(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានគូសបញ្ជាក់ តម្លៃនៃសន្តិភាព មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់សុខដុមនីយកម្ម ការអភិវឌ្ឍរីកចម្រើន ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រហើយកម្ពុជាបច្ចុប្បន្ន ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែនជាប្រមុខ គឺមិនមែនស្ថិតនៅក្នុងស្ថានភាពដូចអតីតកាលនោះឡើយ។
ការគូសបញ្ជាក់បែបនេះ របស់លោក ផាន់ ចាន់ធុល បានធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ ក្នុងឱកាសអញ្ជើញជាអធិបតី នៅក្នុងពិធីប្រកាសផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំង ប្រទេសលើកទី២៨ នៅវត្តពោធិមារ៉ាម ហៅវត្តប៉ាហ៊ី ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដោយមានការចូលរួមពីសំណាក់ព្រះមេគណខេត្តទាំង២គណៈ មន្ត្រីសង្ឃ ព្រះសង្ឃ មកពី គ្រប់វត្ត ថ្នាក់ដឹកនាំមន្ទីរជំនាញស្ថាប័នជុំវិញខេត្ត សិស្សានុសិស្ស យុវជនកាយរីទ្ធិ និងតាជីយាយជី ជាច្រើននាក់ផងដែរ។
លោកអភិបាលខេត្ត បានលើកឡើងថា ក្រោមបរិយាកាសសុខ សន្តិភាព និងស្ថេរភាពនយោបាយ ព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ន កំពុងធ្វើសមាហរណកម្មខ្លួនយ៉ាងសកម្មទៅក្នុងតំបន់ និងពិភពលោក ហើយបានក្លាយជាគោលដៅដ៏ទាក់ទាញសម្រាប់គម្រោងវិនិយោគតូចធំ និងទេសចរណ៍ ជាមួយកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ គិតជាមធ្យម ៧% ដែលបានជួយឲ្យកម្ពុជា ចាកផុតពីឋានៈប្រទេសដែលមានចំណូលកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ហើយកំពុងបន្តដំណើរក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ដោយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្រិតជីវភាពរបស់ប្រជាជនកាន់តែមានភាពល្អប្រសើរ ដែលឆ្លុះបញ្ចាំងតាមរយៈសូចនាករសង្គម ជាពិសេសការកើនឡើងនូវផលិតផលក្នុងស្រុកសរុប (GDP។
នៅក្នុងឱកាសនោះផងដែរ លោក ផាន់ ចាន់ធុល ក៏បានសំណូមពរដល់ថ្នាក់ដឹកនាំ និងមន្ត្រីសង្ឃខេត្តប៉ៃលិន ទាំង២គណៈពង្រឹងគុណភាព លើអភិបាលកិច្ច គ្រប់លំដាប់ថ្នាក់ក្នុងជួរមន្ត្រីសង្ឃ ដោយផ្សារភ្ជាប់ និងបច្ចេកវិទ្យាទំនើប ដើម្បីឱ្យកិច្ចការពុទ្ធសាសនា មានសណ្តាប់ធ្នាប់ល្អ ធានាបាននូវសាមគ្គីភាពក្នុងជួរពុទ្ធ សាសនិកជន ដែលជាគុណប្រយោជន៍ ដល់ការថែរក្សាការពារ សេចក្តីសុខសន្តិភាព ស្ថិរភាព សាមគ្គីភាព ក្តីសង្ឃឹមមលើកស្ទួយការកសាងជាតិ ឆ្ពោះទៅរកសេចក្តីថ្កុំថ្កើងរុងរឿង សម្បូរសប្បាយតរៀងទៅ។
ព្រះគ្រូរតនៈមុនី អ៊ា សុផន ព្រះមេគណគណៈមហានិកាយខេត្តប៉ៃលិន បានមានសង្ឃដីការលើកឡើងថា រយៈពេលកន្លងមកគណៈសង្ឃ ទាំងពីរគណៈ បានខិតខំធ្វើឲ្យវិស័យព្រះពុទ្ធសាសនា នៅក្នុងខេត្ត កាន់តែមានជំនឿជឿជាក់ពីប្រជាពលរដ្ឋពីមួយថ្ងៃទៅ មួយថ្ងៃ និងបានរួមចំណែកអភិវឌ្ឍន៍សង្គមទំាងខាងផ្នត់គំនិត គឺការអប់រំសីលធម៌ ចរិយាធម៌ គុណធម៌ សុជីវធម៌ ដល់ប្រជាពលរដ្ឋ ជាពិសេសចូលរួមចំណែកការងារមនុស្សធម៌ ដោយបានឧបត្ថម្ភសម្ភារថវិកា ដល់រដ្ឋបាលខេត្ត សម្រាប់ចែកជូនប្រជាពលរដ្ឋខ្វះខាត់ជីវភាព ព្រមទាំងរួមចំណែកកសាងនូវសមិទ្ធផលនានាជាច្រើនផងដែរ ហើយកត្តាទាំងនេះ គឺបានមកពីបរិយាកាសនៃសុខសន្តិភាព ក្រោមនយោបា យឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ធមន្រ្តីនៃកម្ពុជា។
សូមរំលឹកថា មុនសមាហរកម្ម ខេត្តប៉ៃលិន មានវត្តអារ៉ាមតែ១គត់ គឺវត្តរតនសោភ័ណ ហៅ វត្តកោងកាង ប៉ុន្តែបច្ចុប្បន្ន បើយោងតាមស្ថិតិរបស់លោក សំ សាវឿន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តប៉ៃលិន បានឱ្យដឹងថា ខេត្តប៉ៃលិន មានវត្តសរុបចំនួន ៣២វត្ត និងមានព្រះសង្ឃសរុប ចំនួន៣៧៤អង្គ៕