(ភ្នំពេញ)៖ រដ្ឋបាលខេត្តកែប បានចេញសេចក្តីប្រកាសមួយជាថ្មីម្តងទៀត នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ ដោយថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវត្តមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានចុះត្រួតពិនិត្យ និងដឹកនាំបញ្ជាផ្ទាល់ នៅទីតាំងកើតហេតុទាំងកណ្តាលអាធ្រាត្រ ដែលបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់បំផុតជាមួយប្រជាពលរដ្ឋ។
សេចក្តីប្រកាសរបស់រដ្ឋបាលខេត្តកែបានឱ្យដឹងថា៖ តាងនាមឲ្យក្រុមការងារជួយសង្គ្រោះទាំងអស់ រដ្ឋបាលខេត្ត និងប្រជាពលរដ្ឋខេត្តកែប សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់បំផុត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញចុះត្រួតពិនិត្យ និងដឹកនាំបញ្ជាផ្ទាល់ នៅទីតាំងកើតហេតុទាំងកណ្តាលអាធ្រាត្រ ដែលបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់បំផុតជាមួយប្រជាពលរដ្ឋ ដែលសម្តេចតេជោ តែងពោលថា សម្ដេចមិនទុកប្រជាពលរដ្ឋចោលដោយគ្មានការទទួលខុសត្រូវនោះទេ ប្រជាពលរដ្ឋកាន់តែលំបាក សម្ដេចកាន់តែទៅកៀក។
រដ្ឋបាលខេត្តកែបបានបន្តថា វត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ពិតជាបានផ្តល់នូវកម្លាំងចិត្តដ៏ធំធេងដល់ក្រុមគ្រួសារជនរងគ្រោះ និងលើកទឹកចិត្តដល់បងប្អូនក្រុមការងារកំពុងចូលរួមយ៉ាងសកម្មក្នុងប្រតិបត្តិការរុករកជនរងគ្រោះនៅសល់ក្រោមគំនរអគារបាក់រលំនេះ ឲ្យកាន់តែបានឆាប់រួចរាល់ជាស្ថាពរ។
ជាមួយគ្នានេះ អាជ្ញាធរខេត្ត ក៏បានចាត់វិធានការតាមច្បាប់ចំពោះម្ចាស់សំណង់ដែលបាក់រលំ ស្រប
ពេលដែលរាជរដ្ឋាភិបាល សម្រេចបង្កើតគណៈកម្មការធ្វើកោសល្យវិច័យអគារ នៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ដែលបាក់រលំកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ នេះផងដែរ។
ដោយឡែក សកម្មភាពជួយសង្គ្រោះ ដល់ជនរងគ្រោះរបស់កម្លាំងក្រុមការងារជួយសង្គ្រោះ បាន និងកំពុងតែ បន្តសង្គ្រោះរហូតយកជនរងគ្រោះចេញអស់ពីក្រោមគំនរបាក់បែក នៃអគារបាក់រលំ ក្រោមការបញ្ជាផ្ទាល់ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តកែប៖