(ត្បូងឃ្មុំ)៖ លោក វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ បានអំពាវនាវដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ បន្តរួមគ្នាថែរក្សា ការពារសន្តិភាព ព្រោះមានសន្តិភាព ទើបមានអ្វីៗដូចសព្វថ្ងៃនេះ។

ការថ្លែងរបស់លោក វេង សាខុន ធ្វើឡើងក្នុងឱកាសដែលលោក អញ្ជើញជាអធីបតីភាពប្រារព្វមីទ្ទីញមហាជនអបអរ សាទរខួបអនុស្សាវរីយ៍លើកទី៤១ ទិវាជ័យជំនះ ៧មករា (៧មករា ១៩៧៩- មករា ២០២០) និង ការដាក់សម្ពោធទីស្នាក់ការបក្សឃុំត្រពាំងព្រីង។

ពិធីនេះមានការអញ្ជើញចូលរួម ពីសំណាក់ប្រធាន អនុប្រធានក្រុមការងារ សមាជិកក្រុមការងារ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បងប្អូនខ្មែរឥស្លាម យុវជន ស.ស.យ.ក កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាស្រុក ឃុំ ភូមិ និងបងប្អូនប្រជាពលរដ្ឋចំនួន៦០០នាក់ ដែលអញ្ជើញមកពីឃុំទាំង៧ នៃស្រុកតំបែរ។

ថ្លែងក្នុងឱកាសនោះ លោក វេង សាខុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចពញាចក្រី ហេង សំរិន និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ដែលតែងតែគិតគូរពីសេចក្តីសុខទុក្ខ និងបញ្ហាជីវភាពររបស់ ប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់ និងបានជូនពរឆ្នាំថ្មី ២០២០ និងជូនពរបងប្អូនប្រជាពលរដ្ឋជួបតែពុទ្ធពរទាំង ៤ប្រការកុំបីឃ្លាងឃ្លាតឡើយ។

លោក វេង សាខនុ រំលឹកដោយសង្ខេបអំពីថ្ងៃជ័យជំនះ ៧មករា ដែលជាថ្ងៃចាប់កំណើតទីពីរ របស់យើងគ្រប់ៗគ្នា បន្ទាប់ពីកម្លាំងស្នេហាជាតិ បានរួមសាមគ្គីគ្នាជាធ្លុងមួយ ធ្វើការតស៊ូរំដោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា ឲ្យរស់រានមានជីវិតឡើងវិញ ពីប្រល័យពូជសាសន៍ប៉ុលពត (៣ឆ្នាំ ៨ខែ និង២០ថ្ងៃ)។ ៤១ឆ្នាំកន្លងផុតទៅ យើងមិនអាចបំភ្លេច បាននូវអតីតកាលដ៏ខ្មៅងងឹត ពោរពេញដោយទុក្ខវេទនា ឈឺចាប់ខ្លោចផ្សា និរាសព្រាត់ប្រាស់ បែកបាក់គ្រួសារ អសន្តិសុខសង្គម សម្លាប់រង្គាល អត់អាហារ ធ្វើការហួសកំលាំង ក្រោមរបបប្រល័យពូជសាសន៍នេះ។

លោកបន្តថា ជាការពិតដោយសារមានថ្ងៃ ៧មករានេះហើយ ទើបយើងមានអ្វីៗគ្រប់បែបយ៉ាង គឺសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ននេះ «យើងស្រឡាញ់សន្តិភាព និងការពារសន្តិភាព»។ ក្រោយថ្ងៃ ៧មករា សន្តិសុខ ស្ថិរភាព សុវត្ថិភាពទូទាំងផ្ទៃប្រទេសមិនទាន់ បានធានារហូតមកដល់ឆ្នាំ១៩៩៨ ក្រោយពីបានអនុវត្តគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យប្រទេសយើងវិវឌ្ឍន៍រីកចម្រើនជាជំហានៗ រហូតមកទល់បច្ចុប្បន្នដូចអ្វីដែលយើងទទួលបាន គឺសុខសន្តិភាព ស្ថិរភាពសង្គម សេដ្ឋកិច្ច និងការអភិវឌ្ឍន៍ពេញលេញ។

 លោកបានបញ្ជាក់បន្ថែមថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌរបស់សម្តេចតេជោ ហ៊ុន សែន ៤១ឆ្នាំធ្វើឲ្យប្រទេសជាតិកែប្រែមុខមាត់ថ្មី ជាបន្តបន្ទាប់មកជាប្រទេសមានសុខសន្តិភាព ស្ថិរភាពសង្គម និងកំណើនសេដ្ឋកិច្ចថេរ៧% ជាប្រទេសផលិត ដើម្បីធ្វើការនាំចេញ។ ជាក់ស្តែងឆ្នាំ១៩៩៣ ពលរដ្ឋមានចំណូលត្រឹមតែ ២៥៤ដុល្លារ/ម្នាក់ តែ២០១៩ ចំណូលនេះកើនដល់១៦៧៩ ដុល្លារ/ម្នាក់ អត្រានៃភាពក្រីក្របានធ្លាក់ចុះ មកនៅត្រឹមក្រោម ១០% ហេដ្ឋា រចនាសម្ព័ន្ធគមនាគមន៍គាំទ្រសំខាន់ៗ មានស្ពាន ផ្លូវថ្នល់ កំពង់ផែរ ព្រលានយន្តហោះ វារីអគ្គិសនី ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ការអប់រំ សុខាភិបាល កសិកម្ម បានកើតឡើង និងរីកដុះដាលទូទាំងផ្ទៃប្រទេស ហើយបាន និងកំពុងបម្រើឲ្យសេចក្តីត្រូវរបស់សាធារណជន យ៉ាងទូលំទូលាយ និងមាន ប្រសិទ្ធភាព។

