(ភ្នំពេញ)៖ ដោយការយកចិត្តទុកដាក់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជនរងគ្រោះ ២នាក់ម្តាយកូន ដែលបានបញ្ជូនពីខេត្តកែប ក្រោយពីបាក់រលំអគារបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ និងស្រាលនោះ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ យកចិត្តទុកដាក់ ខណៈដែលជនរូបគ្រោះ ២រូបនេះ បាននិងកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ) នារាជធានីភ្នំពេញ។
លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងលោក អ៊ុក សុផល នាយកទីចាត់ការហិរញ្ញវត្ថុ នៃរដ្ឋបាលរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ បាននាំយកថវិកាចំនួន ៤លានរៀល ដែលជាថវិកាផ្ទាល់របស់លោក ឃួង ស្រេង មកប្រគល់ជូនដល់ជនរងគ្រោះ ឈ្មោះ ជុំ អន ហៅអូន អាយុន៣៥ឆ្នាំ និងកូនប្រុសឈ្មោះ សាយ ចិត្ត អាយុ១៥ឆ្នាំ បាននិងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះកុសុមៈ ដោយម្តាយរងរបួស បាក់ឆ្អឹងកំភួនដៃស្តាំ និងឆ្អឹងដើមដៃឆ្វេង។ រីឯ កូនរងរបួសស្រាល ក្រោយពីជនរងគ្រោះទាំង២រូបនេះ បានរងរបួសយ៉ាងធ្ងន់ និងស្រាលក្រោយពីបាក់រលំអាគារ កម្ពស់៦ជាន់ នៅទីក្រុងកែប។
ក្នុងឱកាសនោះពួកគាត់ទាំង២នាក់ ម្តាយ កូន បានថ្លែងអំណរគុណជាអនេកចំពោះ ការឧបត្ថម្ភថវិការបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
គួរជម្រាបថា រហូតមកដល់ពេលនេះ ជនរងគ្រោះ ២៧នាក់ត្រូវបានរកឃើញ ដោយមានស្លាប់ និងរបួសមួយចំនួន ខណៈក្រុមការងារសង្រ្គោះបន្ទាន់ កំពុងបន្តប្រតិបត្តិការគាស់រំលើងផ្ទាំងបេតុង កាត់សសៃដែករុករកជនរងគ្រោះបន្តទៀត។
សូមបញ្ជាក់ផងដែរថា អគារធ្វើពីស៊ីម៉ង់បេតុងសរសៃដែកកម្ពស់៦ជាន់ថ្មីនេះ បានបាក់រលំនៅម៉ោងប្រមាណ ៤៖៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ហើយក្នុងអគារនេះ ត្រូវបានគេសន្និដ្ឋានថា មានជនរងគ្រោះប្រមាណ២០ទៅ៣០នាក់ ដែលជាអ្នកម៉ៅការ និងកម្មករសំណង់ដែលកប់ជាប់នៅក្នុងនេះបាក់រលំ។
អគារខាងលើនេះ ត្រូវបានសាងសង់រួចរាល់ប្រមាណជា៩០% ហើយដែលបានបាក់រលំនៅពេលដែលចាក់ប្លង់សេជាន់លើបង្អស់។ ប្រតិបត្តិការរុករកជនរងគ្រោះ មានការចូលរួមដោយកម្លាំងចម្រុះ ដែលក្នុងនោះមាន អាជ្ញាធរជាតិ និងថ្នាក់ខេត្ត កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យ ក្រុមអ្នកស្ម័គ្រចិត្តជាច្រើនរូប ក្រោមការបញ្ជាដឹកនាំផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន៕