(បន្ទាយមានជ័យ)៖ នៅយប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានអញ្ជើញសួរសុខទុក្ខ និងផ្តល់ថវិកាមួយចំនួនដល់គ្រួសារសព ដែលរងគ្រោះរលំបាក់អគារនៅខេត្តកែប។ ទីតាំងផ្ទះគ្រួសារសពស្ថិតនៅភូមិដងត្រាង ឃុំចំណោម ស្រុកមង្គលបូរី ។
អភិបាលខេត្តបន្ទាយមានជ័យ បានចូលរួមសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បងសមាជិកគ្រួសារ ដោយសារហេតុការណ៍បាក់រលំអគារនៅខេត្តកែប ខណៈជនរងគ្រោះ បានចាកចេញពីស្រុកកំណើតទៅខិតខំធ្វើការ ដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារ។
គួរជម្រាបថា គិតត្រឹមយប់ថ្ងៃនេះ ជនរងគ្រោះ ២៩នាក់ត្រូវបានរកឃើញ និងយកចេញពីគំនរអគារបាក់រលំ ដោយអ្នកស្លាប់កើនឡើងដល់៧នាក់ និងរបួស២២នាក់ ខណៈក្រុមការងារសង្រ្គោះបន្ទាន់ កំពុងបន្តប្រតិបត្តិការស្វែងរកជនរងគ្រោះបន្ថែមទៀត។
អគារធ្វើពីស៊ីម៉ង់បេតុងសរសៃដែកកម្ពស់ ៦ជាន់ថ្មីនេះ បានបាក់រលំនៅម៉ោងប្រមាណ ៤៖៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ហើយក្នុងអគារនេះ ត្រូវបានគេសន្និដ្ឋានថា មានជនរងគ្រោះប្រមាណ ២០ទៅ៣០នាក់ ដែលជាអ្នកម៉ៅការ និងកម្មករសំណង់ដែលកប់ជាប់នៅក្នុងនេះបាក់រលំ។
អគារខាងលើនេះ ត្រូវបានសាងសង់រួចរាល់ប្រមាណជា៩០% ហើយដែលបានបាក់រលំនៅពេលដែលចាក់ប្លង់សេជាន់លើបង្អស់។ ប្រតិបត្តិការរុករកជនរងគ្រោះ មានការចូលរួមដោយកម្លាំងចម្រុះ ដែលក្នុងនោះមាន អាជ្ញាធរជាតិ និងថ្នាក់ខេត្ត កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យ ក្រុមអ្នកស្ម័គ្រចិត្តជាច្រើនរូប ក្រោមការបញ្ជាដឹកនាំផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន៕