(ភ្នំពេញ)៖ ថ្នាំញៀនចំនួន៧៧កញ្ចប់តូចៗ ក្នុងនោះមាន១កញ្ចប់ធំ ត្រូវបានដកហូតបានពីស្ត្រីជាជនសង្ស័យ២នាក់ នៅក្នុងប្រតិបត្តិការស្រាវជ្រាវបង្ក្រាបដោយកម្លាំងកងរាជអាវុធហត្ថខណ្ឌប្ញស្សីកែវ សហការជាមួយការិយាល័យកងរាជអាវុធហត្ថប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ។
បើតាមលោកវរសេនីយ៍ត្រី កាន់ សុខ មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌឫស្សីកែវ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះឲ្យដឹងថា ប្រតិបត្តិការតាមបង្ក្រាប ឈានដល់ការរកឃើញថ្នាំញៀន ចំនួន៧៧កញ្ចប់ ពីស្ត្រីជាជនសង្ស័យទាំង២នាក់ បានអនុវត្តឡើង២គោលដៅផ្សេងៗគ្នា និងទល់មុខគ្នា ស្ថិតនៅជួរមាត់ទន្លេ ត្រង់ចំណុចផ្ទះលេខ (២៥៩៣,២៥៨៧) ក្រុម៤ ភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ តាំងពីរសៀល រហូតដល់ល្ងាចថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០។
លោកវរសេនីយ៍ត្រី កាន់ សុខ បញ្ជាក់ថា ដោយមានកិច្ចសហការល្អ ក្នុងការស្រាវជ្រាវ ពីកម្លាំងរបស់លោកវរសេនីយ៍ទោ ប៉ាន់ សុភាព នាយការិយាល័យកងរាជអាវុធហត្ថប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ នៅក្នុងរង្វង់ប្រតិបត្តិការបង្ក្រាបជំហានដំបូង គឺឆែកឆេរផ្ទះជនសង្ស័យឈ្មោះ ហ៉ីម ម៉ៃសុំ ភេទស្រី អាយុ៦៣ឆ្នាំ ជនជាតិឥស្លាម បានរកឃើញថ្នាំញៀន ចំនួន៥៥កញ្ចប់ (ធំ១កញ្ចប់, តូច៥៤កញ្ចប់) ក្រៅពីរកឃើញកំប៉ុងសម្រាប់ទុកគ្រឿងញៀនចំនួន ២កំប៉ុង ទូរសព្ទដៃ ១គ្រឿង និងដាវចំនួន១។
លោកវរសេនីយ៍ត្រី មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌឫស្សីកែវ បញ្ជាក់ទៀតថា បន្ទាប់ពីឃាត់ខ្លួនស្ត្រីឈ្មោះ ហ៉ីម ម៉ៃសុំ ដកហូតថ្នាំញៀន ៥៥កញ្ចប់ កម្លាំងសមត្ថកិច្ចមានតម្រុយខ្លះៗ និងឈានទៅបន្តឆែកឆេរផ្ទះមួយទៀតនៅទល់មុខគ្នា រកឃើញថ្នាំញៀន ចំនួន២២កញ្ចប់បន្ថែមទៀត សរុប៧៧កញ្ចប់តូចៗ។ ក្នុងនោះមាន១កញ្ចប់ធំ ហើយឃាត់ខ្លួនស្ត្រីម្នាក់ទៀតឈ្មោះ លី ម៉ា អាយុ២៥ឆ្នាំ ជនជាតិឥស្លាមដូចគ្នា ក្រៅពីរកឃើញ ដបសម្រាប់ជក់គ្រឿងញៀនចំនួន១ ទូរសព្ទ័ដៃចំនួន ២គ្រឿង និងដែកកេះចំនួន២។
ទោះបីយ៉ាងណា ក្រោយប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ ជនសង្ស័យជាស្ត្រីទាំង២នាក់ និងវត្ថុតាងពាក់ព័ន្ធសកម្មភាពគ្រឿងញៀន បាននិងកំពុងស្ថិតក្រោមការសួរនាំ និងបន្តស៉ើបអង្កេត ពីកម្លាំងកងរាជអាវុធហត្ថខណ្ឌប្ញស្សីកែវ សហការជាមួយការិយាល័យកងរាជអាវុធហត្ថប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ ក្នុងការកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