(កំពង់ធំ)៖ ឧបករណ៍និស្សន្ទ គឺឧបករណ៍ហិរញ្ញវត្ថុថ្មីមួយនៅក្នុងទីផ្សារមូលបត្រកម្ពុជា ឬអាចនិយាយបានថា ជាឧបករណ៍គ្រប់គ្រងហាងឆេងផ្សេងៗ ក្នុងចង្វាក់ពាណិជ្ជកម្មមានដូចជា ការគ្រប់គ្រងលើ អត្រាប្តូររូបបិយប័ណ្ណហាងឆេងមាស និងទំនិញផ្សេងៗ។
ថ្លែងក្នុងពិធីសិក្ខាសាលាការស្វែងយល់អំពីឧបករណ៍និស្សន្ទ ក្នុងខេត្តកំពង់ធំនាថ្ងៃទី៤ ខែមករា ឆ្នាំ២០២០, លោក ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា អំពាវឲ្យប្រជាពលរដ្ឋ និងអាជីវករទាំងអស់ស្វែងយល់អំពីឧបករណ៍និស្សន្ទ មុនធ្វើការវិនិយោគសាច់ប្រាក់របស់ខ្លួនដែលមាន។
លោកបន្តថា ការជួញដូរឧបករណ៍និស្សន្ទ ប្រកបដោយភាពជោគជ័យ ទៅបានលុះត្រាតែ បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់មានសាច់ប្រាក់ដែលនៅសល់មានន័យថា សាច់ប្រាក់ដែលនៅសល់ក្រៅពីការចំណាយផ្សេងៗ ឬអាចនិយាយបានសាច់ប្រាក់ ដែលទុកនៅក្នុងធនាគារចាំយកអត្រាការប្រាក់។ ដូច្នេះសាច់ប្រាក់ទាំងអស់នៅសល់ទាំងនេះ អាចបង្វែរមកជាការជួញដូរជាមួយឧបករណ៍និស្សន្ទបាន ប៉ុន្តែអ្វីដែលចាំបាច់លោកអ្នកផ្ទាស់ត្រូវស្វែងយល់ឲ្យបានច្បាស់អំពីក្រុមហ៊ុនដែលស្របច្បាប់។
លោកបន្ថែមថា ដើម្បីការជួញដូរឧបករណ៍និស្សន្ទប្រកបដោយភាពជោគជ័យ អ្នកវិនិយោគិន ត្រូវស្វែងយល់អំពីក្រុមហ៊ុនស្របច្បាប់ដែលទទួលបានអាជ្ញាបណ្ណ ឬការអនុញ្ញាតពី គណៈកម្មការមូលបត្រកម្ពុជា ព្រមទាំងព័ត៌មានពាក់ព័ន្ធផ្សេងទៀត ដើម្បីចៀសវាងការ វិនិយោគជាមួយក្រុមហ៊ុនដែលមិនទទួលបានអាជ្ញាបណ្ណ ឬការអនុញ្ញាតស្របច្បាប់។
ក្នុងនោះភាគីក្រុមហ៊ុនចាំបាច់បំផុត ត្រូវធ្វើការផ្សព្វផ្សាយ ដល់អ្នកវិនិយោគិនទាំងអស់ឲ្យយល់ពីហានិភ័យ ដើម្បីទទួលបានគុណតម្លៃយូរង្វែង និងអាចទាក់ទាញការវិនិយោគកាន់តែមានភាពកើនឡើង មានការទុកចិត្តពីអតិថិជនរបស់ខ្លួន៕