(ភ្នំពេញ)៖ រដ្ឋសភា នីតិកាលទី៦ បានបើកសម័យប្រជុំដំបូង នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បន្ទាប់ពីការបោះឆ្នោតជាសកល នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
ក្រោមការដឹកនាំដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធានរដ្ឋសភា លោកបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ និង លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី ជាអនុប្រធានទី២ រដ្ឋសភានីតិកាលទី៦ បានបំពេញតួនាទីការងាររបស់ខ្លួន តាមច្បាប់កំណត់ មានការងារនីតិកម្ម ភាពជាតំណាង ការតាមដានការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល ដោយជោគជ័យ។ ក្រៅពីការងារស្នូលខាងលើនេះ រដ្ឋសភាបាននិងកំពុងខិតខំ ពង្រីកកិត្យានុភាពសភាកម្ពុជា នៅលើឆាកអន្តរជាតិ តាមរយៈ វិស័យការទូតសភា ផងដែរ។
* ការងារនីតិកម្ម
នៅក្នុងរយៈពេលជាង១ឆ្នាំ ដើមនីតិកាលទី៦នេះ រដ្ឋសភាបើកសម័យប្រជុំបានចំនួន បីលើក។ បើកកិច្ចប្រជុំគណៈកម្មាធិការអចន្រ្តៃយ៍ ចំនួន២១ដង។ តាមរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា សម័យប្រជុំរដ្ឋសភាមួយលើកៗ មានថេរវេលា យ៉ាងតិចបីខែ។ រយៈពេលជាងមួយឆ្នាំមកនេះ រដ្ឋសភាបានប្រជុំអនុម័តសេចក្តីព្រាងច្បាប់បានចំនួន៣៨។ ច្បាប់ដែលរដ្ឋសភាបានអនុម័ត បានគ្របដណ្តប់លើវិស័យសំខាន់ៗ នៅក្នុងការដឹកនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាការធ្វើសមាហរណកម្មកម្ពុជា ទៅក្នុងតំបន់ និងអន្តរជាតិ នៅក្នុងការពង្រឹងពង្រីកវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គមកិច្ច ការងារបរិស្ថាន សន្តិសុខ សុវត្ថិភាព និងសកម្មភាពមនុស្សធម៌ ជាដើម។
ច្បាប់ដែលរដ្ឋសភាបានអនុម័តទាំងអស់ សុទ្ធតែជាច្បាប់ដែលមានសារៈសំខាន់បម្រើផលប្រយោជន៍ប្រទេសជាតិដូចជា ច្បាប់ថវិកាជាតិ ច្បាប់ស្តីពី របបសន្តិសុខសង្គម ច្បាប់ទាក់ទងនឹងការហាមឃាត់អាវុធគីមី ច្បាប់ស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់។ ច្បាប់ទាក់ទងនឹងការកំណត់ព្រំដែនរដ្ឋជាមួយប្រទេសជិតខាង។ ច្បាប់ស្តីពី សំណង់។ព្រមទំាងបានធ្វើ វិសោធនកម្មច្បាប់ស្តីពីសហជីព ដើម្បីឲ្យស្របនឹងបរិបទសង្គមជាតិ។
ច្បាប់ទំាងអស់ ដែលបានអនុម័ត បានក្លាយជាឯកសារគតិយុត្តជំរុញនីតិរដ្ឋ លើកស្ទួយសេដ្ឋកិច្ចជាតិ ធានាសុន្តិសុខ សមធម៌សង្គម គោរពសិទ្ធិសេរីភាព ប្រជាពលរដ្ឋ ការពារសហជីព និងអង្គការក្រៅរដ្ឋាភិបាល។
