(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសដល់បងប្អូនប្រជាពលរដ្ឋ ដែលចាញ់បោកជនខិលខូច ចូលទៅកាប់គាស់ រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ដោយខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ ក្នុងដែនឧទ្យានជាតិព្រះសីហនុ «រាម» ត្រូវដកខ្លួនចេញជាបន្ទាន់ និងព្រមានចាត់វិធានការផ្លូវច្បាប់ ស្រាវជ្រាវរកអត្តសញ្ញាណមេក្លោង និងអ្នកពាក់ព័ន្ធ ដែលបំផុសចលនា ឱ្យមកទទួលខុសត្រូវចំពោះមុខច្បាប់ ដោយគ្មានការលើកលែងនោះឡើយ។ នេះបើតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែមករានេះ។
ការចេញមកព្រមានចាត់វិធានការ រដ្ឋបាលខេត្តព្រះសីហនុបែបនេះ ធ្វើឡើងបន្ទាប់ពីកាលពីម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សនៃឧទ្យានជាតិព្រះសីហនុ «រាម» បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាព រដ្ឋបាលស្រុកព្រៃនប់ និងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចុះធ្វើការរុះរើខ្ទមអនាធិបតេយ្យ ដែលបានសង់រំលោភយកដី នៅក្នុងតំបន់ការពារធម្មជាតិ ក្នុងដែនឧទ្យានជាតិព្រះសីហនុរាម ត្រង់ចំណុចខាងលិចក្បាលកោះខ្យង ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ប៉ុន្តែនៅពេលដែលក្រុមការងារធ្វើការរុះរើខ្ទម បានចំនួន០៣ខ្នង ស្រាប់តែមានក្រុមអនាធិបតេយ្យ ប្រមូលផ្តុំគ្នាប្រមាណជាង១០០នាក់ ប្រើហិង្សាតដៃមកលើកម្លាំងសមត្ថកិច្ច ដោយប្រើដបសាំង ដំបងដុតភ្លើង កាំបិត ពូថៅ និងចំពាមកៅស៊ូ ធ្វើការវាយប្រហារមកលើកម្លាំងសមត្ថកិច្ច បណ្តាលឱ្យប្រជាការពារចំនួន២នាក់រងរបួសធ្ងន់ និងកម្លាំងនគរបាល៣នាក់រងរបួសស្រាល។
រដ្ឋបាលខេត្តព្រះសីហនុសង្កត់ធ្ងន់ថា «សូមប្រកាសជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលចាញ់បោកជនខិលខូច ចូលទៅកាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ដោយខុសច្បាប់ សូមដកខ្លួនចេញជាបន្ទាន់ ជាមួយគ្នានេះផងដែរ រដ្ឋបាលខេត្ត នឹងចាត់វិធានការផ្លូវច្បាប់ ស្រាវជ្រាវរកអត្តសញ្ញាណមេក្លោង និងអ្នកពាក់ព័ន្ធ ដែលបំផុសចលនានេះឱ្យមកទទួលខុសត្រូវចំពោះមុខច្បាប់ ដោយគ្មានការលើកលែងនោះឡើយ»។
រដ្ឋបាលខេត្តព្រះសីហនុបញ្ជាល់ទៀតថា យោងច្បាប់ស្តីពីការការពារធនធានធម្មជាតិ ត្រង់មាត្រា៦២ និងមាត្រា៥៦ បានចែងថា ការកាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ជាបទល្មើសធនធានធម្មជាតិ និងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំ និងទោសពិន័យជាប្រាក់ចាប់ពី១៥លានរៀល ដល់១៥០លានរៀល៕