(ភ្នំពេញ)៖ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានសំណូមពរដល់ប្រជាជនពេលមកដើរលេងកម្សាន្តនាតំបន់មាត់ច្រាំងទន្លេកោះពេជ្រ ឬមកអង្គុយលេងកម្សាន្តជាលក្ខណៈក្រុមគ្រួសារ ឬមិត្តភក្រ្ត សូមឱ្យមេត្តាវេចខ្ចប់ទុកដាក់សំរាមដាក់តាមធុងសំរាមឱ្យបានត្រឹមត្រូវ និងចូលរួមសម្អាត និងធ្វើអនាម័យ បរិស្ថានទីក្រុងភ្នំពេញ ឱ្យកាន់តែស្អាតល្អប្រសើរថែមទៀត ឱ្យសក្ដិសមជាទីក្រុងបៃតង ពោលគឺទីក្រុងស្អាត អនាម័យ បរិស្ថានល្អ។

ការសំណូមពរបែបនេះ របស់លោក ថេង សុថុល បានធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលោកបានដឹកនាំកម្លាំង សណ្តាប់ធ្នាប់ប្រជាការពារខណ្ឌ និងសង្កាត់ទន្លេបាសាក់ ចុះធ្វើអនាម័យបរិស្ថាន ដោយជម្រះស្មៅ និងកាប់ព្រៃត្រែង កើបសំរាម នៅតាមច្រាំងដងទន្លេបាសាក់ខាងលិច កោះពេជ្រ ក្នុងមូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

នៅក្នុងឱកាសនោះដែរ លោក ថេង សុថុល ក៏បានលើកឡើងទៀតថា ក្រោយពីនាំគ្នាជម្រះស្មៅ កាប់ព្រៃត្រែង និងប្រម៉ែប្រមូលសំរាម តាមដងទន្លេខាងលើនោះរួចហើយនោះ ដោយកម្លាំងបន្តបោសសម្អាតបាញ់ទឹកលាងតាមដងផ្លូវនានា នៅតំបន់កោះពេជ្រ ឱ្យស្អាតល្អប្រសើរ មានផាសុខភាពស្របពេលនាថ្ងៃចុងសប្ដាហ៍នេះ សម្រាប់ប្រជាជនគាត់មកដើរលេងកម្សាន្តតំបន់កោះពេជ្រនេះ ច្រើនដោយស្រូបយកខ្យល់ អាកាសល្អបរិសុទ្ធពីដងទន្លេមេគង្គក្រោម និងទន្លេបាសាក់ និងដើរហាត់ប្រាណ ដើម្បីសុខភាពរឹងមាំ ហើយតំបន់កោះពេជ្រនាសព្វថ្ងៃនេះ គឺជាតំបន់ប្រមូលផ្ដុំគ្នា មកលេងកម្សាន្ត និងក៏ជាតំបន់ទេសចរណ៍ដោយភ្ញៀវជាតិ និងអន្តរជាតិគាត់ មកដើរលេងកម្សាន្ត ជាហូរហែរមិន ដាច់ជារៀងរាល់ថ្ងៃ ពិសេសនាថ្ងៃចុងសប្ដាហ៍ដូចជាថ្ងៃសៅរ៍ និងថ្ងៃអាទិត្យជាដើម ហើយក៏ជាកន្លែងប្រារព្ធពិធីសប្បាយផ្សេងៗ ផងដែរ៕