នៅក្នុងសម័យប្រជុំរដ្ឋសភា សមាជិកសមាជិការដ្ឋសភា តំណាងរាជរដ្ឋាភិបាល បានពិភាក្សាដេញដោលយ៉ាងល្អិតល្អន់ មុននឹងអនុម័តសេចក្តីព្រាងច្បាប់នីមួយៗ។ សំឡេងដើមសម័យប្រជុំរដ្ឋសភា (ពិភាក្សាគ្នា ឬ លើកឡើងពីការអភិវឌ្ឍប្រទេសជាតិ)
សូមជម្រាបថា ទំរាំសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់មួយៗ យកមកដាក់ជូនសម័យប្រជុំរដ្ឋសភាពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ឬសេចក្តីស្នើច្បាប់ទំាងនោះ ត្រូវឆ្លងកាត់ការពិនិត្យសិក្សាយ៉ាងស៊ីជម្រៅ នៅផ្ទៃក្នុងគណៈកម្មការជំនាញនៃរដ្ឋសភា ឬអន្តរគណៈកម្មការជំនាញនៃរដ្ឋសភា។ បន្ទាប់មក មានការពិនិត្យសិក្សា រវាងគណៈកម្មការជំនាញរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាលដោយមានការសួរដេញដោលឱ្យពន្យល់បកស្រាយច្បាស់លាស់ លើចំនុចមិនច្បាស់ ចំពោះមុខគណៈកម្មការជំនាញរដ្ឋសភា មុននឹងឯកភាពទទួលយកមកដាក់ជូនសម័យប្រជុំរដ្ឋសភាពិភាក្សា និងអនុម័ត។ មានសេចក្តីព្រាងច្បាប់ខ្លះ រដ្ឋសភាបានរៀបចំវេទិកាសាធារណៈ ដើម្បីទទួលយកមតិយោបល់ពីគ្រប់មជ្ឈដ្ឋាន ជាធាតុចូល បញ្ចូលក្នុងសេចក្តីព្រាងច្បាប់ផងដែរ។
នេះជាសិក្ខាសាលា ប្រមូលធាតុចូលនៅក្នុងសេចក្តីព្រាងច្បាប់ស្តីពី សំណង់ ដែលរៀបចំធ្វើនៅវិមានរដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
* ភាពជាតំណាងពលរដ្ឋ និងការតាមដាន
តំណាងរាស្រ្តក្នុងរដ្ឋសភា ជាតំណាងប្រជាជាតិខ្មែរទំាងមូលពុំមែនគ្រាន់ជាតំណាងប្រជាពលរដ្ឋនៅក្នុងមណ្ឌលខ្លួននោះទេ នេះជាការចែងយ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញ។ ក្រៅពីការបំពេញភារកិច្ចលើការងារនីតិកម្មហើយ សមាជិករដ្ឋសភា មានកាតព្វកិច្ចចុះសិក្សាស្វែងយល់សុខទុក្ខរបស់ម្ចាស់ឆ្នោតនៅទូទំាងប្រទេស។ ច្បាប់កំណត់ថា សម័យប្រជុំរដ្ឋសភាមួយលើកៗ មានរយៈពេលយ៉ាងតិច បីខែ។ ហើយចន្លោះពីសម័យប្រជុំមួយលើកទៅមួយលើក មានរយៈពេលបីខែ ដែរ។ រយៈពេលបីខែនេះ ត្រូវបានហៅថា ជាពេលវេលាវិស្សមកាល។ វិស្សមកាល មិនមានន័យថាសមាជិករដ្ឋសភា ត្រូវឈប់សម្រាកនោះទេ។ បើគ្មានការកោះប្រជុំជាវិសាមញ្ញនៅក្នុងពេលវិស្សមកាលនេះទេ ពេលឈប់សម្រាកពីការប្រជុំពេញអង្គនេះ ថ្នាក់ដឹកនាំរដ្ឋសភា ព្រមទំាងសមាជិកសមាជិការដ្ឋសភាទំាងអស់ បានចុះបំពេញការងារក្នុងនាមជាតំណាងពលរដ្ឋ។ សមាជិករដ្ឋសភា បានចុះតាមមណ្ឌល ខេត្តនានានៅទូទាំងប្រទេស ដើម្បីស្វែងយល់ សុខទុក្ខ តម្រូវការប្រជាពលរដ្ឋម្ចាស់ឆ្នោត ហើយចូលរួមដោះស្រាយ ឬពាំនាំជូនរាជរដ្ឋាភិបាលដោះស្រាយ។
