(កែប)៖ គិតត្រឹមម៉ោង៥៖៣០នាទីល្ងាច ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ ក្រុមអ្នកសង្រ្គោះ បានកាយរកឃើញជនរងគ្រោះសរុបទាំងអស់ ២៧នាក់ ចេញពីគំនរអគារនៅខេត្តកែប ក្នុងនោះមានជនរងគ្រោះស្លាប់៧នាក់បានស្លាប់ ខណៈការរុករកកំពុងបន្តយ៉ាងសកម្ម ដើម្បីរកអ្នកផ្សេងៗទៀតដែលកប់នៅក្នុងគំនរអគារនោះ។
សូមបញ្ជាក់ថា អគារកម្ពស់៧ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប បានបាក់រលំនៅវេលាម៉ោងប្រមាណ ៤៖៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ។ ជនរងគ្រោះប្រមាណ៣០-៤០នាក់ ដែលជាកម្មករសំណង់ ត្រូវបានគេសន្និដ្ឋានថា អាចត្រូវបានជាប់គាំងក្នុងគំនរអគារនេះ។
អគាររលំបាក់នេះធ្លាប់ត្រូវបានមន្រ្តីជំនាញមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឃើញថា បានសាងសង់ខុសពីលិខិតអនុញ្ញាត កាលពីជិត១ខែមុន។ សំណង់អគារនេះម្ចាស់សំណង់ ឯក សារុន (ប្តី) និង ឈីវ សុធី (ប្រពន្ធ) មានលំនៅបច្ចុប្បន្នភូមិ ១ សង្កាត់៣ ក្រុងព្រះសីហនុ បានបើកការសាងសង់នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។
រហូតដល់ពេលនេះ ម្ចាស់ការរដ្ឋានសំណង់អគារដែលបាក់រលំនៅខេត្តកែប កំពុងស្ថិតនៅក្រោមការសាកសួររបស់មន្ត្រីមានសមត្ថកិច្ច ក្រោមការដឹកនាំដោយ តំណាងអយ្យការ នៅស្នងការដ្ឋាននគរបាលខេត្តកែបផងដែរ៕