(កំពង់ចាម)៖ នៅរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩នេះ លោក វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងលោកស្រី ព្រមជាមួយសហការី បានបន្តដំណើរមកឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដើម្បីប្រគល់ផ្ទះសប្បុរសធម៌ទី៩ រួមជាមួយបច្ច័យ និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត ជូនលោកយាយ លូង សៀងហ៊ន និងនាំយកអំណោយកាកបាទក្រហមមកជូនដូនជី តាជីទីទាល់ក្រចំនួន២០នាក់ទៀតផងដែរ។
ផ្ទះនេះត្រូវបាន លោក វេង សាខុន និងលោកស្រី ម៉ក់ ស៊ីថា ព្រះនាគមុនីព្រះមេគុណខេត្ត ប៊ត តាំងឆេង ព្រះ មេគណខេត្តកំពង់ចាម ព្រះសទ្ធម្មញណ គង់ វិច្ឆិកា ព្រះមេគណស្រុកកំពង់សៀម លោក ចាយ បូរិន និងលោកស្រី សូ ភក្រ្តា ព្រមទាំងបុត្រ និងសមាជិកក្រុមប្រឹក្សាស្រុក និងសប្បុរសជនជិតឆ្ងាយសហការី បានជួយឧបត្ថម្ភថវិកាចំនួនជាង ៩លានរៀលសម្រាប់ធ្វើការកសាងផ្ទះថ្មីមួយខ្នងនេះ។
លោកយាយបានសម្តែងនូវទឹកចិត្តរំភើបឥតឧបមា លាយឡំដោយទឹកភ្នែក និងបានលើកម្រាមដៃ១០ បួងសួងគុណព្រះរតនត្រ័យ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោក លោកស្រី និងសមាជិកក្រុមការងារទាំង អស់ចំពោះសណ្តានចិត្តសប្បុរសធម៌ និងមនុស្សធម៌ដ៏ប្រពៃថ្លៃថ្លានេះ។
លោក ប៊ិន ឡាដា អភិបាលស្រុកបានរាយការណ៍ ជូនអង្គពិធីជ្រាបពីដំណើរការសាងសង់ និងសកម្មភាពការងារសប្បុរសធម៌សំខាន់ៗមួយចំនួនទៀត ដែលលោកប្រធានក្រុមការងារ លោកស្រី និងសហការីបានយកចិត្តទុកដាក់ និងគិតគូដោះស្រាយជូនបងប្អូនបានទាន់ពេលវេលាដូច ជាគ្រោះថ្នាក់ចរាចរ រន្ទះបាញ់ ខ្យល់កន្រ្តាក់ ភ្លើងឆេះផ្ទះ ចាស់ជរា ក្មេងកំព្រា ជនពិការ និងស្រ្តីមេមាយទីទាល់ក្រ។ កាយវិការ ប្រកបដោយសប្បុរសធម៌ គិតគូយកចិត្តទុកដាក់អំពីសុខទុក្ខ របស់ប្រជាពលរដ្ឋនៅមូលដ្ឋានដ៏ប្រពៃនេះ និងជាពិសេស ស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងនាមជាប្រធានក្រុមការងារ ធ្វើឲ្យប្រជាពលរដ្ឋស្រុកកំពង់សៀម ទាំងមូលរំភើបសប្បាយ រីករាយ សុខដុមរមនាក្រោមម្លប់សុខសន្តិភាពនេះ។
មានមតិសំណេះសំណាលជាមួយបងប្អូន ដែលបានអញ្ជើញមកចូលរួមអបអរសាទរនាឱកាសនេះ លោក វេង សាខុន ក្នុងនាមថ្នាក់ដឹកនាំក្រុមការងារចុះជួយស្រុកកំពង់សៀម និងស្រុកជើងព្រៃ លោកបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត សម្តេចពញាចក្រីប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា មកជូនបងប្អូន ពិសេសលោកយាយ និងសូមចូលរួមអបអរសាទរលោកយាយ ដែលទទួលបានផ្ទះថ្មី ហើយសម្តេចបានជូនពរឲ្យលោកយាយ និងបងប្អូនប្រជាពលរដ្ឋយើងជួបតែពុទ្ធពរទាំង៤ ប្រការគ្រប់ៗគ្នា។
ភ្ជាប់ជាមួយសមិទ្ធផលនេះ លោកបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ សមាជិកក្រុមការងារទាំងអស់ រួមទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ដែលបានយកចិត្ដទុកដាក់ គិតគូពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន និងជាពិសេសបានចុះដោះស្រាយបញ្ហាជូនលោក យាយបានទាន់ពេលវេលា ហើយកាយវិការសប្បុរសធម៌ និងវប្បធម៌ចែករំលែកនេះ បានបង្ហាញពីការទទួលខុសត្រូវខ្ពស់ របស់ក្រុមការងារ និងអាជ្ញាធរមូលដ្ឋានចំពោះបញ្ហាជីវភាព សេចក្តីសុខទុក្ខប្រចាំថ្ងៃរបស់បងប្អូន។
ភ្ជាប់ទៅនឹងការងារមនុស្សធន៌នេះ លោកបានលើកទឹកចិត្ត និងគាំទ្រគ្រប់សកម្មភាពទាំងអស់ ដែលចូលរួមដោះស្រាយទុក្ខលំបាក ដើម្បីចូលរួមកែលម្អកម្រិតជីវភាព និងអភិវឌ្ឍមូលដ្ឋានផ្ទាល់ ឲ្យកាន់តែរីកចម្រើន ក្រោមម្លប់សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិ និងសំណូមពរឲ្យប្រជាពលរដ្ឋថែរក្សា និងការពារឲ្យបាននូវសុខសន្តិភាពនេះ។
ជាថ្មីម្តងទៀត លោកបានណែនាំឲ្យសមាជិកក្រុមការងារគ្រប់លំដាប់ថ្នាក់ ត្រូវបន្តចុះមូលដ្ឋានឲ្យបានជាប់ជាប្រចាំ ដើម្បីតាមដានពីសុខទុក្ខ និងសេខក្តីត្រូវការគ្រប់បែបយ៉ាង រួចរួមគ្នាគិតគូដោះស្រាយ ចែករំលែកជូនប្រជាពលរដ្ឋជាបណ្តើរៗបានទាន់ពេលវេលា ទូលំទូលាយ និងមានប្រសិទ្ធភាព៕