នៅពេលវេលាវិស្សមកាលម្តងៗ ទំាងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា លោកបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា និងលោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា និងសមាជិកសមាជិការដ្ឋសភាទំាងអស់ បានចុះជួបប្រជាពលរដ្ឋ ចូលរួមកសាងសមិទ្ធផលនានា បម្រើឲ្យវិស័យពុទ្ធចក្រ អាណាចក្រ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ និងបានធ្វើសកម្មភាពមនុស្សធម៌ជាច្រើន ដូចជាចុះចែកអំណោយ ពេលពលរដ្ឋជួបគ្រោះធម្មជាតិ ទឹកជំនន់ គ្រោះរំាងស្ងួត ឬភ្លើងឆេះផ្ទះ ជាដើម។
នៅក្នុងពេលវិស្សមកាលនេះ ក៏ជាឱកាសសំខាន់មួយ ដែលគណៈកម្មការជំនាញរដ្ឋសភា ចុះសិក្សាស្វែងយល់វិស័យការងារដែលខ្លួនទទួលបន្ទុក ដោយចុះជួបពលរដ្ឋតាមសហគមន៍ ជួបថ្នាក់ដឹកនាំខេត្ត ក្រុង អាជ្ញាធរដែនដី។ ជួបក្រសួងមន្ទីរស្ថាប័នរដ្ឋ ថ្នាក់ជាតិ ក្រោមជាតិ។ ជួបអង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ រួមនឹងវិស័យឯកជនផងដែរ។
នៅក្នុងរយៈពេលជាង ១ឆ្នាំមកនេះ គណៈកម្មការនានារបស់រដ្ឋសភា បានចុះសិក្សាឈ្វេងយល់ពីការអនុវត្តច្បាប់និងវឌ្ឍនភាពការងារក្នុងវិស័យដែលខ្លួនទទួលបន្ទុកនៅតាមខេត្តក្រុងនានាទូទំាងប្រទេស ដើម្បីស្វែងយល់វិស័យការងាររបស់អាជ្ញាធរ ក្រសួងមន្ទីរ របស់រាជរដ្ឋាភិបាល ដូចការងារសិទ្ធិមនុស្ស ការប្រមូលពន្ធដា តាមច្រកព្រំដែន ការអភិវឌ្ឍន៍ បរិស្ថាន សុន្តិសុខ សណ្តាប់ធ្លាប់ ប្រព័ន្ធតុលាការ អប់រំ យុវជន វប្បធម៌ ទេសចរណ៍ សុខាភិបាល សង្គមកិច្ច ដឹកជញ្ជួន ទូរគមនាគមន៍ និងការប្រយុទ្ធប្រឆំាងអំពើពុករលួយជាដើម។
នៅក្នុងការបំពេញភារកិច្ចតាមដានការអនុវត្តច្បាប់នេះ រដ្ឋសភានីតិកាលទី៦ បាន អញ្ជើញ លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ មកឆ្លើយបំភ្លឺនៅចំពោះមុខសម័យប្រជុំរដ្ឋសភា ពីលទ្ធផលការងាររបស់ខ្លួន។ ក្រៅពីនេះ គណៈកម្មការជំនាញរដ្ឋសភាមួយចំនួន បានអញ្ជើញថ្នាក់ដឹកនាំក្រសួង និងស្ថាប័នមានសមត្ថកិច្ចរបស់រាជរដ្ឋាភិបាល ដែលមានវិស័យពាក់ព័ន្ធនឹងការទទួលខុសត្រូវ របស់គណៈកម្មការ ឲ្យមកឆ្លើយបំភ្លឺ បកស្រាយនិងបង្ហាញលទ្ធផលការងារ ទិសដៅការងាររបស់ខ្លួន ជូនរដ្ឋសភា ដែលជាស្ថាប័នតំណាងពលរដ្ឋបានដឹងផងដែរ។
* ការងារវិស័យការទូតសភា
វិស័យការទូតសភាគឺជាការធ្វើសមាហរណកម្មសភាកម្ពុជា ជាមួយសភាតំបន់និងពិភពលោក។ វិស័យការទូតសភា ជាការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការស្ថាប័ននីតិប្បញ្ញត្តិ ទាំងក្របខ័ណ្ឌពហុភាគីនិងទ្វេភាគីក្នុងការពង្រឹងយន្តការសភា ក្នុងការលើកកម្ពស់យន្តការសភា ក្នុងការចូលរួមដោះស្រាយបញ្ហារួម ជំរុញវប្បធម៌អហិង្សាដើម្បីធានាដល់ការអភិវឌ្ឍប្រកបដោយចីរភាព។
