(កែប)៖ រដ្ឋបាលខេត្តកែប នៅរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការបិទបញ្ចប់ជាស្ថាពរនៃប្រតិបត្តិការរុករកជនរងគ្រោះ នៅក្រោមគំនរបាក់បែកអគាររលំ។
រដ្ឋបាលខេត្តកែបបានបញ្ជាក់ថា ប្រតិបត្តិការនៃការរុករកជនរងគ្រោះ ប្រើរយៈពេលជិត០២ថ្ងៃ (៤៣ម៉ោង២០នាទី) ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ត្រូវបានបិទបញ្ចប់ជាស្ថាពរត្រឹមវេលាម៉ោង១១៖៣៥ថ្ងៃត្រង់ នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០។ តុល្យការជនរងគ្រោះ ដែលក្រុមការងារ បានជួយសង្គ្រោះយកចេញពីគំនរបាក់បែកនៃអគាររលំ មានចំនួនសរុប៥៩នាក់ (ស្រី២២នាក់) ក្នុងនោះបាត់បង់ជីវិតចំនួន៣៦នាក់ (ស្រី១៤នាក់) ក្នុងចំណោមជនរងគ្រោះទាំងនេះ មានក្មេងចំនួន០៦នាក់ (ក្មេងស្រី២នាក់) និងរងរបួសចំនួន២៣នាក់ (ស្រី០៨នាក់)។
រដ្ឋបាលខេត្តកែបបញ្ជាក់ទៀតថា ចំពោះជនរងគ្រោះបាត់បង់ជីវិត ត្រូវបានក្រុមគ្រួសារមកបំពេញឯកសារ ដើម្បីទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី។
រដ្ឋបាលខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្តកែប សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានអញ្ជើញចុះត្រួតពិនិត្យ ដឹកនាំបញ្ជាផ្ទាល់នៅទីតាំងកើតហេតុ រយៈពេល២ថ្ងៃ២យប់ និងបានឧបត្ថម្ភជាសម្ភារៈថវិកាផងនោះ គឺពិតជាបានបង្ហាញនូវការ យកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់បងប្អូនកម្មករជាជនរងគ្រោះ និងក្រុមគ្រួសារជនរងគ្រោះ ហើយក៏ជាការលើកទឹកចិត្តដ៏ធំធេងដល់បងប្អូន គ្រប់ក្រុមការងារទាំងអស់ ដែលចូលរួមក្នុងបេសកកម្មករកជនរងគ្រោះ ដោយឧបទ្ទវហេតុដ៏សែនអាក្រក់នេះ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តកែប ក៏សូមគោរពថ្លែងអំណរគុណ ចំពោះក្រុមការងារជួយសង្គ្រោះទាំងអស់ ដែលបានចំណាយពេលវេលា ប្រើអស់កម្លាំងកាយ កម្លាំងចិត្ត ក្នុងការជួយសង្គ្រោះជនរងគ្រោះចេញពីគំនរបាក់បែកនៃអគារដួលរលំនេះ៕