(ភ្នំពេញ)៖ វិស័យអចនទ្រព្យនៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ កំពុងតែបោះជំហាន និងរីកលូតលាស់ទៅមុខជាលំដាប់ ដែលវាស្របពេលនឹងកំណើនសេដ្ឋកិច្ច ក៏ដូចអ្នកវិនិយោគគិនក្នុងស្រុក និងក្រៅស្រុក កំពុងមានការកើនឡើង គួរឲ្យគត់សម្គាល់យ៉ាងខ្លាំងនោះ ហើយវាក៏ស្របពេល ដែលយុគសម័យខុនដូទំនើបបែបស៉ីវិល័យ និងទាន់សម័យនៅកម្ពុជា ជាពិសេសក្នុងរាជធានីភ្នំពេញ កំពុងមានហាងឆេងខ្ពស់ ឬអាចនិយាយបានថា ប្រជាជនកម្ពុជាមានជីវភាពកាន់តែធូរធារ ដែលធ្វើឲ្យពួកគាត់អាចមានលទ្ធភាព និងចង់បានការស្នាក់ នៅកម្រិតស្តង់ដារខ្ពស់ ដូចទៅនឹងស្តង់ដារពិភពលោកដែរនោះ។
ជាក់ស្តែងនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ ក្រុមហ៊ុនឌឹផ្លរ៉ា ដែលជាក្រុមហ៊ុនអចលនទ្រព្យខ្មែរក្នុងស្រុកដ៏ធំមួយ បានប្រារព្ធពិធីខួងគ្រឹះពិសោធន៍ដីទៅតាមប្រពៃណី ដើម្បីចាប់ផ្តើមត្រៀមគម្រោងការសាងសង អគារខុនដូរ ឌឹផ្លរ៉ា ស្វីត ដែលនឹងត្រូវចាប់ផ្តើមដំណើរការសាងសងជាផ្លូវការ និងលេចចេញជារូបរាង ក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ។
ឌឹផ្លរ៉ាស្វីត (The Flora Suites) គឺជាគម្រោងអគារខុនដូដ៏ប្រណិតធំមួយ លំដាប់ផ្កាយប្រាំ នៅក្នុងប្រទេសកម្ពុជា ដែលបញ្ជាក់ពីភាពអភិជន ភាពទាន់សម័យ និងការរស់នៅដ៏សម្បូរបែប។ ចំណុចពិសេសនៃខុនដូនេះ គឺទីតាំងស្ថិតនៅចំកណ្តាលសង្កាត់បឹងកេងកងទី១ ខាងត្បូងវិទ្យាល័យជាស៉ីម បឹងកេងកង លើផ្លូវលេខ៧១ កែង៣៩២ ដែលជាតំបន់ពោរពេញ ទៅដោយភោជនីយដ្ឋាន ហាងកាហ្វេ ផ្សារទំនើប ធនាគារសាលាអន្តរជាតិ ដែលផ្តល់ភាពងាយស្រួលក្នុងការរស់នៅ។
អគារខុនដូនេះ មានកម្ពស់ ៣៨ជាន់ មានទំហំអគារសរុប ២០,៧៨៦ម៉ែត្រការ៉េ ដែលជារចនាម៉ូដបែបទំនើប បំពាក់ទៅដោយកញ្ចក់ព័ទ្ធជុំវិញអគារ ដែលអាចឲ្យគេមើលឃើញនូវទេសភាព ជុំវិញរាជធានីភ្នំពេញបានយ៉ាងល្អ។ នៅជាន់ទី៧ នៃខុនដូឌឹផ្លរ៉ាស្វីត មានក្លឹបហាត់ប្រាណ អាងហែល ទឹក ស្ទីម សោណា យូហ្គា កន្លែងសម្រាប់ក្មេងលេង។ នៅជាន់ទី៣៦ មាន Sky Club ដែលមានជាភោជនីយដ្ឋាន លំដាប់អន្តរជាតិ ហាងកាហ្វេ បន្ទប់ប្រជុំ ដែលអតិថិជនមកស្នាក់នៅ អាចពិភាក្សាការងារផ្សេងបាន ដោយមិនចាំបាច់ចេញក្រៅ។
ចំណែកឯនៅជាន់ទី៣៧ មាន Sky Bar ដែលអាចទទួលទានអាហារ ហើយមើលទេសភាពរាជធានីភ្នំពេញ និងទន្លេមេគង្គបានផងដែរ។ ជាន់ទី៣៨ មាន Sky Restaurant គឺជាភោជនីយដ្ឋានដែលស្ថិតនៅជាន់កំពូលនៃអាគារ ដែលគេអាចគយគន់ទេសភាពថ្ងៃលិចបានយ៉ាងស្អាត។
គួរបញ្ជាក់ថា កាលពីថ្ងៃ២៣ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងមកនេះ ឌឹផ្លរ៉ាស្វីតបានធ្វើកម្មវិធី បើកលក់គម្រោងថ្មីរបស់ខ្លួន នៅសណ្ឋាគារ Rosewood នៃអាគារវឌ្ឍនៈ រាជធានីភ្នំពេញ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អតិថិជនកម្រិតវិអាយភី ឬលំដាប់អ្នកមាន ហើយបើគិតមកដល់ថ្ងៃនេះ ចំនួននៃការលក់ Unit ឌឹផ្លរ៉ាស្វីត មានការកើនឡើងជាលំដាប់ ពោលគឺរហូតដល់ជាង៤០% នៃចំនួន Unit ទាំងអស់។
ជាការកត់សម្គាល់ ឌឹផ្លរ៉ា (The Flora) គឺជាក្រុមហ៊ុនវិនិយោគ លើវិស័យអចលនទ្រព្យក្នុងស្រុកមួយ ដែលធ្វើការផ្គត់ផ្គង់លំនៅដ្ឋាន ទៅតាមតម្រូវការជាក់ស្តែងរបស់អតិថិជន គ្រប់ស្រទាប់វណ្ណៈ ក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងការសាងសង់អគារលំនៅដ្ឋាន តាមរយៈបុរីដ៏ទំនើបបំផុត ដែលមានការរចនាម៉ូត បែបខ្មែរ និងអឺរ៉ុប រួមបញ្ចូលគ្នា ក្នុងគោលបំណងផ្តល់ឲ្យអតិថិជនរស់នៅ ក្នុងលំនៅស្ថានដ៏ទំនើប ជាប្រភេទផ្ទះល្វែង វីឡា និងផ្ឬះល្វែងអាជីកម្ម ដែលមានគុណភាព និងប្រកបដោយសេចក្តីសុខ៕