ក្រោមការដឹកនាំសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា រដ្ឋសភាកម្ពុជាបានខិតខំពង្រឹងពង្រីក វិស័យការទូតសភាទំាងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី។ ពហុភាគីគឺតាមរយៈ វេទិកាសភាធំៗ ដែលមានដូចជា អន្តរសភាអាស៊ាន (AIPA) សភាតំបន់អាស៊ី (APA) វេទិកាសភាអាស៊ី ប៉ាស៊ីហ្វិក (APPF) សភានិយាយភាសាបារំាង (APF) និងសហភាពអន្តរសភា (IPU) ជាដើម។
ក្នុងតួនាទីជាសមាជិកស្ថាបនិកនិងសកម្មនៃអង្គការ វេទិកាសភាទំាងនោះ ថ្នាក់ដឹកនាំ សមាជិកសភានៃព្រះរាជាណាចក្រកម្ពុជា ដែលមានព្រឹទ្ធសភា និងរដ្ឋសភា បានចូលរួមកិច្ចប្រជុំ មហាសន្និបាត ប្រចំាឆ្នាំ និងកិច្ចប្រជុំសំខាន់ៗ នៃវេទិកាសភាទំាងអស់នោះជាច្រើនលើកក្នុងមួយឆ្នាំៗ។ លើសពីនេះសភាកម្ពុជាធ្លាប់បានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំធំ តូច នៃវេទិកាសភាទំាងនោះជាបន្តបន្ទាប់។ តួយ៉ាងដូចជា នៅដើមឆ្នាំ២០១៩នេះ សភាកម្ពុជាបានធ្វើម្ចាស់ផ្ទះកិច្ចប្រជុំលើកទី២៧ នៃវេទិកាសភាអាស៊ី ប៉ាស៊ីហ្វិក (APPF) ដែលមានសភាជាសមាជិក២៧ប្រទេស។ នៅឆ្នាំ២០២០ ខាងមុខនេះទៀត សភាកម្ពុជាក៏នឹងទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំដៃគូសភាអាស៊ី អឺរុបលើកទី១១ ដែលគ្រោងអញ្ជើញសមាជិក៥៣ប្រទេសចូលរួមទៀតផង។
ក្នុងការពង្រឹងវិស័យការទូតសភា រឹតចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្ត សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩។
សម្តេចបានដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤០ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ចាប់ពីថ្ងៃទី២៥-៣០ ខែសីហា ឆ្នាំ២០១៩។ ចូលរួមកិច្ចប្រជុំថ្នាក់ប្រធានសភាអាស៊ី-អឺរ៉ុបលើកទី៤ នៅទីក្រុងAstana សាធារណរដ្ឋកាហ្សាក់ស្ថាន ចាប់ពីថ្ងៃទី២១-២៦ ខែកញ្ញា ឆ្នាំ២០១៩។
លោកបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាអញ្ជើញទៅចូលរួមកិច្ចប្រជុំ ក្រុមប្រឹក្សាប្រតិបត្តិលើកទី២ និងមហាសន្និបាតលើកទី១២ របស់សភាតំបន់អាស៊ី(APA) នៅទីក្រុង អានតាលីយ៉ា ប្រទេសតួកគី ចាប់ពីថ្ងៃទី១២-១៩ ខែធ្នូ ឆ្នាំ២០១៩ ។
