(ភ្នំពេញ)៖ អង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា (UN) បានសំដែងនូវការសោកស្តាយ និងសូមចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារជនរងគ្រោះក្នុងឧបទ្ទវហេតុ នៃការបាក់រលំអគារកម្ពស់៦ជាន់ នៅខេត្តកែប។
នៅលើ Facebook ផ្លូវការរបស់ខ្លួន UN ប្រចាំកម្ពុជាបានបង្ហោះសារយ៉ាងដូច្នេះថា «អង្គការសហប្រជាជាតិនៅកម្ពុជា សូមសំដែងនូវការសោកស្តាយយ៉ាងខ្លាំង ចំពោះឧបទ្ទវហេតុនៃការបាក់រលំអគារនៅខេត្ត កែប កាលពីថ្ងៃសុក្រ ទី៣ ខែមករា។ យើងខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះ និងសូមជូនពរដល់អ្នកដែលបានរងរបួស សូមបានឆាប់ជាសះស្បើយ។ ប្រព័ន្ធរបស់អង្គការសហប្រជាជាតិ ត្រៀមខ្លួនដើម្បីធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូទាំងអស់ដើម្បីកែលំអស្តង់ដារ សំណង់ និង សុវត្ថិភាព»។
សូមរំលឹកថា ករណីរលំបាក់អគារកម្ពស់ថ្មីនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ៤៖៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០។ អគារដែលបាក់រលំនេះ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប។
គិតរហូតដល់ម៉ោង៨៖២០នាទីព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះ ក្រុមអ្នកជួយសង្រ្គោះចម្រុះ បានរកឃើញជនរងគ្រោះ ដែលកប់នៅក្នុងគំនរអគារកម្ពស់៦ជាន់ រលំបាក់នៅខេត្តកែប ចំនួន៤៥នាក់ហើយ ដែលក្នុងនោះមានជនរងគ្រោះ២២នាក់បានស្លាប់ អ្នកនៅរស់រានមានជីវិត២៣នាក់។ ក្នុងនោះអ្នកស្លាប់២២នាក់ មានប្រុស១៣នាក់ និងស្រី៩នាក់៕