(កណ្ដាល)៖ លោក ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្តកណ្ដាល បានជំរុញអ្នកសារព័ត៌មានទាំងអស់ ខិតខំកសាងស្នាដៃផលិតព័ត៌មានល្អៗ ព័ត៌មានមានប្រយោជន៍ដល់សង្គម ព័ត៌មានពិត និងចូលរួមប្រឆាំងព័ត៌មានក្លែងក្លែង តាមរយៈការផ្សាយតែរឿងពិតឥតលំអៀង។
លោកប្រធានមន្ទីរបានលើកឡើងយ៉ាងដូច្នេះ នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាល វិធីសាស្ត្រយកព័ត៌មានបែបស៊ើបអង្កេត ដែលរៀបចំឡើងដោយសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជានាថ្ងៃទី៤ ខែមករា ឆ្នាំ២០២០នេះ ដែលមានសមាសភាពចូលរួមពីក្រុមអ្នកសារព័ត៌មានប្រចាំខេត្តកណ្ដាលជាច្រើននាក់។
ក្នុងកម្មវិធីនេះ លោក ចាប វន្នី បានលើកឡើងទៀតថា ធ្វើជាអ្នកសារព័ត៌មាន បែបស៊ើបង្កេតទាមទារឲ្យមានការខិតខំស្វិតស្វាញ ក្លាហាន រិះរកចំណុច សត្យានុមត័ច្បាស់លាស់ ត្រឹមត្រូវប្រាកដប្រជា ថ្លឹងថ្លែង មិនលំអៀង មុនសំរេចយកទៅផ្សព្វផ្សាយ។
លោកបន្តទៀតថា ការរៀបចំវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈយកព័ត៌មានបែបស៊ើបអង្កេតសម្រាប់ អ្នកសារព័ត៌មានកម្ពុជានាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងន័យចែករំលែកនូវពុទ្ធិ ដើម្បីពង្រឹង និងពង្រីកកម្រិតសមត្ថភាពជំនាញវិជ្ជាជីវៈ ដល់អ្នកយកព័ត៌មាន ប៉ុណ្ណោះទេ ប៉ុន្តែវាបានឲ្យយើងទទួលបាននូវអ្វីដែលថ្មីប្លែក លឿន ទុកចិត្តបានទៀតផង។
លោកប្រធានមន្ទីរក៏បានបង្ហាញពីវិធីសាស្ត្រយកព័ត៌មានថា តើយើងគួរសរសេរបែបណាសម្រាប់ព័ត៌មានប្រភេទនេះ ជួនកាលមានព័ត៌មានមួយចំនួន មិនមែនយើងសុទ្ធតែអាចសរសេរត្រង់ៗ ឬតាមរឿងរ៉ាវដែលកើតឡើងភ្លាមៗ នោះបានទេ ដោយទាមទារឱ្យយើងតាមដានស្រាវជ្រាវរកប្រភព ឬអង្គហេតុ ដែលនៅពីក្រោយរឿងនោះឲ្យលំអិត ច្បាស់លាស់ប្រាកដប្រជា និងគ្រប់ជ្រុងជ្រោយជាមុនសិន ទើបពេលផ្សាយទៅមិនមានកំហុសឆ្គង ហើយស្របតាមវិជ្ជាជីវៈថែមទៀតផង។
ក្នុងកម្មវិធីនេះដែរលោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានលើកឡើងថា វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល ១ថ្ងៃ មានសិក្ខាកាមចូលរួមចំនួន ៦០នាក់ មកពីអង្គភាពសារព័ត៌មាន ២៥រាជធានី-ខេត្ត បណ្តុះបណ្តាលផ្តោតសំខាន់លើ ខ្លឹមសារ គន្លឹះសំខាន់ៗ វិធីសាស្ត្រ ក្នុងការស៊ើបអង្កេតយកព័ត៌មាន និងសរសេរព័ត៌មានបែបវិជ្ជាជីវៈ ដើម្បីចូលរួមលើកស្ទួយវិស័យសារព័ត៌មានយើងឲ្យមានតម្លៃ ពិសេសបង្កើនគុណភាពព័ត៌មាន គុណភាពអ្នកសារព័ត៌មាន ឈរលើគោលការណ៍សន្តិភាព និងវិជ្ជាជីវៈយ៉ាងពិតប្រាកដ៕