(ត្បូងឃ្មុំ)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចំនួន៥៥៧នាក់ នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ បានបន្តចុះពិនិត្យព្យាបាលជំងឺ និងចែកថ្នាំជូនដោយឥតគិតថ្លៃ ដែលអំណោយថ្នាំពេទ្យដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ានី តំណាងរាស្ត្រវ័យក្មេង ប្រធានគណៈកម្មការទី៧ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា, ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចែកជូនដល់ប្រជាពលរដ្ឋចំនួន៥៧៨៩នាក់ (ប្រាំពាន់ប្រាំពីររយប៉ែតសិបប្រាំបួននាក់) នៅវិទ្យាល័យមេមត់ ភូមិសង្គមមានជ័យ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ព្រមទាំងមានអាហារសាមគ្គី និងចែកជូនអាហារសម្រន់ជានំបុ័ង និងទឹកសុទ្ធផងដែរ ។
ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនាឱកាសនេះ ដឹកនាំដោយលោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដោយមានការចូលរួមសហការពី៖ កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ តាមរយៈលោកស្រី ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ លោក ម៉ៅ ឌុង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ លោក ស្រី នី អភិបាលស្រុកមេមត់ ជាពិសេសគឺលោកគ្រូ និងអ្នកគ្រូពេទ្យ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី សាខាសកម្មជនក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញ និងមន្ទីរជុំវិញខេត្តដែលពាក់ព័ន្ធ។
ជំងឺដែលបានព្យាបាលជូនប្រជាពលរដ្ឋរួមមាន៖ ជំងឺទូទៅ ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឫសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ករ ជំងឺតម្រងនោម អេកូសាស្ត្រ ម៉ាស៊ីនផ្លុំរកមេរោគក្រពះតាមរយះខ្យល់ដង្ហើម វាស់ចង្វាក់បេះដូង ផ្នែកប្រព័ន្ធប្រសាទនិងបំបាត់ការឈឺចុកចាប់ មន្ទីរពិសោធន៍(វិភាគឈាម) វះកាត់តូច និងព្យាបាលរបួស ...។ល។
ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺកើតចេញពីស្មារតីមនុស្សធម៌សុទ្ធសាធ ស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែកផងដែរ។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។
សូមជម្រាបជូនថា ក្នុងរយៈពេល៨៥ខែ គិតចាប់ពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១២ ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះ គឺមានរយៈពេល៨ឆ្នាំមកហើយ ដែលគិតចាប់ពីថ្ងៃបង្កើត ដោយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋបាន ចំនួន២១១លើក ជាពិសេសដោយមានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានចូលរួមចំនួន៤២៧៥នាក់ (បួនពាន់ពីរយចិតសិបប្រាំនាក់) បានពិនិត្យ និងព្យាបាលជំងឺ ព្រមទាំងចែកថ្នាំដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋបានចំនួន៥០៧,០៦១នាក់ (ហាសិបម៉ឺនប្រាំពីរពាន់សូន្យរយហុកសិបមួយនាក់) ក្នុងនោះស្ត្រីមានចំនួន៣៤១៣៧៨នាក់ (សាមសិបបួនម៉ឺនមួយពាន់បីរយចិតសិប ប្រាំបីនាក់)។
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី មានលទ្ធភាពចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ តាមតំបន់មូលដ្ឋានដាច់ស្រយាល តាមខ្នងផ្ទះដោយផ្ទាល់នេះ គឺដោយសារតែមានការគិតគូរ ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋពីសំណាក់លោក ហ៊ុន ម៉ានី ដោយលោកបានគាំទ្រ ណែនាំ និងចង្អុលបង្ហាញប្រកបដោយសមានធម៌ ភាពឈ្លាសវៃ និងប្រកបដោយថាមពល ដើម្បីអោយសកម្មភាពមនុស្សធម៌នេះ កើតមានក្នុងន័យចង់ឃើញជនរួមជាតិមានសុខភាពល្អ ក្នុងពេលដែលប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ ដែលទាំងអស់នេះកើតចេញពីការតស៊ូ ការបូជាលះបង់អស់កម្លាំងកាយ កម្លាំងចិត្ត កម្លាំងប្រាជ្ញាពេលវេលា និងស្មារតីរបស់វិរថ្នាក់ដឹកនាំ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបិតាសន្តិភាពនៃកម្ពុជា ដែលបានផ្តល់ភាពសុខសាន្តដល់ប្រជាជន ដោយសម្តេចមានទេពកោសល្យពីកំណើតដឹកនាំប្រទេសជាតិ ចេញពីផេះផង់នៃរបបមហន្ធការឲ្យមានការរីកចំរើនដូចសព្វថ្ងៃ មានការផ្សះផ្សាបង្រួបបង្រួមជាតិ មានស្ថិរភាពជាតិ និងមានសុខសន្តិភាពពិតប្រាកដ ។
ដូចសព្វដងដែរ ប្រជាពលរដ្ឋសប្បាយរីករាយស្វាគមន៍ និងត្រេកអរឥតឧបមាចំពោះការចុះពិនិត្យនិងព្យាបាលជំងឺនេះ ជាពិសេស សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ និងសូមគោរពជូនពរលោក ហ៊ុន ម៉ានី និងក្រុមគ្រួសារ ព្រមទាំងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ទាំងអស់ សូមជួបនូវពុទ្ធពរទាំងប្រាំប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លាងឃ្លាតឡើយ ។
ជាមួយគ្នានោះដែរ លោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានសូមថ្លែងអំណរគុណ និងជូនពរដល់ លោកតា លោកយាយ ពុក ម៉ែ អ៊ុំ ពូ មីង បងប្អូន ទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់ពេលវេលា ។
លោកបន្ថែមថា «យើងទាំងអស់គ្នាសូមអរគុណសន្តិភាព និងគោលនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងប្តេជ្ញារួបរួមគ្នាថែរ ក្សាសុខសន្តិភាព និងស្ថិរភាពតាមគោលនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្សជានិច្ចនិរន្តន៍»៕