ចំណែក លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា បំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី២១-២៥ ខែមីនា ឆ្នាំ២០១៩។ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចូលរួមកិច្ចប្រជុំវេទិកា គណបក្សនយោបាយអាស៊ីអឺរ៉ុបលើកទី៣ នៅក្រុងកូឡំបូ ប្រទេសស្រីលង្កា ចាប់ពីថ្ងៃទី៤-៨ ខែមេសា ឆ្នាំ២០១៩។ បានចូលរួមកិច្ចពិភាក្សាទល់មុខគ្នារវាងអន្តរសភាអាស៊ាន(អាយប៉ា) និងអាស៊ាន នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩។ បានចូលរួមមហាសន្និបាតលើកទី១៤១ របស់សហភាពអន្តរសភា នៅទីក្រុងប៊ែលក្រាត ប្រទេសស៊ែប៊ី ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩។ និងបានចូលរួមកម្មវិធីបិទពិព័រណ៌វប្បធម៌ពិភពលោកឃ្យុងយូឆ្នាំ២០១៩ នៅទីក្រុងឃ្យុងយូ សាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩។
ជាមួយគ្នានេះ ក្នុងមួយខែៗ ថ្នាក់ដឹកនាំរដ្ឋសភា សមាជិកសមាជិការដ្ឋសភា តែងតែទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូបរទេស អង្គទូត និងអង្គការស្ថាប័ននានា ជាប្រចំា។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងនាមប្រធានស្ថាប័ន សម្តេចបានបំពេញតួនាទីយ៉ាងសកម្ម នៅក្នុងការពង្រឹងវិស័យការទូតសភានេះ សម្តេច តែងតែទទួលជួបជាមួយគណៈប្រតិភូបរទេស និងបានអនុញ្ញាតឲ្យឯកអគ្គរដ្ឋទូត រាជទូត បណ្តាប្រទេសជាមិត្ត ចូលសម្តែងការគួរសម ឬជម្រាបលាក្រោយពេលបញ្ចប់បេសកកម្មការទូតពីកម្ពុជា។
នៅក្នុងការពង្រឹងវិស័យការទូតសភានេះ រដ្ឋសភាកម្ពុជាមាន គណៈកម្មការជំនាញមួយក្នុងការបំពេញបេសកកម្មការទូតនេះ នោះគឺគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការនិងព័ត៌មាន ដែលមាន លោក ឈាង វុន ជាប្រធាន ដោយបានធ្វើសកម្មភាពពង្រឹងវិស័យការទូតសភា ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។ ក្រៅពីគណៈកម្មការជំនាញរដ្ឋសភា សមាជិកសមាជិការដ្ឋសភា បានចូលរួមលើកកម្ពស់វិស័យការទូតសភា ទំាងក្របខណ្ឌពហុភាគី និងទ្វេភាគី។
ជាងមួយឆ្នាំបន្ទាប់ពីការផ្តល់សេចក្តីទុកចិត្ត និងការជឿជាក់ពីប្រជាពលរដ្ឋ រដ្ឋសភានីតិកាលទី៦ បានបំពេញតួនាទីជូនជាតិនិងម្ចាស់ឆ្នោតក្របដោយការទទួលខុសត្រូវខ្ពស់ ក្នុងក្របខណ្ឌជាតិនិងអន្តរជាតិ។ ជាមួយការប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការបម្រើពលរដ្ឋ រដ្ឋសភានីតិកាលទី៦ នៅមានរយៈពេល៤ឆ្នាំទៀត ក្នុងការបំពេញតួនាទីរបស់ខ្ឡួន ទៅតាមច្បាប់ ដែលមានជាធរមាន ក្រោមពាក្យស្លោកថា «រដ្ឋសភាកើតចេញពីប្រជាពលរដ្ឋ បម្រើប្រជាពលរដ្ឋ»៕