(ត្បូងឃ្មុំ)៖ លោក អ៊ន ធារិទ្ធ ម្ចាស់ចំការស្វាយកែវរមៀតភូមិទួលប្រស់ ឃុំសេដា ស្រុកដំបែ ខេត្តត្បូងឃ្មុំបានឲ្យដឹងថា ដំណាំស្វាយប្រមាណ៥០០ដើម ដាំលើផ្ទៃដីប្រមាណ២ហិចតា អាចរកកម្រៃបាន១ម៉ឺនដុល្លារក្នុងមួយឆ្នាំ គិតជាមធ្យមដោយក្នុងនោះដំណាំស្វាយ ទទួលផលបានជាង២០តោន ហើយក្នុង១តោនតម្លៃ១,៨០០,០០០រៀល។
នេះបើតាមការបញ្ជាក់ប្រាប់របស់លោក អ៊ន ធារិទ្ធ ប្រាប់ដល់លោក វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្នុងឱកាសលោកបានអញ្ជើញមកពិនិត្យចំការស្វាយ កែវរមៀតរបស់កសិករ អ៊ន ធារិទ្ធ។
លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំបានឲ្យដឹងថា នៅទូទាំងខេត្តដំណាំស្វាយកែវរមៀតជាង៨០០ហិចតា កំពុងតែផ្តល់ផល និងប្រមូលផលផ្គត់ផ្គង់ទីផ្សារក្នុង និងក្រៅប្រទេសបណ្តើរៗ។
លោកប្រធានបន្តថា បច្ចុប្បន្នតម្លៃផលស្វាយចែកចេញជា២រួមមាន៖ ទី១៖ ផ្លែស្វាយស្រោបថង់តម្លៃ១,៨០០រៀលក្នុងមួយគីឡូក្រាម និងទី២៖ ផ្លែស្វាយទូទៅតម្លៃ៦០០-៨០០ រៀលក្នុងមួយគីឡូក្រាម។
ក្នុងនោះទី១ កសិករចុះកិច្ចសន្យា ជាមួយក្រុមហ៊ុនប្រមូលទិញ ដោយក្រុមហ៊ុនចុះមក អនុវត្តបច្ចេកទេស និងប្រមូលផលដោយផ្ទាល់ ហើយម្ចាស់ចំការជាអ្នកមើលថែទាំ។ ប្រភេទទី២ កសិករប្រមូលផលផ្គត់ផ្គង់ឲ្យរោងចក្រកែច្នៃ ក្នុងស្រុកផ្ទាល់តែម្តង។
ក្រោយពីបានចុះពិនិត្យចំការស្វាយរួច លោកប្រធាន វេង សាខុន បានចំណាយពេលជួប សំណេះសំណាលជាមួយកសិករ ដែលមានចំការស្វាយនៅក្នុងភូមិ បានសម្តែងនូវអំណរសាទរ ជាមួយកសិករដែលទទួលបានផលស្វាយ ព្រមជាមួយតម្លៃ និងចំណូលយ៉ាងល្អប្រសើរនាឆ្នាំនេះ។
លោក វេង សាខុន បានជម្រាបជូនបងប្អូនម្ចាស់ចំការ អំពីស្តង់ដារផលិតផលស្វាយ និងដំណើរការនៃការនាំចេញទាំងនីតិវិធីច្បាប់ និងបច្ចេកទេស ជាពិសេសបែបបទនៃ ការស្នើសុំវិញ្ញាបនបត្របញ្ជាក់អនាម័យ និងភូតគាមអនាម័យ (SPS) ដែលអគ្គនាយកដ្ឋានកសិកម្ម ជាអ្នកទទួលខុសត្រូវ។
លោកបានណែនាំឲ្យអគ្គនាយកដ្ឋានកសិកម្ម គួរធ្វើការសិក្សាស្រាវជ្រាវបន្ថែមអំពីពូជ និងជាពិសេសការប្រើប្រាស់ជី និងថ្នាំគីមីគ្រប់ប្រភេទប្រការក្រែងប៉ះពាល់ ដល់គុណភាពផលិតផលសម្រាប់នាំចេញ និងសុខភាពសាធារណៈ។
ដោយឡែកមន្ទីរត្រូវសហការ ជាមួយអគ្គនាយកដ្ឋានកសិកម្ម ជំរុញធ្វើការផ្សព្វផ្សាយ ការបណ្តុះបណ្តាលបច្ចេកទេសដាំ ការថែរក្សា និងការប្រមូលផល ដល់អ្នកផលិតឲ្យបានទូលំទូលាយ និងមានប្រសិទ្ធភាព ហើយព្រមជាមួយគ្នានេះ ក៏ត្រូវណែនាំឲ្យពួកគាត់ចងក្រងជាសហគមន៍ផលិត ដើម្បីធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុន ដោយអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា៕