លោក វេង សាខុន បន្តថា នៅមិនទាន់គ្រប់គ្រាន់ រាជរដ្ឋាភិបាលបានបង្ហាញឆន្ទៈ ក្នុងការអនុវត្តន៍គោល នយោបាយធ្វើកំណែទម្រង់ដ៏ទូលំទូលាយ និងស៊ីជម្រៅដោយបន្តយកចិត្តទុកដាក់ លើវិស័យអាទិភាព៤ គឺមនុស្ស ផ្លូវ ភ្លើង និងទឹក និងអភិក្រមទាំង៥ របស់សម្តេចគឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» និងអភិក្រម «រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍-សហគមន៍»។ បន្តពង្រឹងគុណភាពអប់រំ វិទ្យាសាស្រ្ត បច្ចេកទេស និងការបណ្តុះបណ្តាលជំនាញ ការលើកកម្ពស់សេវាសុខភាពសាធារណៈ និងការគាំពារសង្គម។ បន្តកែលម្អប្រព័ន្ធឡូជីស្ទីក លើកកម្ពស់ការតភ្ជាប់ផ្នែកដឹកជញ្ជូន ថាមពល ឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទី៤។ លើកស្ទួយការប្រកួតប្រជែងសហគ្រាសធុនតូច និងមធ្យម លើស្ទួយវិស័យកសិកម្ម និងអភិវឌ្ឍជនបទ ការគ្រប់គ្រងនគរូបនីកម្ម និងការគ្រប់គ្រងធនធានធម្មជាតិ ព្រមទាំងការធានាចីរភាពបរិស្ថាន។ បន្តកាត់បន្ថយថ្លៃ និងការធានាស្ថិរភាពនៃការផ្គត់ផ្គង់អគ្គិសនី។ គោលនយោបាយ និងផែនការយុទ្ធសាស្រ្តទាំងអស់នេះ គឺរាជរដ្ឋាភិបាលបាន និងកំពុងអនុវត្តយ៉ាងយកចិត្តទុកដាក់ យកអស់កំលាំងកាយចិត្ត ប្រាជ្ញាស្មារតី ដោយឈរលើគោលការណ៍ អភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយចីរភាព និរន្តរភាព និងឈានឆ្ពោះទៅសម្រេចឲ្យ បាននូវចក្ខុវិស័យប្រែក្លាយប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នាឆ្នាំ២០៥០។

ដើម្បីដើរដល់គោលដៅ និងធ្វើយ៉ាងណាសម្រេចឲ្យបាននូវមហិច្ឆិតារបស់រាជរដ្ឋាភិបាល លោក វេង សាខុន ដែលជាប្រធានក្រុមការងារបានស្នើសុំឲ្យប្រធាន អនុប្រធានក្រុមការងារគ្រប់លំដាប់ថ្នាក់ កងកំលាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋត្រូវតែបន្តថែរក្សា ការពារសុខសន្តិភាព ស្ថិរភាពសង្គម ថែរក្សាសមិទ្ធផលសំខាន់ៗរបស់ជាតិយើង និងជាពិសេសទប់ស្កាត់ឲ្យខាងតែបាន និងមានប្រសិទ្ធភាព ចំពោះការព្យាយាមប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់របស់ពួកឧទាម។

លោកស្នើឲ្យក្រុមការងារគ្រប់លំដាប់ថ្នាក់ កងកំលាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន បន្តពង្រឹងសមត្ថភាព និងអភិបាលកិច្ច ដើម្បីធានាប្រសិទ្ធភាពសេវាសាធារណៈសំដៅ បម្រើប្រជាជនឲ្យបានកាន់តែប្រសើរឡើង មានប្រសិទ្ធភាព និងទាន់ពេលវេលា ស្របតាមអនុ សាសន៍របស់សម្តេចតេជោ ជាពិសេសអនុវត្តអនុក្រមទាំង៥ របស់សម្តេចគឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» និងបន្តពង្រឹង និងពង្រីកសាមគ្គីភាពផ្ទៃក្នុងបក្សជួយគ្នា សហការគ្នាគ្រប់កាលៈទេសៈ ដោយគ្មានលក្ខខណ្ឌ ជាពិសេសផ្តល់ភាពកក់ក្តៅ ជំនឿទុកចិត្ត ក្តីគោរពស្រឡាញ់ជូនដល់ប្រជាពលរដ្ឋរបស់យើង ឲ្យបានទូលំទូលាយ និងត្រូវបន្តពង្រីកកំលាំងមិត្ត បន្ថយកំលាំងសត្រូវ និងឈានទៅលុបបំបាត់ទាំងស្រុង។

ដោយឡែក សមិទ្ធផលថ្មីមួយទៀត គឺស្នាក់ការបក្សដែលឃុំត្រពាំងព្រីងទទួលបាននាពេលនេះ លោកបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ ក្រុមការងារចុះជួយឃុំ អាជ្ញាធរ សប្បុរសជន និងប្រជាពលរដ្ឋដែលបានចូលរូមសហការគ្នា ទាំងកំលាំង និងជាថវិកាដើម្បីកសាងស្នាក់ការបក្សនេះឡើង សម្រាប់បម្រើឲ្យពហុប្រយោជ័នក្នុងឃុំ។

លោកបានស្នើឲ្យអាជ្ញាធរឃុំ ជួយថែរក្សា ការពារសមិទ្ធផលនេះឲ្យបានគង់វង្សល្អសម្រាប់បម្រើឲ្យសកម្មភាពបក្ស និងសង្គមទាំងពេលបច្ចុប្បន្ន និងអនាគតតរៀងទៅ៕