងភូមិ នៅពេលដល់តូបលក់ចាប់ហ៊ួយ ក៏ឈប់កង់ក្បែសំបុកឪម៉ាល់ ស្រាប់តែហ្វូងសត្វឪម៉ាល់ផ្អើលមកទិចទៅលើក្មេងស្រីសុសពេញខ្លួន បណ្តាលឲ្យដួលនឹងដី។
ភ្លាមៗនោះ ក្មេងស្រីរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប។ ដោយគ្រូពេទ្យអស់លទ្ធភាពព្យាបាល ក៏បញ្ជូនបន្តមកមន្ទីរពេទ្យខេត្តនៅម៉ោង១៖០០ រលងអាធាត្រឈានចូលថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ ក៏បានដាច់ខ្យល់ស្លាប់ នៅវេលាម៉ោង៣៖០០នាទីទៀបភ្លឺតែម្តង។
ប្រភពបានបន្តទៀតថា ក្មេងស្រីរងគ្រោះមានឪពុកឈ្មោះ រៀម ណារិន អាយុ៣៥ឆ្នាំ និងម្តាយឈ្មោះ សឹម ស្រីណាក់ អាយុ២៧ឆ្នាំ មុខរបរជាកម្មកររោងចក្រ មានកូនពីនាក់នៅគ្រួសារ ហើយក្មេងស្រីរងគ្រោះជាកូនបង។
ប្រភពពីសាច់ញាត្តិក្មេងស្រីរងគ្រោះ បានបង្ហើបឲ្យដឹងថា គ្រូពេទ្យបង្អែកស្រុកស្វាយទាបពុំសូវយកចិត្តទុកដាក់ក្នុងការព្យាបាល ដោយទុកក្មេងស្រីរងគ្រោះទាល់តែធ្ងន់ធ្ងរ ទើបបញ្ជូនមកមន្ទីរពេទ្យខេត្ត។ បើបញ្ជូនបន្តមកមន្ទីរពេទ្យខេត្តបានទាន់ពេលនោះ ក្មេងគ្រោះប្រហែលជាមិនស្លាប់នោះទេ៕